ព័ត៌មានជាតិ

កណ្តុរខាំគ្នា នៅបន្ទាយមានជ័យ ខណៈមេដឹកនាំកំពុងប្រជុំ នៅជប៉ុន

“ឆ្មាមិននៅកណ្តុរបានដៃ”គឺជាឃ្លាបុរាណមួយពោលសំដៅដល់បុគ្គលិកក្រោមឱវាទ ឬកូនចៅឈ្លោះគ្នាពេលមេមិននៅកន្លែង។ មេមិននៅព្រោះមានកិច្ចប្រជុំច្រើននៅក្រៅប្រទេស។ ថ្មីៗនេះសម្លេងឈ្លោះគ្នាតាមបណ្តាញសង្គមហ្វេសប៊ុករវាងមន្ត្រីចាស់វស្សានៅបន្ទាយមានជ័យបានផ្ទុះឡើង។ ខណៈឆ្មាមិននៅក្នុងស្រុកលោកសាន ស៊ាហូ ប្រធានក្រុមប្រឹក្សាភិបាលក្រុងប៉ោយប៉ែតបានចោទ លោកអ៊ុំ រាត្រីថា​ “ជាមនុស្សបក្សពួកនិយម ធ្វើការតាមចិត្តចង់មិនមានការសួរនាំថ្នាក់ក្រោម និងគ្មានរចនាសម្ព័ន្ធត្រឹមត្រូវ”។ លោកស្នើរឱ្យរដ្ឋាភិបាលដកតំណែងលោកអ៊ុំ រាត្រី ចេញពីចៅហ្វាយខេត្តបន្ទាយមានជ័យ។ តើរឿងនេះវាយ៉ាងណាឱ្យពិតប្រាកដ?

ជាការពិតណាស់ក្រោយចំណាយពេល៦នាទីនិយាយលេងជាមួយមន្ត្រីសិទ្ធិមនុស្សនៅបន្ទាយមានជ័យ ហាក់ស្គាល់ច្បាស់ពីស្នារដៃលោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យនិងលោកសាន ស៊ាហូ ប្រធានក្រុមប្រឹក្សាភិបាលក្រុងប៉ោយប៉ែតច្រើនគួរសម។ មានស្រុកកំណើតនៅបន្ទាយមានជ័យ លោក អ៊ុំ រាត្រីបានក្លាយជាចៅហ្វាយខេត្តជំនួសលោក សួន បវរ ដែលមានបញ្ហាដោយបបរក្តៅនៅកំពង់ចាម។ ឱកាសនោះហើយគឺនៅខែឧសភា ឆ្នាំ២០១៩ ព្រះ​មហាក្សត្របាន​ចេញព្រះរាជ្យក្រឹត្យ​ ត្រាស់​បង្គាប់​តែងតាំង​លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ។ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក សាន ស៊ាហូ លោកអ៊ុំ រាត្រី បានបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមថា លោកមិនបានធ្វើការដូចការចោទប្រកាន់របស់លោកសាន ស៊ាហូនោះឡើយ។ លោកបន្តថា “អ្វីដែលលោកសាន ស៊ាហូ និយាយតាមបណ្តាញសង្គមមិនមែនជាការពិតនោះទេ”។

ឆ្លើយតបទៅនឹងបញ្ហា “កណ្តុរឈ្លោះគ្នាស្របពេលឆ្មាមិននៅ” នេះមន្ត្រីសិទ្ធិមនុស្សចាស់វស្សានៅបន្ទាយមានជ័យនិយាយថា បន្ទាយមានជ័យបច្ចុប្បន្នរាងរញ៉េរញ៉ៃជាងមុន។ រញ៉េរញ៉ៃព្រោះថា​ ល្បែងឆ្នោតថៃ​ ឆ្នោតវៀតណាម និងឡូតូ រីកដូចផ្សិត។ រីការកាប់ភ្នំយកថ្ម ក៏បន្តកើតឡើងច្រើនផងដែរ។ លោកបន្តដោយហាក់បង្អាប់ចៅហ្វាយខេត្ត​ តែលើកជើងលោក សាន ស៊ាហូ ប្រធានក្រុមប្រឹក្សាភិបាលក្រុងប៉ោយប៉ែតថា លោកសាន ស៊ាហូ ចូលចិត្តនិយាយពិតហើយជាមនុស្សធ្វើការច្រើនជាងនិយាយនិងមានពលរដ្ឋសរសើរច្រើន។

