ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) នៅទីក្រុងតូក្យូ ប្រទេសជប៉ុនថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត។
ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី នាថ្ងៃទី១៨ ធ្នូនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Minebea បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាង ចំពោះដំណើរការអាជីវកម្ម របស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្ត ដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្ត ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនថែមទៀតនៅកម្ពុជា ។
ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ នៅក្នុងការធានានិរន្តរភាព នៃបរិយាកាសអំណោយផល សម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្ត ប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក ។
សម្តេចធិបតី បន្តទៀតថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាព ក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេ ក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់ ។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត” ៕