ភ្នំពេញ៖វេទិកាសន្តិភាពកម្ពុជាបានឆ្លើយតបដោយសោកស្តាយចំពោះលិខិតចំហ របស់ក្រុមអង្គការបរទេសមួយចំនួនតូច ស្តីពីការព្រួយបារម្ភ ការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍
របស់វេទិកាសន្តិភាពកម្ពុជានៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២0២៣បានកត់សម្គាល់ឃើញថា ក្រុមអង្គការបរទេសមួយចំនួនតូច ដែលតាំងខ្លួនជាអង្គការសិទ្ធិមនុស្ស អន្តរជាតិ បានចេញលិខិតចំហ សម្តែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យធ្ងន់ធ្ងរនៅ កម្ពុជា ពិសេសបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្លាក់ចូលទៅរបបផ្តាច់ការ ក្រោយពីរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៣។
វេទិកាសន្តិភាពកម្ពុជា សោកស្តាយចំពោះលិខិតចំហខាងលើ ដែលបានលើកឡើងពុំមានការផ្ទៀងផ្ទាត់ព័ត៌មាន ត្រឹមត្រូវ ដែលមិនបានឆ្លុះបញ្ចាំងនូវទិដ្ឋភាពពិតរបស់កម្ពុជា ការអះអាងអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិ បតេយ្យធ្ងន់ធ្ងរនៅកម្ពុជានេះ គឺជាការអះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ ដោយផ្អែកទៅលើមូលដ្ឋាន មិនពេញលេញ ជាពិសេសបានធ្វើការសន្និដ្ឋានដែលមានចរិតនយោបាយ និងធ្វើការបំភ្លេចចោលដោយចេតនា នូវសមិទ្ធ ផលជាច្រើនរបស់កម្ពុជា រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅពលរដ្ឋ ភាព ប្រសើរឡើងនៃអត្រាអក្ខរកម្ម ការកំណែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ការពង្រីកនូវវិធានការគាំពារសង្គម ជួយដល់ស្ត្រី បុគ្គលិកកម្មករ និងក្រុមងាយរងគ្រោះ រួមទាំងសេរីភាពសាសនា សេរីភាពបញ្ចេញមតិ សេរីភាពប្រើប្រាស់អ៊ីនធឺណិត និង ប្រព័ន្ធផ្សព្វផ្សាយសង្គម សេរីភាពសារព័ត៌មាន ការសម្រេចចិត្តដោយសេរី និងដោយឯករាជ្យ ការរីកចម្រើនលូតលាស់ផ្នែក ប្រាជ្ញាស្មារតី ការងារ មុខរបរ អាជីវកម្ម គឺអាចធ្វើការវាយតម្លៃពីវឌ្ឍនភាពសង្គមនៅកម្ពុជា ប៉ុន្តែត្រូវបានមើលរំលងដោយ ក្រុមអង្គការបរទេសមួយចំនួនតូចនេះ។
វេទិកាសន្តិភាពកម្ពុជា បានសង្កេតឃើញចំពោះកិច្ចខិតខំប្រឹងប្រែងអំពីវឌ្ឍនភាព សមិទ្ធផល ដែលកម្ពុជាសម្រេច
បាន ក្នុងការលើកកម្ពស់ការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត នីតិកាលទី៧ ឆ្នាំ២០២៣នេះ ដែលមានគណបក្ស ចំនួន១៨ ប្រកួតប្រជែងគ្នា បានប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសម្ងាត់ ស្រប តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងលិខិតបទដ្ឋានគតិយុត្តនានា ពិសេសស្របតាមរដ្ឋធម្មនុញ្ញ ជាមួយនឹងអត្រានៃអ្នកទៅចូលរួមបោះឆ្នោតរហូតដល់ជិត ៨៥% កំណត់ត្រានៃចំនួនអ្នកទៅបោះឆ្នោតដ៏ខ្ពស់នេះ គឺជា សក្ខីភាពបញ្ជាក់ពីការជឿជាក់ របស់ប្រជាពលរដ្ឋចំពោះដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា និងបានគូស បញ្ជាក់ពីភាពចាស់ទុំខាងលទ្ធិប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០២៣។
ជារួម វេទិកាសន្តិភាពកម្ពុជា ចាំបាច់ត្រូវឆ្លើយតប និងបញ្ជាក់ពីតថភាព ហេតុការណ៍ពិតនៅកម្ពុជា នៃដំណើរដ៏ឈឺ ចាប់ខ្លោចផ្សារ និងលំបាកលំបិនរបស់កម្ពុជា ទំរាំឈានមកដល់ដំណាក់បច្ចុប្បន្ន ទើបប្រជាពលរដ្ឋកម្ពុជា ចាប់ផ្ដើមឮពាក្យ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ក្រោមម្លប់សន្តិភាព និងស្ថិរភាព មានការរីកចម្រើន សេដ្ឋកិច្ច-សង្គម ដែលធ្វើឲ្យ វេទិកាសន្តិភាពកម្ពុជា ប្តេជ្ញាការពារឲ្យបានជាដាច់ខាត៕