ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំឱ្យរដ្ឋាភិបាលចិនពិនិត្យលទ្ធភាព ពង្រីកការជួយជ្រោមជ្រែង លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសបន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដំណើរទស្សនកិច្ចរបស់លោក Wu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃសាធារណៈរដ្ឋប្រជាមានិតចិន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
លោកបន្ថែមថា៖ «បន្ថែមពីលើនេះខ្ញុំសូមស្នើឱ្យមិត្តចិន ពិនិត្យលទ្ធភាពធ្វើយ៉ាងណាពង្រីក ការជួយជ្រោមជ្រែងមកលើការបណ្តុះបណ្តាល នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសបន្ថែមទៀត ។ ទាំងនេះ[ដំណើរទស្សនៈកិច្ច]បង្ហាញឱ្យ ឃើញពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។
សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនួយរបស់ចិនលើការបណ្តុះបណ្តាល បច្ចេកទេសគឺជាគាំទ្រដ៏សំខាន់សម្រាប់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសដើម្បីពង្រឹងគុណភាព និងសមត្ថភាពនៃការបណ្តុះបណ្តាល ធនធានមនុស្សកម្ពុជា។

ជាការឆ្លើយតប លោក Wu Yan អនុរដ្ឋមន្រ្តីក្រសួងអប់រំនៃ សាធារណៈរដ្ឋជាមានិតចិន បានគូសបញ្ជាក់ពីលទ្ធភាពនៃការពិនិត្យលើសំណើរ និងបន្តប្តេជ្ញាជួយជ្រោមជ្រែង លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសដើម្បីជាឧត្តមប្រយោជន៍ ជូនពលរដ្ឋកម្ពុជាដែលនឹងធ្វើឱ្យទំនាក់ទំនង ប្រទេសទាំងពីរកាន់តែជិតស្និទ្ធបន្ថែមទៀត។
លោកបញ្ជាក់ថា៖ “ក្នុងនាមរដ្ឋាភិបាលចិន លោកនឹងខិតខំធ្វើយ៉ាងណាឱ្យកិច្ចសហការ រវាងប្រទេសទាំងពីរលើការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឱ្យកាន់តែប្រសើឡើងថែមទៀត”។
បន្ថែមពីនេះ លោកអនុរដ្ឋមន្ត្រី ក៏បានកោតសរសើរពីថ្នាក់ដឹកនាំលោកគ្រូ អ្នកគ្រូនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសដែលបានខិតខំប្រឹងប្រែងលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋកម្ពុជាដែលធ្វើឱ្យវិទ្យាស្ថានមានឈ្មោះបោះសំឡេងមកទល់សព្វថ្ងៃនេះ។
ដោយឡែក លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងផងដែរថា វិទ្យាស្ថានជាតិពហុបច្ចេកទេស បានទទួលសម្ភារៈជាច្រើនពីភាគីចិន សម្រាប់បម្រើលើតម្រូវការបណ្តុះបណ្តាល នៅវិទ្យាស្ថាននេះផងដែរ ។ ថ្នាក់ដឹកនាំទាំងអស់វាយតម្លៃខ្ពស់ ចំពោះការជួយជ្រោមជ្រែងទាំងនេះ ហើយរាល់ជំនួយរបស់ភាគីចិនពិតជា មានសារសំខាន់ខ្លាំងណាស់សម្រាប់វិទ្យាស្ថាន ។

លោកបានបញ្ជាក់ផងដែរថា វិទ្យាស្ថានជាពហុបច្ចេកទេសគឺជាកន្លែង បណ្តុះបណ្តាលមួយដ៏សំខាន់នាពេលបច្ចុប្បន្ន ដែលបានបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ឱ្យមានឱកាសការងារល្អ និងមានសមត្ថិភាពខ្ពស់ឆ្លើយតបទៅនឹង តម្រូវការការងារនៅកម្ពុជាបច្ចប្បន្ន៕
