ជប៉ុន ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានស្នើឱ្យប្រធានអង្គការ សម្រាប់ការបណ្តុះបណ្តាល កម្មសិក្សាការី បច្ចេកទេស (OTIT)របស់ជប៉ុន ពិនិត្យមើលលទ្ធភាពបង្កើន ការជ្រើសរើសពលករជំនាញ របស់កម្ពុជាបន្ថែមទៀត ឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន និងបន្តយកចិត្តទុកដាក់កាន់តែខ្លាំង បន្ថែមទៀត ដល់ពលករជំនាញ សិក្ខាកាមរបស់កម្ពុជា ដែលកំពុងមានវត្តមាននៅជប៉ុន ។ នេះគឺជាការបញ្ជាករបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយលោក Otani Kodai ប្រធានអង្គការសម្រាប់ការបណ្តុះបណ្តាលកម្មសិក្សាការី បច្ចេកទេស (OTIT) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ “ស្នើសុំឱ្យអង្គការOTITជួយសម្រិត សម្រាំងយកសមាគមធំៗ និងសមាគមដែលធ្វើការដោយផ្ទាល់ ជាមួយនិយោជកឱ្យមកជ្រើសរើស ពលករជំនាញរបស់កម្ពុជា” ។
ក្នុងជំនួបដដែលនោះ លោករដ្ឋមន្ត្រី ក្រសួងការងារ ក៏បានសំណើរឱ្យអង្គការ OTIT ជួយសម្របសម្រួលជាមួយភាគី ពាក់ព័ន្ធចំពោះការបង្រួញពេលវេលារង់ចាំពីភាគីជប៉ុន ឱ្យខ្លីជាងមុន ខណៈដែលបច្ចុប្បន្នពលករកម្ពុជាម្នាក់ៗ ជាមធ្យមត្រូវរង់ចាំមិនតិចជាង ៤ទៅ៦ខែនោះទេ ។

សំខាន់ជាងនេះទៅទៀត ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ លោករដ្ឋមន្ត្រី បានស្នើឱ្យភាគីជប៉ុនពិនិត្យ លទ្ធភាពធ្វើយ៉ាងណា អាចសម្រួលឱ្យសិក្ខាកាមខ្មែរដែលកំពុងធ្វើការ នៅជប៉ុនស្រាប់ បានផ្លាស់ប្តូរការងារ ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបម្រើការងារ តាមរយៈពេលកំណត់សមស្របណាមួយនោះ ។

ដោយឡែកភាគីអង្គការOTITវិញ ក៏បានគូសបញ្ជាក់ជូនលោករដ្ឋមន្ត្រីដែរថា ជប៉ុនកំពុងកែសម្របសម្រួលច្បាប់ ទទួលពលករបរទេសរបស់ខ្លួន ដែលនឹងកាន់តែមានតម្លាភាព និងប្រសិទ្ធិភាពដើម្បីគាំពារពលករបរទេស ច្រើនជាងមុន និងប្រសិទ្ធភាពជាងមុន។
បើតាមអង្គការOTIT រាជរដ្ឋាភិបាលជប៉ុន ក៏គ្រោងនឹងប្រើប្រាស់វិធានការច្បាប់ តឹងរឹង ចំពោះនិយោជកដែលរំលោភច្បាប់ផងដែរ។

សូមបញ្ជាក់ថា អង្គការOTIT ជាអង្គការរបស់រាជរដ្ឋាភិបាលជប៉ុនដែលស្ថិតក្រោមការគ្រប់គ្រង ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពជប៉ុន ។ អង្គការដែលបង្កើតឡើងតាំងពីឆ្នាំ២០១៧នេះ គឺជាអ្នកផ្តល់សិទ្ធិអនុញ្ញាតឱ្យសមាគម និងក្រុមហ៊ុនវិនិយោគជប៉ុន មានសិទ្ធិបណ្តុះបណ្តាល និងជ្រើសរើសពលករអន្តរជាតិ៕




