ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២១០០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

" "

ភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍ ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ២១០០នាក់ លើមុខជំនាញសំខាន់ៗចំនួន ១២ប្រភេទ ដោយឥតគិតថ្លៃ និង ទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាលផងដែរ ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់វិទ្យាស្ថានកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យមានបណ្ដុះបណ្ដាល ជំនាញចំនួន១២មុខដូចជា ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងការជួសជុលរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត សេវាកម្មរដ្ឋបាល សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ ធុរកិច្ចភេសជ្ជៈ ការកែច្នៃបន្លែ និងផ្លែឈើ។

" "

វិទ្យាស្ថានពហុបច្ចេកទេស បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វិទ្យាស្ថាននឹងផ្តល់ ប្រឹក្សាយោបល់ ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារ ការងារ ជាពិសេសនោះ គឺកន្លែងចុះកម្មសិក្សា នៅតាមសហគ្រាស គ្រឹស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន ។ បន្ទាប់ពីបញ្ជាប់វគ្គបណ្តុះបណ្តាលនេះយុវជន នឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសសិក្សាបន្ត ផងដែរ ។

" "

ដោយសារតែការបណ្តុះបណ្តុះ ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាព របស់ប្រមុខ រាជរដ្ឋាភិបាល សម្រាប់ក្រុមយុវជន មកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាម ដែលមានបណ្ណសមធម៌ ឬបណ្ណក្រីក្រទាំងអស់ក្រៅ ពីទទួលបានការសិក្សា ដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួល បានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រហូតបញ្ចប់វគ្គបណ្តុះបណ្តាល ។

ការប្រកាសផ្តល់អាហាររូបករណ៍ ពីវិទ្យាស្ថានពហុបច្ចេកទេស នាពេលនេះ គឺធ្វើឡើងក្រោយពេល ដែលរាជរដ្ឋាភិបាល ប្រកាសដាក់ឱ្យដំណើរ ការកម្មវិធីបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន១.៥លាននាក់ ដើម្បីឱ្យមានជំនាញជាក់លាក់ និងឆាប់មានការងារធ្វើសមរម្យ ៕

To Top