ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារ សកម្មភាពជនមានពិការភាព ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធាន “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌” ។
ពិធីសំណេះសំណាលនេះ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរភាពជោគជ័យ នៃវិស័យពិការភាពនៅកម្ពុជា និងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ព្រមទាំងដាក់ឲ្យអនុវត្តផែនការ យុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពរបស់ក្រសួងចំនួន ៧២រូប។
យោងតាមរបាយការណ៍របស់លោកសុខ ម៉េង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាព ជនមានពិការភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ក្រោមឱវាទក្រសួង មានមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាជនមានពិការភាពសរុបចំនួន ៣៨នាក់ ស្មើ ៣,៨% ធៀបនឹងចំនួនមន្ដ្រីរាជការសរុបនៃក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនោះនៅទីស្ដីការក្រសួងចំនួន១១នាក់ និងនៅតាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី-ខេត្តចំនួន ២៧នាក់។
ក្នុងឱកាសនោះដែរ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានឡើងអាន ព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ។
ក្នុងនាម រដ្ឋមន្ត្រី និងជាប្រធានកិត្តិយសក្រុមការងារ សកម្មភាពជនមានពិការភាព ក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានពាំនាំសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពទាំងអស់ ព្រមទាំងបានមានប្រសាសន៍ថា ជនមានពិការភាពទាំងអស់ បានចូលរួមចំណែកធ្វើឲ្យសម្រេចបានជោគជ័យ របស់ក្រសួងលើការងារអភិវឌ្ឍន៍ជនបទផងដែរ ។
ក្រសួងនឹងបន្តលើកទឹកចិត្តដល់មន្ត្រីមានពិការភាព ឲ្យចូលរួមគ្រប់សកម្មភាព របស់ក្រសួង។
ឆ្លៀតក្នុងពិធីសំណេះសំណាលនោះ លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើជូនមន្ដ្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាពទាំងអស់ ដូចខាងក្រោម៖
១-បន្ដខិតខំអនុវត្តតួនាទី ភារកិច្ច គោរពវិន័យការងារ ក្រមសីលធម៌មន្ដីរាជការ ដោយអនុវត្តតាមគោលការណ៍ ផ្អែកលើសមិទ្ធផលដែលមានស្រាប់ បន្ដខិតខំបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីចូលរួមចំណែកសម្រេចបាន នូវយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។
២-ចូលរួមផ្សព្វផ្សាយនូវគោលនយោបាយ, គោលការណ៍,ច្បាប់, និងបទដ្ឋានគតិយុត្តនានា ដល់ប្រជាជននៅតំបន់ជនបទ នៅពេលបំពេញការងារ។
៣-បន្ដចូលរួមថែរក្សាសន្ដិភាព, សាមគ្គីភាព, ឯកភាពផ្ទៃក្នុង និងសហការគ្នាដើម្បីអនុវត្តការងារ សំដៅសម្រេចការងារអភិវឌ្ឍន៍ជនបទ ឲ្យទទួលបានជោគជ័យ តាមផែនការដែលបានគ្រោងទុក៕