ព័ត៌មានជាតិ

អ្នកវិភាគផ្តាំ ទៅសហជីពមួយចំនួន ឱ្យឈប់កាន់ក្បាលមេក្រូ ស្រែកតាមផ្លូវ ព្រោះមិនមែនជា ដំណោះស្រាយឡើយ

ភ្នំពេញ៖ ក្រុមអ្នកវិភាគ នៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ការកាន់ក្បាលម៉េក្រូដើរតាមផ្លូវស្រែកពីចំងាយ និងការចេញរបាយការណ៍ ទៅខាងក្រៅវាយប្រហារពីប្រទេសរបស់ខ្លួនមិនមែន ជាដំណោះស្រាយល្អនោះទេ តែការខិតជិតរកគ្នារវាងសហជីព និងរាជរដ្ឋាភិបាលទៅវិញទេ ដែលជាការស្វែងរកដំណោះស្រាយល្អ ការពារផលប្រយោជន៍រួមរបស់ជាតិ។

ការលើកឡើងបែបនេះ បន្ទាប់ពីគេសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការនាអាណត្តិ៧នេះ បានជួបគ្នាជារើយៗ ជាមួយសហជីព​ ក្នុងគោលបំណង ដើម្បីពិភាក្សាការងារ និងដាក់បញ្ហានៅលើតុ ដើម្បីរកដំណោះស្រាយជុំគ្នា ជៀសជាងធ្វើសកម្មភាពនានា ដែលបង្កអសន្តិសុខសង្គម។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានសហជីពមួយក្តាប់តូច នៅតែប្រកាន់គោលជំហរបែបនេះ ។ 

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សហជីពមួយចំនួនតូចគួរឈប់ កាន់ក្បាលមេក្រូស្រែកតាមផ្លូវព្រោះវាមិនមែនជាដំណោះស្រាយល្អឡើយ ។ យន្តការចូលជជែកទល់មុខគ្នា ដាក់បញ្ហានៅលើតុមូល ធ្វើយ៉ាងណាការពារផលប្រយោជន៍ជាតិទាំងមូលទៅវិញទេ ដែលជាតម្រូវការពិតប្រាកដរបស់បងប្អូនកម្មករនិយោជិតនៅក្នុងស្រុក ។

លោកពន្យល់ថា រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាសហជីពទាំងអស់ នៅក្នុងស្រុកបាននិងកំពុងអនុវត្តតួរនាទី និងមានគោលបំណង តែមួយគត់នោះគឺការការពារសិទ្ធិរបស់បងប្អូនកម្មករនិយោជិត និងរក្សាស្ថេរភាពការងារនៅកម្ពុជា ។ ដូច្នេះហើយភាពស្និទ្ធស្នាល និងការចេះជជែកគ្នារកដំណោះស្រាយ រួមទាំងការពារផលប្រយោជន៍រួមជារឿង មួយសំខាន់ណាស់នាពេលបច្ចុប្បន្ន ។

សម្រប់លោកបណ្ឌិតរូបនេះបានលើកឡើងទៀតថា៖ «ខ្ញុំគិតថាជាការល្អណាស់សម្រាប់សហជីព និងបរិយាកាសនយោបាយសង្គម និងជាពិសេសនោះគឺការផ្តល់ផលចំណេញ ដល់បងប្អូនកម្មករនិយោជិតនៅក្នុងស្រុកតែម្តង នោះគឺស្រួលធ្វើការ មិនមានការផ្ទុះសារ៉ាយបញ្ហាផ្សេងៗ ជាក់ស្តែងលើទស្សនសហជីពហ្នឹង ! ។ ជារួមខ្ញុំវាយតម្លៃថាល្អបើភាគីទាំងពីរនេះចេះអង្គុយជជែកគ្នាដោយសន្តិវិធី » ។

លោកបណ្ឌិតបានបន្ថែមថា៖ «បញ្ហាវាកើតឡើងរវាងមនុស្ស និងមនុស្ស បើទោះបីបញ្ហានោះធំប៉ុណ្ណា តានតឹងយ៉ាងណាក៏ដោយ ឱ្យតែយើងចេះអង្គុយតទល់គ្នា ដោះស្រាយបានបន្តិចៗទៅ គង់តែបង្កើតបានបរិយាកាសល្អនោះទេ ។ ពិតណាស់វានៅតែមានគំនិតខ្វែងគ្នា និងការមិនយល់ស្របគ្នាកន្លែងខ្លះនៅតែបន្តកើតមាន ក៏ប៉ុន្តែវាគង់តែកាត់បន្ថយ ប្រសិនបើយើងអង្គុយតទល់គ្នា ជជែកគ្នាផ្ទាល់» ។

សម្រាប់លោកបណ្ឌិតបានសង្កត់ធ្ងន់ថា យោងតាមស្ថានភាពកម្ពុជាបច្ចុប្បន្ននេះ កម្ពុជាត្រូវការជាចាំបាច់ណាស់នូវយន្តការបែបនេះ ពីព្រោះកាលណាភាគីទាំងពីរ មានគំនិតស្របគ្នានោះវាធ្វើឱ្យបរិយាកាសវិនិយោគនៅក្នុងស្រុកល្អ ជាពិសេសនៅក្នុងអំឡុង ពេលស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងតែជួបបញ្ហាមកពីសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាធំមួយចំនួនទៀត ។ ដូច្នេះភាគីសហជីព និងរដ្ឋាភិបាលត្រូវតែគិតគូរពីការរក្សាស្ថេរភាពអ្នកវិនិយោគិនក្នុងស្រុក និងសុខដុមរមនាការងារនៅកម្ពុជា ។

លោកបណ្ឌិតបន្ថែមថា ភាគីទាំងពីរនេះគួរតែមានយន្តការបែបនេះតាំងពីដំបូងមក ក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយរឿងហួសឱ្យវាហួសទៅចុះ យ៉ាងណាបច្ចុប្បន្ននេះភាគីទាំងពីត្រូវចេះជួបជជែកគ្នាម្តងម្កាល ដាក់បញ្ហានៅលើតុ ។ ការដែលស្រែកដាក់ក្បាលមេក្រូ និង ការចេញរបាយការណ៍វាយប្រហាគ្នាពីចំងាយនោះមិនមែនជាដំណោះស្រាយល្អនោះទេ៕

To Top