ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងផ្ដល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត

កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៨ ខែធ្នូឆ្នាំ ២០២៣ នេះ បានអញ្ជើញដឹក នាំកិច្ចប្រជុំ ពិនិត្យ និងផ្ដល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត នៅមន្ទីរផែនការខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅក្នុងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខត្ត មានគម្រោងវិនិយោគកំពុងដំណើរការចំនួន ១០គម្រោង ដែលត្រូវចំណាយថវិកាចំនួនជាង ៣០ ពាន់លានរៀល និងគម្រោង ដែលមានថវិកាគាំទ្រមានចំនួន ៤៥១ គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៩១៩ ៨៩៦លានរៀល (ជាងប្រាំបួនរយ ដប់ប្រាំបួនពាន់លានរៀល) ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៤ ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងទាំងនេះពិតជាស្ដែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើន សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យប្រជាពលរដ្ឋរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយ ជាបន្តបន្ទាប់ឥតឈប់ឈរ ។

លោកអភិបាលខេត្ត បានលើកឡើងផងដែរថា ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ទាំងបីប្រភេទ និងអង្គភាពស្ថាប័ន របស់រដ្ឋបាលខេត្ត បានខិតខំបំពេញកាតព្វកិច្ច អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយកំណែទម្រង់ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលគួរជាទីពេញ ចិត្តបានធ្វើឲ្យទីក្រុង ទីប្រជុំជន និងជនបទមាន ភាពស្រស់បំព្រង គ្រប់រដូវកាល ។

ជាក់ស្តែងទោះបី កម្ពុជា រងផលប៉ះពាល់ ពីជំងឺកូវីដ-១៩ ផលប៉ះពាល់សេដ្ឋកិច្ច សកលយ៉ាងណា ក៏ដោយ ក៏កម្ពុជានៅតែមានលទ្ធភាព ក្នុងការឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក និងគ្រួសារងាយរងហានិភ័យ ប្រមាណជាងមួយលានពីរសែនគ្រួសារ នៅទូទាំងប្រទេសផងដែរ ៕

To Top