ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង រួមជាមួយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។
សូមជម្រាបថា ស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រ សរុប ២១៦ ស្ថានីយ ត្រូវបានដំឡើងនៅតាម រាជធានី-ខេត្ត នៃប្រទេសកម្ពុជា ក្នុងនោះស្ថានីយឧតុនិយមមាន ១១១ស្ថានីយ (ស្ថានីយស្វ័យប្រវត្តិ មាន៨៦ និងស្ថានីយមិនស្វ័យប្រវត្តិមាន២៥) តម្រងទឹកភ្លៀងចំនួន ២៥៦ និងស្ថានីយជលសាស្ត្រមាន ១០៥ស្ថានីយ (ស្ថានីយស្វ័យប្រវត្តិមាន៧៥ និងស្ថានីយមិនស្វ័យប្រវត្តិមាន៣០)។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសបានអញ្ជើញចុះពិនិត្យស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រ នៅតាមទីតាំងមួយចំនួនដូចជា៖
១)ស្ថានីយឧតុនិយមស្វ័យប្រវត្តិ៖ ស្ថានីយស្អាង និងស្ថានីយកោះធំ ស្ថិតក្នុងខេត្តកណ្ដាល ស្ថានីយដូនកែវ និងស្ថានីយបាទី ស្ថិតក្នុងខេត្តតាកែវ។ ស្ថានីយឧតុនិយមស្វ័យប្រវត្តិទាំងនេះទទួលបានទិន្នន័យដូចជា សីតុណ្ហភាព បរិមាណទឹកភ្លៀង ល្បឿន និងទិសខ្យល់ រំហួត សំណើមបរិយាកាស សម្ពាធបរិយាកាស ថាមពលនៃពន្លឺព្រះអាទិត្យ(Solar Radiation) សំណើម និងសីតុណ្ហភាពដី។
២)ស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិ៖ ស្ថានីយស្ពានកំពង់រាប ស្ថិតក្នុងខេត្តតាកែវ និងស្ថានីយសាក់សំពៅ ស្ថិតក្នុងក្រុងភ្នំពេញ។ ស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិទាំងនេះទទួលបានទិន្នន័យដូចជា កម្ពស់ទឹក និងបរិមាណទឹកភ្លៀង។
សូមបញ្ជាក់ថា ស្ថានីយស្វ័យប្រវត្តិទាំងនេះបញ្ជូនទិន្នន័យទៅកាន់កំព្យូទ័រផ្ទុកទិន្នន័យ នៅក្នុងនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្រ្ដ និងការងារទន្លេ ជារៀងរាល់ម៉ោង និងនាទី ដើម្បីផ្សព្វផ្សាយជាព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសារសំខាន់នៃស្ថានីយឧតុនិយម ជាពិសេសស្ថានីយឧតុនិយមស្វ័យប្រវតិ្ត ដែលជាសមិទ្ធផលថ្មីលើវិស័យឧតុនិយម បានធ្វើឱ្យការទទួលទិន្នន័យធាតុអាកាសកាន់តែលម្អិតល្អប្រសើរ ដើម្បីបម្រើដល់ការព្យាករ ក៏ដូចជាការជូនដំណឹងស្តីពីធាតុអាកាសដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបជាព័ត៌មានបានកាន់តែច្បាស់លាស់ និងទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើងពីទិន្នន័យឧតុនិយម និងទិន្នន័យជលសាស្ត្រ ដែលមានសារសំខាន់សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ដូចជា ការគ្រប់គ្រងធនធានទឹក បម្រើវិស័យកសិកម្ម អាកាសចរណ៍ នាវាចរណ៍ ទេសចរណ៍ ឧស្សាហកម្ម សុខាភិបាល និងសំណង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ គូសបញ្ជាក់ថា ការបន្តធ្វើទំនើបកម្មប្រព័ន្ធ ព័ត៌មានជលសាស្ត្រ ឧតុនិយម ព្យាករណ៍អាកាសធាតុនិងការផ្តល់ ព័ត៌មានធាតុអាកាសគឺ ជាអាទិភាពមួយ ក្នុងចំណោមគោលន យោបាយអាទិភាពសំខាន់ៗ ដែលក្រសួងបានដាក់ចេញ សម្រាប់អនុវត្តនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ជាចុងក្រោយ លោករដ្ឋមន្ត្រី មានប្រសាសន៍ណែនាំដល់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាពិសេសមន្ត្រីទទួលបន្ទុក ឱ្យបន្តការថែទាំ និងសម្អាតជាប្រចាំលើគ្រប់ឧបករណ៍ដែលបម្រើដល់ការព្យាករទាំងអស់ នៅតាមស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រ ដើម្បីធានាបាននូវនិរន្តរភាព ប្រសិទ្ធភាព សុក្រឹតភាព និងគុណភាព ក្នុងការទាញយកទិន្នន័យដ៏មានសារសំខាន់ ទាំងនេះទៅប្រើប្រាស់។
គួរបញ្ជាក់ថា ក្នុងឱកាសនេះលោករដ្ឋមន្រ្តី ក៏បានឆ្លៀតអញ្ជើញចុះពិនិត្យគ្រឿងចក្រប្រចាំភូមិភាគតាកែវផងដែរ៕