ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនេះ ជួបជាមួយក្រុមហ៊ុនជប៉ុន ប្រមាណជាង៦០០ក្រុមហ៊ុន ដើម្បីទាញយកការ បណ្តាក់ទុន វិនិយោគមកកម្ពុជា ។
ការបញ្ជាក់អំពីការជួបជាមួយ បណ្តាក្រុមហ៊ុនជប៉ុនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលការជួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីអះអាងថា ជាការទាក់ម៉ូយពីជប៉ុន មកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារដល់ពលរដ្ឋ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “និយាយជារួម យុទ្ធនាការទស្សនកិច្ច បេសសកម្ម ខ្ញុំនៅក្រៅប្រទេសទាំងអស់ គេហៅចំណុចជ្រុងមួយ សំខាន់ សេដ្ឋកិច្ច គឺដើរទាក់ម៉ូយ អ្នកខ្លះគេថាខ្ញុំអួតនោះអួត ថាអួតយ៉ាងមិច ខ្ញុំគ្រាន់តែប្រាប់ទេតើ ដោយសារខ្ញុំជួបច្រើនមែន ជួបដើម្បីអ្វី ដើម្បីផ្សព្វផ្សាយ កម្ពុជា អានឹងគេថា ដើរទាក់ម៉ូយ យើងមានផលិតផល យើងដាក់ក្នុងហោប៉ាវ តើនរណាមក យើងត្រូវតែដើរជួបគេ ប្រាប់គេ បងប្អូនមានផលិតផល ត្រូវតែដើរប្រាប់គេ ជួប១០០នាក់ គេទិញតែ១០នាក់ ក៏បាន១០ដែរ” ។
ក្នុងនោះសម្តេចធិបតី បានអះអាងថា “ ក្នុងនាមជានាយករដ្ឋមន្ត្រី បើខ្ញុំមិនទៅដើរជួប ទៅដើរផ្សព្វផ្សាយ ទៅដើរបញ្ជាក់ ទាំងអ្នកដែលមាន វិនិយោគនៅទីនោះ អំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការជួយគាត់ឲ្យរីក និងការទាក់ទាញមកបន្ថែមទៀត ដើម្បីទៅវិនិយោគបង្កើតការងារ ឲ្យប្រជាពលរដ្ឋ តើចេញទេ?” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំមកនេះ ក្នុង៣ថ្ងៃនេះ ត្រូវជួបជាង៦០០ក្រុមហ៊ុនជប៉ុន ១១ជួបផ្ទាល់ព្រោះពេលវេលាអត់ ជាមួយវេទិកា ជិតចូលថ្ងៃ១៩នោះ គឺមាន៥០០ជាងក្រុមហ៊ុន ៦០០ ចូលរួមផ្ទាល់ ដូចវេទិកាអញ្ចឹង និងបូកទាំងអ្នកអនឡាញ ៣០០ជាង បូកទៅ ដើម្បីទាក់ម៉ូយ” ។
សម្តេចនាយករដ្ឋមន្ត្រី ឲ្យដឹងទៀតថា “និយាយជារួមទាក់ម៉ូយតាំងពីចុះពីយន្តហោះ រហូតដល់ឡើងយន្តហោះ”៕