ព័ត៌មានជាតិ

នៅដើមឆ្នាំ២០២៤ ពលរដ្ឋនិងពលករខ្មែរ អាចធ្វើលិខិតឆ្លងដែន តាមប្រព័ន្ធអ៊ីនធើណែត ពីប្រទេសកូរ៉េខាងត្បូង ដោយមិនចាំបាច់ ធ្វើដំណើរមកកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រតិបត្តិការ ធ្វើលិខិតឆ្លងដែន (Passport) ឬពន្យារលិខិត និងការធ្វើលិខិតថ្កោលទោស តាមប្រព័ន្ធ អ៊ីនធឺណែត ពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជា ដូចមុនទៀតនោះទេ ។ នេះបើតាមការបញ្ជាក់ពីលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ ការបញ្ជាក់របស់ក្រសួងនេះ គឺធ្វើឡើងនៅចំទិវាពលករ ទេសន្តរប្រវេសន៍អន្តរជាតិលើកទី២៤។

សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការសម្របសម្រួលឱ្យមានការធ្វើលិខិតឆ្លងដែន ពីប្រទេសកូរ៉េខាងត្បូងផ្ទាល់នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ចំណេញ ពេលវេលា និងកាត់បន្ថយការចំណាយដល់ពលករ ដែលនេះសុទ្ធសឹង តែជាការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ។ នេះបើតាមការបញ្ជាក់ពីលោក កត្តា អ៊ន ដដែល ។

សូមរំលឹកថាការប្រកាស ដាក់ឱ្យដំណើរការនេះ គឺធ្វើក្រោយពេល ដែលសម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងក្នុងវេទិកា ជួបជុំកម្មករ រោងចក្រប្រមាណ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ ដោយសម្រេចអនុញ្ញាតឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែន (Passport) នៅប្រទេសកូរ៉េខាងត្បូង និងបានណែនាំឱ្យមន្រ្តីជំនាញ ពាក់ព័ន្ធបង្កើត កុងស៊ុលកម្ពុជា នៅភាគខាងត្បូងប្រទេសថៃ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋ ក៏ដូចជាពលករខ្មែរ ដែលកំពុងបម្រើការងារ នៅក្រៅប្រទេស។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជា មានពលករកំពុងបម្រើការងារ នៅក្រៅប្រទេសប្រមាណ ១,៣លាននាក់ ក្នុងនោះ ថៃមានប្រមាណ ១,២លាននាក់, កូរ៉េខាងត្បូង៥ម៉ឺននាក់, ម៉ាឡេស៊ី ជាង២ម៉ឺននាក់ និងប្រទេសជប៉ុន ប្រមាណ២ម៉ឺននាក់ និងបណ្តាប្រទេស និងដែនដីផ្សេងៗទៀត។ បើតាមការបញ្ជាក់ ពលករកម្ពុជាប្រមាណជាង១.៣លាននាក់នេះ បានបញ្ជូនថវិកាចូលក្នុងស្រុក ប្រមាណជាង២ពាន់លានដុល្លារ ក្នុងរយៈពេល១ឆ្នាំៗ៕

To Top