ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ បណ្ដេញ នគរបាលប្រឆាំងគ្រឿងញៀន ថ្នាក់វរសេនីយ៍មួយរូប ចេញពីក្របខ័ណ្ឌ ដោយពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបណ្ឌិត ស សុខា បានសម្រេចអនុវត្តវិន័យ ចំពោះលោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ អត្តលេខ៧៨២១៧ ដោយដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញ ពីក្របខ័ណ្ឌមន្ត្រីនគរនបាលជាតិ។ នេះបើតាមសេចក្ដីសម្រេច ដែលប្រមុខក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ត្រី សួន តុសិត្យពិទូរ្យ មានតួនាទីជានាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមលោក បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មន្ត្រីរូបនេះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។

នេះមិនមែនជាលើកទីមួយទេ ដែលលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី សម្រេចបណ្ដេញចេញ ពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ លើមន្ត្រីដែលរកឃើញថា ប្រព្រឹត្តល្មើសវិន័យនគរបាលជាតិ និងច្បាប់ជាតិ។ ក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏បានអនុវត្តវិធានការ នេះយ៉ាងសកម្ម និងតឹងរឹងផងដែរ ។

សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរម្លឹកដោយសង្កត់ធ្ងន់ នូវប្រសាសន៍ដ៏ច្បាស់លាស់ របស់លោកបណ្ឌិត ស សុខា ដែលលោកតែងតែបញ្ជាក់ថា មន្ត្រីនគរបាលជាតិរូបណាក៏ដោយ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ប្រសិនបើរកឃើញថាជាប់ព័ន្ធនឹងគ្រឿងញៀន ទាំងការរក្សាទុក ប្រើប្រាស់ និងជួញដូរ៕

To Top