ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកយកគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ត្រពាំងរពៅ-វាលរេញ មកពិភាក្សាលម្អិត ក្នុងទិដ្ឋភាពបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីពន្លឿនការអនុវត្ត ។
កិច្ចពិភាក្សាការងារនេះ ធ្វើឡើងជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
ជំនួបពិភាក្សានាព្រឹកនេះ ក៏បានធ្វើឡើងបន្ទាប់ពីការបំពេញបេសកកម្មការងារ ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដោយអង្គប្រជុំបានពិភាក្សាផ្តោតសំខាន់លើការងារបច្ចេកទេសក្នុងការសាងសង់ ដើម្បីធានាបានគុណភាពក្នុងការប្រើប្រាស់ឲ្យបានយូរ ការពិនិត្យលទ្ធភាពក្នុងការស្វែងរកប្រភពឥណទានដើម្បីទ្រទ្រង់គម្រោង និងការកំណត់ពេលវេលាសមស្របមួយដើម្បីចាប់ផ្តើមអនុវត្តគម្រោងមួយនេះ។
សូមជម្រាបថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ មានប្រវែងសរុប ៥៤,៣ គីឡូម៉ែត្រ ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារចំនួន៣៤គីឡូម៉ែត្ររួចហើយ ។ ដោយឡែក កំណាត់ផ្លូវពីចំណុចត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ទៅដល់ផ្លូវបំបែកវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសាងសង់ និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ២០គីឡូម៉ែត្រខាងលើនេះ តែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។ កំណាត់ផ្លូវនេះ តែងតែឆាប់ខូចទៅវិញ បន្ទាប់ពីជួសជុលហើយ ដោយសារតែស្ថានភាពដីនៅតំបន់នេះ ជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅអតិបរមាប្រមាណជិត១៨ម៉ែត្រ (ដោយកន្លែង)។ ដើម្បីឲ្យការស្ថាបនាកំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង ៕