ព័ត៌មានជាតិ

លោក​ ហេង សួរ៖ រាជរដ្ឋាភិបាល មានឆន្ទៈកាត់បន្ថយ ការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរ នៅបរទេស

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជា ដែលធ្វើការនៅបរទេស។

ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ ទេសន្តរប្រវេសករឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកស្រី​ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី Kristin Parco ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ (IOM) ឯកអគ្គរាជទូត និងរដ្ឋទូតនៅកម្ពុជាមួយចំនួន និងមន្ត្រីជាន់ខ្ពស់នៃបណ្តាក្រសួងមន្ទីរ និងសង្គមស៊ីវិលពាក់ព័ន្ធសរុបប្រមាណ២០០រូប។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុក ដោយខុសច្បាប់តាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និងការផ្តល់អន្ថប្រយោជន៍ខ្ពស់ តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារជាសេនាធិការ បានបានពង្រាយ និងពង្រីកជាបន្តបន្ទាប់នូវអនុពន្ធការងារ នៅតាមបណ្តាប្រទេសគោលដៅ ដែលពលករកម្ពុជាកំពុងមានវត្តមាន ដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករ ក្នុងករណីមានការរំលោភបំពាន។ ទាំងនេះ គឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលមិនព្រងើយកន្តើយ ចំពោះពលករកម្ពុជានៅបរទេសឡើយ។

ក្រៅពីកិច្ចគាំពារ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងការងារ បានរៀបចំពិធីសាសនាផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពិធីបុណ្យផ្សេងទៀត នៅតាមបណ្តាប្រទេសគោលដៅ ដើម្បីផ្តល់ភាពកក់ក្តៅជូនពលករ ដែលនៅឆ្ងាយពីស្រុកកំណើត ហើយព្រឹត្តិការណ៍ទាំងនេះ ក៏នឹងបន្តរៀបចំបន្ថែមទៀតផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនអង្គពិធីផងដែរថា ក្នុងអាណ្តតិទី៧នេះ ផ្នែកទេសន្តរប្រវេសន៍ បានក្លាយជាកម្មវិធីដ៏សំខាន់ និងជាអាទិភាពសម្រាប់ក្រសួង ក្នុងការយកចិត្តទុកដាក់ដើម្បី លើកកម្ពស់ និងគាំពារសិទ្ធពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ដូចជាជនបរទេសដែលធ្វើការនៅកម្ពុជា។

ទោះបីជាបែបណាក៏ដោយ លោករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានក្រមសីលធម៌ និងមនសិកាវិជ្ជាជីវ:ដើម្បីរួមគ្នាសម្រេច បាននូវគោលដៅរួមដែលចង់បានការកម្ពស់ការការពារសិទ្ធ និងអត្ថប្រយោជន៍ស្របច្បាប់នានា ជូនពលករទេសន្តរប្រវេសន៍៕

To Top