ព័ត៌មានជាតិ

កសិករ មកពីទូទាំងប្រទេសអាល្លឺម៉ង់ បើកត្រាក់ទ័រ ១.៧០០គ្រឿង ចូលក្រុងប៊ែរឡាំង តវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល

រូបភាពពី៖​ RT News

បរទេស៖ កសិករមកពីទូទាំងប្រទេសអាល្លឺម៉ង់ បានបើកត្រាក់ទ័រនៅក្រុងប៊ែរឡាំងកាលពីថ្ងៃចន្ទ ដោយតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការឧបត្ថម្ភធនប្រេងម៉ាស៊ូត និងការបន្ធូរបន្ថយពន្ធសម្រាប់យានយន្តកសិកម្ម។ ថ្មីៗនេះ ទីក្រុងប៊ែកឡាំងបានប្រកាសពីវិធានការរឹតត្បិតសម្រាប់ឆ្នាំ ២០២៤ ដើម្បីទប់ទល់នឹងឱនភាពថវិការាប់ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កសិករដែលមានការខឹងសម្បារ គឺបានបិទផ្លូវមួយនៅជិតរូប Brandenburg Gate ដ៏ល្បីល្បាញ ដោយកាន់បដាដែលសរសេរថា “នយោបាយរបស់អ្នកគឺជាការប្រកាសសង្រ្គាមប្រឆាំងនឹងកសិករ” និង ពាក្យ “គ្រប់គ្រាន់គឺគ្រប់គ្រាន់!” ដោយ ក្រុមអ្នកតវ៉ាបារម្ភថា ការកាត់បន្ថយថវិកាដែលបានគ្រោងទុក គឺនឹងធ្វើឱ្យវិស័យកសិកម្មរបស់ប្រទេសអាល្លឺម៉ង់ជិត ១ ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ១,១ ពាន់លានដុល្លារ កាន់តែអាក្រក់នៅឆ្នាំក្រោយ។ យោងតាមនាយកដ្ឋានប៉ូលីសទីក្រុងប៊ែកឡាំង ត្រាក់ទ័រប្រហែល ១.៧០០គ្រឿង និងកសិករចំនួន ៦.៦០០ នាក់បានចូលរួមក្នុងការតវ៉ានេះ។

សមាគមកសិករអាល្លឺម៉ង់ (DBV) និងក្រុមអ្នកតវ៉ា Land Creates Connection (LsV) បានគំរាមពង្រីកបាតុកម្ម ប្រសិនបើវិធានការកាត់បន្ថយត្រូវបានអនុវត្ត។ ប្រធាន DBV លោក Joachim Rukwied បានព្រមាននៅឯការប្រមូលផ្តុំគ្នានោះថា “ចាប់ពីថ្ងៃទី៨ ខែមករា យើងនឹងមានវត្តមាននៅគ្រប់ទីកន្លែងតាមរបៀបដែលប្រទេសនេះមិនធ្លាប់មានពីមុនមក។ យើងនឹងមិនទទួលយករឿងនេះទេ»។

ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋ ARD នៅឯការតវ៉ា រដ្ឋមន្ត្រីក្រសួងកសិកម្មអាល្លឺម៉ង់ លោក Cem Ozdemir បាននិយាយថា កសិករគ្មានជម្រើសជំនួសប្រេងម៉ាស៊ូតទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top