ភ្នំពេញ៖ គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយ ដល់ក្រុមគោលដៅដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. នៅទូទាំងប្រទេសបានចំនួនជាង១.៣សែននាក់ ខណៈក្រុមគោលដៅជិត ១០ម៉ឺននាក់បានចុះឈ្មោះជាសមាជិក។

បើតាម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការចុះសមាជិក របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស សរុបចំនួន ៩១ ១៣៧នាក់ ។

ក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះ ក្រសួងការងារទទួលបានបុគ្គលស្វ័យនិយោជន៍ចំនួន ៨៧ ២៦៤នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៣ ៨៧៣នាក់។ ក្នុងនោះដែរ សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវាមានចំនួន ៣៧ ៩៣៩ដង។ ដោយឡែក ការចំណាយតាវកាលិកទូទាត់មូលដ្ឋានសុខាភិបាល មានចំនួន ៧១៤,០៨លានរៀល។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៤ ៥២៧លើក ដែលមានអ្នកចូលរួមចំនួន ១ ៣៥៤ ៥៣១នាក់។ ក្នុងនោះដែរការផ្សព្វផ្សាយ តាមបណ្តាញសង្គមផ្លូវការ Facebook, Telegram, YouTube, TikTok និងតាមបណ្តាញ សង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមាន ប្រជាប្រិយភាព ក្នុងបណ្ដាញសង្គម ដោយមានចំនួនចែករំលែកបន្ត ១ ២៨៧ដង និងចំនួនចូលទស្សនា ៩៧ ៧៨៥ដងបន្ថែមទៀត។

ការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមគោលការណ៍ស្ម័គ្រចិត្តនាពេលនេះ គឺជាប្រវត្តិសាស្រ្តថ្មីមួយបន្ថែមសម្រាប់កម្ពុជា ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្តយុទ្ធនាការរបស់ខ្លួន ក្នុងការផ្សព្វផ្សាយអំពីកម្មវិធីថ្នាក់ជាតិស្តីពី របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត តាមទីសាធារណៈ ខ្នងផ្ទះ និងរោងចក្រឧស្សាហកម្មនានានៅទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងចុះឈ្មោះពលរដ្ឋដើម្បីប្រើប្រាស់ ។

សូមបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស. ដល់មនុស្សជាង១.៣លាននាក់ និងការចុះឈ្មោះជិត ១០ម៉ឺននាក់នាពេលនេះ ធ្វើឡើងក្រោយការប្រកាសដាក់ឱ្យអនុវត្តផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត” និង ”កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”ក្រោមអធិបតី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសដាក់ឲ្យអនុវត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕



