ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ពិធីនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សាកលវិទ្យាធិការ ដៃគូអភិវឌ្ឍន៍ និងមន្រ្តីរាជការ ព្រមទាំងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបប្រមាណ ៤០០នាក់។
សាស្ត្រាចារ្យរដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្តល់សេវាផ្សេងៗ ប្រកបដោយគុណភាព។
សាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្សដែលមានគុណភាពខ្ពស់ និងសុខភាពល្អ ដោយក្រសួងសុខាភិបាល បាននិងកំពុងជំរុញការលើកកម្ពស់គុណភាពបណ្តុះបណ្តាល នៅតាមគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងអមសុខាភិបាល ទាំងរដ្ឋ និងឯកជន តាមរយៈការកែលំអកម្មវិធីសិក្សា ការអនុវត្តគោលការណ៍ច្បាប់ ការធ្វើទំនើបកម្ម ការរៀន និងការបង្រៀន និងការពង្រឹងសមត្ថភាពគ្រូទ្រឹស្តីនិងកម្មសិក្សា។
នាឱកាសនោះ រដ្ឋមន្រ្តីផ្តល់អនុសាសន៍ណែនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអនុវត្តពង្រឹងគុណភាពបណ្តុះបណ្តាលបន្ថែមទៀត និងបានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់ ឲ្យបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការជួយផ្តល់នូវសាស្រ្តាចារ្យ មកបង្រៀន នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំង ផ្តល់សាស្រ្តាចារ្យជួយពង្រឹងគុណភាពកម្មសិក្សា ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ជាចុងក្រោយ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ និស្សិតទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យអស់ពី កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ព្រមទាំងត្រូវខិតខំលើកកម្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈ៕










