ព័ត៌មានជាតិ

MMO ម្នាក់ ត្រូវបានហៅមកបំភ្លឺ ជុំវិញករណីក្លែងបន្លំ អត្ដសញ្ញាណ របស់លោកបណ្ឌិត ស សុខា លើហ្វេសប៊ុក

ភ្នំពេញ ៖ អ្នកផលិតមាតិកាតាមបណ្ដាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ត្រូវបាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ហៅមកសាកសួរបំភ្លឺ បន្ទាប់ពីរកឃើញថា បានក្លែងបន្លំអត្ដសញ្ញាណ របស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

ការហៅមកបំភ្លឺនេះ ធ្វើឡើង កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ។ បុគ្គលជាអ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុក មានឈ្មោះ ហោ វិចិត្រ ភេទប្រុស មានទីលំនៅក្នុងរាជធានីភ្នំពេញ ។

ការកោះហៅនេះដែរបន្ទាប់ពីរកឃើញថា បុគ្គលរូបនេះបានយកឈ្មោះលោកបណ្ឌិត ស សុខា និងថ្នាក់ដឹកនាំផ្សេងទៀត ទៅបង្កើតជាក្រុម(Group) នៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយគ្មានការអនុញ្ញាត និងបានចែករំលែកមាតិកាផ្សេងៗ ដែលប៉ះពាល់ដល់សន្តិសុខជាតិ និងកិត្តិយសថ្នាក់ដឹកនាំដែលអាច ធ្វើឲ្យមានការភាន់ច្រឡំពីសំណាក់មហាជន ។ ក្រោយពីការសួរបញ្ជាក់ បុគ្គលឈ្មោះ ហោ វិចិត្រ បានសារភាពទទួលស្គាល់កំហុស សន្យាកែខ្លួនមិនឲ្យកើតឡើង ពេលក្រោយទៀតឡើយ និងបានធ្វើលិខិតសុំអភ័យទោសជាសាធារណៈផងដែរ ។

ជាមួយគ្នានោះ នាយកដ្ឋានក៏បានក្រើន រំលឹកដល់សាធារណជនទាំងអស់ត្រូវពិនិត្យ និងវិនិច្ឆ័យឲ្យបានច្បាស់ មុនបង្កើតគណនី បណ្តាញសង្គមដែលប្រើប្រាស់ឈ្មោះអ្នក ដទៃដោយគ្មានការអនុញ្ញាត ដែលអាចប្រឈមនឹង ការក្លែងអត្តសញ្ញាណ ដែលជាអំពីខុសច្បាប់ ៕

To Top