ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ សាជីវកម្មទឹកកូរ៉េ (K-Water)

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣បានអនុញ្ញាតឱ្យលោកបណ្ឌិត Seong Yong Han អនុប្រធានសាជីវកម្មទឹកកូរ៉េ (K-Water) ដឹកនាំគណៈប្រតិភូកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូ សាជីវកម្មទឹកកូរ៉េ (K-Water) និងសហការី ដែលបានឆ្លៀត ពេលដ៏មានតម្លៃ ដើម្បីជួបពិភាក្សាការងារ កិច្ចសហប្រតិបត្តិការ លើវិស័យធនធានទឹកនិងឧតុនិយម ។ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ នាពេលកន្លងមក និងបានទទួលស្គាល់នូវភាពជាដៃគូ ដ៏សំខាន់រវាងក្រសួងធនធានទឹក និងឧតុនិយម និងសាជីវកម្មទឹកកូរ៉េ (K-Water) ក្នុងការកសាង និងការអភិវឌ្ឍវិស័យ ធនធានទឹកនៅកម្ពុជា ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់គណៈប្រតិភូ សាជីវកម្មកូរ៉េ(K-Water) ថា ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និង ឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ និងជាចលករជំរុញ ដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។
លោករដ្ឋមន្ត្រីក៏បានលើកឡើង អំពីផែនការរបស់ក្រសួង ដែលបាននឹងកំពុងរៀបចំផែនការ យុទ្ធសាស្ត្រក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ក្នុងរយៈពេល ៥ឆ្នាំខាងមុខផងដែរ ។

លោករដ្ឋមន្រ្តីបានស្នើឱ្យ K-Water ជួយពិចារណាផ្តល់ជំនួយ បន្ថែមលើវិស័យឧតុនិយម ជាពិសេសជួយទាំងបច្ចេកទេស ការជួសជុល និងការដំឡើង ស្ថានីយរ៉ាដា Doppler បន្ថែមយ៉ាងហោចណាស់ ៤-៥ នៅទូទាំងប្រទេស ដើម្បីធានាប្រសិទ្ធភាពការព្យាករ និងកាត់បន្ថយ គ្រោះមហន្តរាយធម្មជាតិ ។

សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៩មក ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយសាជីវកម្មទឹកកូរ៉េ (K-Water) ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងជាច្រើនមាន គម្រោងសិក្សាសមិទ្ធិលទ្ធភាព គម្រោងសិក្សាផែនការមេ និងជាទីប្រឹក្សាបច្ចេកទេស នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនានា ។

ជាមួយគ្នានេះដែរ តាមរយៈ K-Water ក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុងសិក្សា ១)គម្រោងគ្រប់គ្រងទឹកអាងដៃនៃទន្លេមេគង្គចំនួន៤ (ព្រែកព្រះ ព្រែកគ្រាង ព្រែកកាំពី និង ព្រែកទេ) ២)ផែនការមេស្រុកគងពិសី ដែលជាផ្នែកមួយនៃស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ (Master Plan for Kong Pisey District in Kampong Speu on part of Preak Thot River) ៣)គម្រោងគ្រប់គ្រងធនធានទឹកចម្រុះស្ទឹងសង្កែ(Sangke River IRWM Project) និង ៤)គម្រោងប្រព័ន្ធព្រមាននិងព្យាករណ៍ទឹកជំនន់ស្ទឹងសែន ( Sen River Flood forecasting and Warning System)។

លោកបណ្ឌិតអនុប្រធានសាជីវកម្មទឹកកូរ៉េ (K-Water) បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាត ឱ្យគណៈប្រតិភូសាជីវកម្មទឹកកូរ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តរួមចំណែក ជួយដល់រាជរដ្ឋាភិបាល ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះឈានឡើងប្រកបដោយចីរភាព ។

លោកអនុប្រធានបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ របស់ក្រសួងធនធានទឹក និងឧតុនិយម និងបានគូសបញ្ជាក់ ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយដល់ការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជំនួបសម្តែងការគួរសម និង ពិភាក្សាការងារបានបញ្ចប់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល ព្រមទាំងបង្ហាញនូវសុច្ឆន្ទៈ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ៕

To Top