ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ ដោយរឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម។
ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១១) ដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោក ជាវ តុលា នាយករងមន្ទីរ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណី ជួញដូរ រក្សាទុកគ្រឿងញៀន នៅពីរគោលដៅផ្សេងគ្នា ទី១៖ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទី២៖ បុរីមួយកន្លែង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់៖ ១. ឈ្មោះ XIE JIE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៦, ២.ឈ្មោះ LE MINH HUY ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៨ ខែមករា ឆ្នាំ២០០២, ៣.ឈ្មោះ TRAN NGOC PHAT ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី៦ ខែមករា ឆ្នាំ២០០១ និង៤. ឈ្មោះ ZANG PEIPEI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩០។
សម្រាប់វត្ថុតាងដែលចាប់យកបានរួមមាន៖ សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៦ គីឡូក្រាម និង៤៦ក្រាម, សារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ២៨ គីឡូក្រាម និង ៣៨០ក្រាម, សារធាតុញៀនកេតាមីន (Ketamine) ទម្ងន់ ៨៣២ ក្រាម, សារធាតុញៀននីមេតាហ្សេប៉ាម ទម្ងន់ ២ គីឡូក្រាម ៩៦៦ក្រាម។ សរុបគ្រឿងញៀន ទម្ងន់ ៥៨ គីឡូក្រាម និង២២៤ ក្រាម ជាមួយសារធាតុផ្សំបង្កើនបរិមាណ ទម្ងន់ ៣៣៦.៤០ គីឡូក្រាម និងសារធាតុមិនច្បាស់ ៣ គីឡូក្រាម និង៩៦៦ ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងរឹបអូសបាន ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