ភ្នំពេញ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៤ នៃទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងមូលបទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ពីកិច្ចការសំខាន់ចំនួន ៦ចំណុច ដែលក្រសួងបានធ្វើដើម្បីភាពកាន់តែប្រសើរឡើង ដល់ពលរដ្ឋកម្ពុជាដែលកំពុង បម្រើការងារនៅនៅបរទេស។ នេះបើយោងតាមការបញ្ជាក់របស់លោក កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

កិច្ចការសំខាន់ៗទាំង៦នោះ រួមមានទី១ ការពង្រឹងសេវាអនុព័ន្ធការងារ អមស្ថានទូតកម្ពុជាព្រមទាំង សហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌល គាំពារពលករបរទេសតាម បណ្ដាប្រទេសគោលដៅដើម្បី ជួយបង្កភាពងាយស្រួលដល់ ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលបម្រើការងារ។ ទន្ទឹមនឹងនេះ កិច្ចការសំខាន់ទី២ គឺការបន្តពង្រឹងយន្តការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារ ទីភ្នាក់ងារជ្រើសរើសឯកជន។

ចំណុចទី៣ គឺការផ្ដល់ការគាំទ្រនិងភាពងាយស្រួល ជូនពលករពេលធ្វើការនៅក្រៅប្រទេសតាមរយៈ ការសម្របសម្រួលបែបបទឯកសារ ការគាំពារតាមផ្លូវច្បាប់អន្តរាគមន៍សង្គ្រោះ ពេលមានហានិភ័យ និងការជួបសួរសុខទុក្ខជាប្រចាំ។
ទី៤ ការជួយអន្តរាគមន៍ សម្របសម្រួលពលករនិងដោះស្រាយបញ្ហា ជាទូទៅរបស់ពលករជួបការលំបាក ដែលមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរណាម្នាក់ មានបញ្ហាទុកលំបាកដោយគ្មាន ការដឹងឮឬអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាឡើយ។

ទី៥ ការចូលរួមសម្របសម្រួល និងផ្ដល់ជំនួយជាថ្នាំព្យាបាល និងស្បៀងអាហារដល់ពលករ ដែលជួបការលំបាកនូវប្រទេសថៃ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ដែលជាការបង្ហាញពីសមាណចិត្ត និងការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ចំពោះពលរដ្ឋរបស់ខ្លួនមិនថា នៅប្រទេសណា ឬក្នុងស្ថានភាពបែបណានោះទេ។

និងទី៦ ចុងក្រោយ ការផ្តួចផ្តើមឱ្យមានការធានា ចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន។ នេះគឹជាចំណុចសំខាន់បំផុត មួយដើម្បីឱ្យពលរដ្ឋកម្ពុជា និងតំបន់អាស៊ានអាចទទួលបាន អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ក្នុងតំបន់បើទោះពលរដ្ឋម្នាក់នោះធ្វើការ នៅប្រទេសណាក៏ដោយ។ ត្រង់ចំណុចនេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានសម្រេចបានសេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១។

ទាំងនេះ គឺជាចំណុចសំខាន់ៗ ដែលក្រសួងការងារក្នុងនាមជា សេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងជួយប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបានបទពិសោធន៍ការងារ និងជំនាញបន្ថែមទៀត។
គិតត្រឹមឆ្នាំ២០២៣ ពលករទេសន្តរប្រវេសន៍កម្ពុជាមានប្រមាណ ១.៣លាននាក់ ដែលកំពុងធ្វើការនោប្រទេសធំៗ មួយចំនួនដូចជាថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី កោះហុងកុង សិង្ហបូរី និងបណ្តាប្រទេសមួយចំនួនទៀត ៕

