ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា និងសង្គស៊ីវិល គាំទ្រឲ្យមានការតំឡើងពន្ធលើថ្នាំជក់ កាន់តែខ្ពស់

ភ្នំពេញ៖ រាជ្យបណ្ឌិត្យសភាកម្ពុជា និងសង្គមស៊ីវិលបានជំរុញ និងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការគិតគូរដល់ការតំឡើងពន្ធលើថ្នាំជក់ឲ្យបានខ្ពស់ថែមទៀតដើម្បីកាត់បន្ថយអ្នកប្រើប្រាស់ឲ្យមកនៅកម្រិតទាប និងបង្កើនចំណូលពន្ធចូលថវិកាជាតិ។

ក្នុងពិធីបើកកិច្ចពិភាក្សាតុមូលស្តីពី វិធានការពន្ធលើថ្នាំជក់ នៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ដិត្យសភាកម្ពុជា មានប្រសាសន៍ថា គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយចំណេះដឹងអំពីហានិភ័យពីការប្រើប្រាស់ផលិតផលថ្នាំជក់ដល់យុវជនបានទូលំទូលាយ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់កាន់តែមានប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការតំឡើងពន្ធលើថ្នាំជក់ជាដើម។

លោក បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា បរិយាកាសនៃការប្រើប្រាស់ថ្នាំជក់ បានផ្លាស់ចេញពីការទទួលទានបារី មកការទទួលទាននូវបារីអេឡិចត្រូនិកសម្រាប់យុវជន ដែលអាចនឹងធ្វើប៉ះពាល់ដល់សុខភាពនិងរារាំងដល់ការរីកចម្រើន នៃអាយុសង្ឃឹមរស់ ឬរបស់ប្រជាពលរដ្ឋ។ ការចំណាយលើសេវាសុខភាព ប្រជាពលរដ្ឋ នឹងអាចក្លាយជាបន្ទុកធំ ក្នុងការចំណាយរបស់រាជរដ្ឋាភិបាល ប្រសិនបើប្រជាពលរដ្ឋរងជំងឺ ដោយសារតែការជក់បារី ។

លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា “ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះដែលធ្វើឲ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាល មកពីការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ” ។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា កម្ពុជាស្ថិតក្នុងចំណោម ប្រទេសដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេនៅក្នុងតំបន់អាស៊ាន។ បច្ចុប្បន្ន អត្រាពន្ធលើផលិតផល ថ្នាំជក់ធៀបតម្លៃលក់រាយ នៅកម្ពុជា មានត្រឹមតែ២៥% ចំពោះបារីក្នុងស្រុក និង៣១.១%ប៉ុណ្ណោះចំពោះបារីនាំចូល ខណៈប្រទេសថៃមានអត្រាពន្ធធៀបតម្លៃលក់រាយ ៧០% សិង្ហបុរី ៦៧.៥% និងភូមា ៥០%ទៅ៦០% ។

លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបាមានប្រសាសន៍ថា ការតំឡើងពន្ធនេះ មិនមានប៉ះពាល់ដល់លើការងារប្រជាពលរដ្ឋ អាចកាត់បន្ថយភាពក្រីក្រ កែលម្អសុខភាពសាធារណៈ ការពារយុវជនពីការចាប់ផ្តើមជក់បារីជាដើម។ ម៉្យាងវិញទៀតកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមានកាតព្វកិច្ចដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តអនុវត្តអនុសញ្ញានេះ។

លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ពន្ធលើថ្នាំជក់រួមមានអាករពិសេស អាករបំភ្លឺសាធារណៈ អាករលើតម្លៃបន្ថែមពន្ធនាំ ចូល និង ពន្ធលើប្រាក់ចំណូលប្រាក់ចំណេញ។ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងខ្លាំងចំពោះការងារតំឡើងពន្ធលើថ្នាំជក់នេះ ចាប់តាំងពីឆ្នាំ១៩៨៥រហូតដល់បញ្ចុប្បន្ននេះ មានការកើនឡើងដល់៣៣ភាគរយហើយ។ ហើយនៅឆ្នាំ២០២៥រាជរដ្ឋាភិបាលក៏នឹងផ្តូរប្រព័ន្ធនៃការប្រមូលពន្ធថ្នាំជក់ពីការគិតតាមថ្លៃលក់ទៅជាប្រព័ន្ធម៉ិចវិញ។ ប៉ុន្តែយើងត្រូវធ្វើជាដំណាក់កាល និងប្រុងប្រយ័ត្នបំផុត បើមិនពុំដូច្នោះទេ អាចធ្វើឱ្យបាត់ចំណូលរដ្ឋវិញ និងបង្កើតឱ្យមានការរត់ពន្ធបារីខុសច្បាប់ជាដើម។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥,០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យកម្ពុជាខាតបង់ទឹកប្រាក់៦៤៩លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង៣% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។ក្នុងនោះ ៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ ផលិតភាពធ្លាក់ចុះ ពីការសម្រាកជក់បារី និង អវត្តមានពីការងារជាដើម៕

To Top