ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមនឹងផលិតករ សិល្បករភាពយន្តកម្ពុជា ចូលរួមព្រឹត្តការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ នៅទីក្រុងសៀកមិន ខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន ។
កម្មវិធីនេះ សហការរៀបចំដោយ រដ្ឋបាលសង្កាត់ ហ៊ូលី ទីក្រុងសៀមិន គណៈកម្មការរៀបចំ មហោស្រព ភាពយន្តអាសុីកម្ពុជា និងនាយកដ្ឋាន សិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ ដោយមានការគាំទ្រដោយ ការិយាល័យភាពយន្តប្រចាំខេត្តហ្វូជៀន ការិយាល័យភាពយន្តទីក្រុងសៀកមិន និងសាលាភាពយន្ត នៃសាកលវិទ្យាល័យសៀកមិន ។
នៅក្នុងព្រឹត្តការណ៍រយ:ពេល០២ថ្ងៃនេះ ភាពយន្តកម្ពុជា៤ចំណងជើង ត្រូវបានចាក់បញ្ចាំងជាសាធារណៈ តាមរោងភាពយន្តនានានៅទីក្រុងសៀកមិន ព្រមទាំងមានការរៀបចំតាំងពិព័ណ៌វត្ថុសិល្បៈខ្មែរផងដែរ។ ជាមួយនេះ គណ:ប្រតិភូក៏ធ្វើទស្សនកិច្ចនៅសាលាភាពយន្ត នៃសាកលវិទ្យាល័យសៀកមិន និងបានកម្មវិធីកិច្ចពិភាក្សាស្តីពីឱកាស និងបញ្ហាប្រឈម នៃការធ្វើសហផលិតកម្ម, ការរីកចម្រើននៃការសម្តែងភាពយន្តផងដែរ។
ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្ដមបានចាត់ទុកការរៀបចំសប្តាហ៍ផ្លាស់ប្តូរភាពយន្ត និងវប្បធម៌កម្ពុជា-ចិននៅទីក្រុង Xiamen នាពេលនេះ គឺជាព្រឹត្តការណ៍ ដ៏សំខាន់ មួយទៀត ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាង ប្រទេសទាំង២ កម្ពុជាចិន ជាពិសេសលើវិស័យភាពយន្ត និង ជាឱកាសសម្រាប់អ្នកដឹកនាំ រឿង ផលិតករ និង អ្នកដែលមាន អាជីពក្នុងវិស័យភាពយន្តឲ្យខិតខំចាប់ដៃគ្នា បង្កើតឪកាសវិនិយោគ លើវិស័យភាពយន្ត បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើការផលិត ភាពយន្ត ពិសេសរួមគ្នា ផលិតខ្សែភាពយន្ត ដើម្បីជាផលប្រយោជន៍របស់ភាគីទាំងសងខាង រួមចំណែកក្នុងការបង្កើនការយល់ ដឹងរវាងប្រជាជននិងប្រជាជន និងជាផ្នែក មួយជួយពង្រឹងទំនាក់ទំនង លើវិស័យវប្បធម៌ ។
សូមជម្រាបជូនថា ព្រឹត្តិការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន” គឺក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងទ្វេភាគី ពិសេសរវាងប្រជាជនកម្ពុជា និងប្រជាជននៅទីក្រុង Xiamen ស្របពេល ដែលប្រទេស យើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃ ទំនាក់ទំនង ការទូត នាឆ្នាំ២០២៣នេះ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន