ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ស្នើភាគីពាក់ព័ន្ធ បន្តផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ដល់ពលរដ្ឋឲ្យផុលផុស

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា បានស្នើដល់អ្នកពាក់ព័ន្ធ បន្តផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការ ជំងឺមិនឆ្លង ឲ្យកាន់តែផុលផុស ដើម្បីពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ជាពិសេសក្នុងចំណោមស្រ្តី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ ការពិនិត្យសុខភាព ហើយមានតម្លៃសមរម្យ ។

ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រ ដែលបណ្ដាលមកពីជំងឺមិនឆ្លង» នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ សម្ដេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា ការអប់រំសុខភាពមិនគួរផ្តោត ត្រឹមតែការផ្តល់ព័ត៌មាន ដល់សហគមន៍នូវអ្វី ដែលពួកគេអាចធ្វើបាន ឬធ្វើមិនបាននោះឡើយ។

សម្ដេចមានប្រសាសន៍ថា តែត្រូវមានវិធានបែបសន្តិនិយមដែលមានការគិតគូរដល់ការផ្លាស់ប្តូរឥរិយាបទ របៀបរបបរស់នៅ របៀបរបបហូបចុក និងបរិស្ថានរស់នៅ ដោយប្រើប្រាស់ ទិន្នន័យនិងបច្ចេកវិទ្យា រួមទាំងធ្វើយុទ្ធនាការឲ្យមានការគាំទ្រ ពីភ្នាក់ងារសុខាភិបាលនិងសហគមន៍ ដូចជាអ្នកស្ម័គ្រចិត្តជាដើម ដល់អ្នក ដែលរស់នៅតំបន់ដាច់ស្រយាល ពិបាកទទួលបានសេវាសុខាភិបាលនានា ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើអាជ្ញាធរសុខាភិបាលជាតិធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ក្នុងការចែករំលែកព័ត៌មាន ទិន្នន័យ កម្មវិធីបណ្តុះបណ្តាល និងការអនុវត្តល្អៗ ដើម្បីបង្កើតភាពជាដៃគូ ពហុវិស័យ ក្នុងការស្រាវជ្រាវ និងបង្ការជំងឺមិនឆ្លងឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គិតគូរពីតម្រូវការជាក់ស្តែងរបស់ស្រ្តី ដែលជាទូទៅមានលក្ខណៈខុសពីបុរសក្នុងការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាល ស្តីពីអាហារូបត្ថម្ភ និងការថែទាំសុខភាព ព្រមទាំងលទ្ធភាពផ្នែកហិរញ្ញវត្ថុ ក្នុងការទទួលបានការព្យាបាល ។

សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តបង្កើនកញ្ចប់ថវិកាជាតិ រហូតដល់ ៥៥០លានដុល្លារសម្រាប់ឆ្នាំ២០២៤ ក្នុងការទ្រទ្រង់វិស័យសុខាភិបាល។

សម្ដេចលើកឡើងបន្ថែមថា រដ្ឋសភាជាតិតែងតែប្រើប្រាស់ការទូតសភា ក្នុងការជំរុញការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន និងយេនឌ័រ តាមរយៈវេទិកាអន្តរសភានានា រួមមាន ៖ មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) វេទិកាសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) និងវេទិកាសភាផ្សេងៗទៀត។

សូមជម្រាបថា ជំងឺមិនឆ្លងមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និងជំងឺមហារីក ។ តាមទិន្នន័យរបស់អង្គការសុខភាព ពិភពលោកបានបង្ហាញថា មនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់ គឺសុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺមិនឆ្លងនេះ។ រៀងរាល់ឆ្នាំ មនុស្សប្រមាណ១៧លាននាក់ នៅលើសកលលោកបានស្លាប់ មុនពេលឈានចូលដល់វ័យ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លង។

បញ្ហាប្រឈមនាំឲ្យកើតជំងឺមិនឆ្លងមានជាច្រើន។ ជំងឺមិនឆ្លងគឺជាជំងឺរបស់អ្នកមាន។ ផ្ទុយទៅវិញ ចំនួននៃកត្តាហានិភ័យ នៃជំងឺមិនឆ្លងបាននិងកំពុងកើនឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុង និងតំបន់ជនបទ ដោយពួកគេបានប្រើប្រាស់ថ្នាំជក់ សេពគ្រឿងស្រវឹង គ្រឿងញៀន ទទួលបន្លែផ្លែឈើ មិនគ្រប់គ្រាន់ ឬបន្លែនិងផ្លែឈើ មានសារធាតុគីមីខ្ពស់ និងមិនសូវហាត់ កីឡាជាដើម ។ អត្រាការជក់បារីក្នុងចំណោមបុរស មានច្រើនជាងស្រ្តី ហើយកសិករ កម្មករ ដែលមានអាយុចាប់ពី១៨ ដល់៤៩ឆ្នាំ មានទម្លាប់នៃការជួបជុំទទួលគ្រឿងស្រវឹង ដែលជាបច្ច័យមួយនាំឲ្យធ្លាក់ខ្លួនឈឺ ៕

To Top