ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា ការធ្វើព្រែកជីហ្វូណនតេជោ និងពង្រីកកំពង់ផែព្រះសីហនុ មិនមានអ្វីជាអាថ៌កំបាំងឡើយ គឺដើម្បីពង្រីកសក្ដានុពលសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែរីកច្រើនបន្ថែមទៀត ។
ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ នាថ្ងៃ២២ ធ្នូនេះ សម្ដេចធិបតីមានប្រសាសន៍ថា «គេថា អាថ៌កំបាំងនូវការធ្វើព្រែកជីកហ្វូណន អាថ៌កំបាំងស្អី ខ្ញុំមិនចាំបាច់និយាយអាថ៌កំបាំងទេ គ្មានអីត្រូវលាក់លៀមទេ ព្រោះការធ្វើព្រែកជីកភ្ជាប់ទន្លេសមុទ្រ បូកជាមួយការអភិវឌ្ឍកំពង់ផែព្រះសីហនុនេះ គ្មានអីអាថ៌កំបាំងទេ គឺដើម្បីពង្រីកសក្ដានុពលសេដ្ឋកិច្ចកម្ពុជា ជួយឲ្យសេដ្ឋកិច្ចរីកចម្រើន និងធ្ចើឲ្យប្រជាជនកម្ពុជា កាន់តែរីកចម្រើនមានជីវភាពធូរធារ នេះគឺជាកិច្ចការសំខាន់» ។
សម្ដេចធិបតីបន្ថែមថា ការអភិវឌ្ឍក្នុងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកនេះ ដើម្បីបម្រើសក្ដានុពលសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅតាមបណ្ដោយព្រែកជីក និងនៅក្នុងតំបន់ ដែលទាំងនេះហើយជាគោលដៅសំខាន់ របស់រាជរដ្ឋាភិបាល ។
សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធផល រួចរាល់ដោយបានប្រើប្រាស់ រយៈពេលសរុប២៦ខែ គ្រោងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារ។ តាមសិក្សាបង្ហាញថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ៖ ខេត្តកណ្ដាល តាកែវ កំពត និងកែប៕