ព័ត៌មានជាតិ

កម្ពុជា-ឡាវ-វៀតណាម ឯកភាពគ្នា បន្តរៀបចំលំហាត់រួមត្រីភាគី និងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន គ្រប់ប្រភេទ

ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រី កម្ពុជា-ឡាវ-វៀតណាម បានឯកភាពគ្នាបន្តការរៀបចំលំហាត់រួមត្រីភាគី និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ រវាងប្រទេសទាំង៣។

ការលើកឡើងរបស់ នាយករដ្ឋមន្ដ្រី កម្ពុជា-ឡាវ-វៀតណាម បានធ្វើឡើងក្នុងជំនួបអាហារពេលព្រឹក និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំង៣ បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី នាឱកាសនេះ ដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល, ការតភ្ជាប់, ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” និងជាពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែមានការរីកចម្រើនប្រសើរឡើង ។

ដោយឡែក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ថ្នាក់ដឹកនាំទាំង៣ បានឯកភាពគ្នាក្នុងការបន្តការរៀបចំលំហាត់រួមត្រីភាគី និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលសុទ្ធសឹងជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ៕

To Top