បើគិតគេតាមតួរលេខជាក់ស្តែងលោក សាន ស៊ាហូ មានអាយុច្រើនជាងលោកអ៊ុំ រាត្រី ចំនួន១០ឆ្នាំ។ លោកសាន ស៊ាហូ កើតឆ្នាំ១៩៥៩ រីលោកអ៊ុំ រាត្រី ​កើត​នៅ​ឆ្នាំ​១៩៦៩ នៅស្រុក​មង្គល​បូរីដូចគ្នា។ លោកសាន ស៊ាហូ ក្រោយបញ្ចប់តួនាទីជាអភិក្រុងប៉ោយប៉ែត លោកបានឡើងទៅជាប្រធានក្រុមប្រឹក្សាភិបាលក្រុងប៉ោយប៉ែត។  មានវ័យ៦៥ឆ្នាំលោកសាន ស៊ាហូ បានអះអាងថា លោកស្នើរឱ្យរដ្ឋាភិបាលដកដំណែង លោកអភិបាលខេត្តបន្ទាយមានជ័យ។ លោកបន្ថែមថា ពលរដ្ឋជាច្រើននៅប៉ោយប៉ែត បានផ្តិតមេដៃគាំទ្រឱ្យដកលោកអ៊ុំ រាត្រី ពីចៅហ្វាយខេត្តដូចគ្នា។

ជាការពិតណាស់​ខេត្តបន្ទាយមានជ័យ​ បង្កើតឡើង​ដោយ​អនុ​ក្រឹត្យច្បាប់​លេខ​៣២ ក្រ​.​ច ចុះ​ថ្ងៃទី​២៣​ ខែមករា ​ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋ និង​កំណត់​ព្រំប្រទល់​ខេត្ត ដោយ​អនុក្រឹត្យ​លេខ​ ១០​ អនក្រ ​ចុះ​ថ្ងៃទី​៤​ ខែមេសា​ ឆ្នាំ​១៩៨៧ របស់​ក្រុមប្រឹក្សារដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។ ខេត្ត​នេះត្រូវ​ប្រកាស​ឲ្យ​ដំណើរការ​ការងារ ជា​ផ្លូវការ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៨៨ ក្រោម​អធិបតី​លោក ប៊ូ ថង អនុប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី។ ខេត្តនេះបាន​បំបែក​ចេញពី​អតីត​​ស្រុកចំនួន៥នៅ​ខាងជើង​ខេត្តបាត់ដំបងមុន​ឆ្នាំ​១៩៨៨ ហើយបូកជាមួយ​ស្រុក​បន្ទាយ​អម្ពិលនៃ​អតីត​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​។​

យោង​ប្រភពពី​មន្ត្រីរដ្ឋបាលឈ្មោះ​បន្ទាយមានជ័យ មកពី​ការ​សម្គាល់​បន្ទាយ​នៃ​កងទ័ព​អំឡុង​ទសវត្សរ៍​ទី​៨០ បូក​មានជ័យដែលមានន័យថា “ឈ្នះ​ឬ​ជោគជ័យ​”។ ជោគជ័យ​តាំងពី​យុទ្ធនាការ​រដូវក្តៅ​ឆ្នាំ​១៩៨៤-៨៥មក ទើប​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បង្កើត​ខេត្តបន្ទាយមានជ័យ​ជា​ខេត្ត​ទី​២២ក្នុង​ឆ្នាំ​១៩៨៧ និង​សម្ភោធ​ដំណើរការ​ឆ្នាំ​១៩៨៨​។ ប៉ុន្តែសួរថា តើការចោទប្រកាន់និងស្នើរឱ្យរដ្ឋាភិបាលដកតំណែងចៅហ្វាយខេត្តបន្ទាយមានជ័យរបស់លោកសាន ស៊ាហូ អាចជោគជ័យឬមិនជោគជ័យយ៉ាងណានោះទុកឱ្យពលរដ្ឋនិងព្រះឥន្ទជាអ្នកសម្រេចចិត្តឆ្លើយជំនួសទៅចុះ៕

អត្ថបទដោយ៖ សិរី មុនី

To Top