ព័ត៌មានជាតិ

អធិការរងក្រុងកំពតម្នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ប្រឈមការបណ្ដេញ ចេញពីក្របខណ្ឌនគរបាលជាតិ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតដែលបានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននិងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះបានបញ្ជាក់ថា «អនុវត្តវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ និងអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកំលាំងដាច់ខាតមិនត្រូវប្រើប្រាស់និងចែកចាយគ្រឿងញៀននិងជាគំរូល្អសំរាប់ប្រជាពលរដ្ឋ» ។

ប្រភពដដែលបញ្ជាក់បន្ថែមថា«ជាក់ស្តែងស្នងការដ្ឋាននគរបាលខេត្តកំពតនិងគោរពស្នើសុំគោលការណ៏ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៏ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ពន្ធ័ប្រើប្រាស់គ្រឿងញៀននិងបានធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកំលាំងនគរបាលជាតិ ។ នេះជាសារព្រមានដល់កងកំលាំងទាំងអស់នៃស្នងការរដ្ឋាននគរបាលខេត្តកំពតដាច់ខាតមិនត្រូវពាក់ពន្ធ័និងគ្រឿងញៀន»៕

To Top