ភ្នំពេញ ៖ រឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមនុស្សស្លាប់ម្នាក់ ហើយឪពុក-ម្តាយជនបង្កឲ្យសំណងតាមរយៈការចូលបុណ្យសព១ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងកុំឲ្យអូសដំណើរវែងឆ្ងាយ ហើយកំពុងជជែកគ្នាយ៉ាងផុសផុលនោះ ត្រូវបានស្ថាប័នអយ្យការចេញដីកាបញ្ជាបង្គាប់ឲ្យជនសង្ស័យ(ព្រហ្ម វិចិត្រសុសក្តា)បង្ហាញខ្លូន នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ។
តាមបណ្តាញតេឡេក្រាមគ្រុបព័ត៌មានដោយភ្ជាប់រូបភាពជនបង្ក នារសៀលថ្ងៃ១៩ ធ្នូនេះ លោក ជិន ម៉ាលីន បានលើកឡើងថា “ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឲ្យចូលខ្លួន បង្គាប់ឲ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤” ។
លោកថា ដីកាបញ្ជាឲ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។
ព្រហ្ម វិចិត្រសុសក្តា ត្រូវគេដឹងថា ជាកូនប្រុសរបស់លោកមេធាវី ព្រហ្ម វិចិត្រសភា មានទីលំនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានប្រពន្ធឈ្មោះ សុខ លីណា ៕