ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មី នូវការចង់បានឲ្យវិស័យឯកជនចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ។
នៅក្នុងឱកាស អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី បានលើកឡើងថា “កិច្ចការសំខាន់ រូបមន្តភាពជាដៃគូនៃរដ្ឋ និងវិស័យឯកជន ជាអ្វីដែលរាជរដ្ឋាភិបាលអាណត្តិនេះ ត្រូវជំរុញឲ្យបានច្រើន រដ្ឋដើរតួនាទី ក្នុងការគាំទ្រ ការរៀបចំនូវបទដ្ឋានកិត្តិយុទ្ធ និងគាំទ្រដល់វិស័យឯកជនឲ្យចូលរួម រដ្ឋមិនអាចដើរតួនាទីជំនួសវិស័យឯកជន នៅក្នុងការជំរុញ ការអភិវឌ្ឍវិស័យឯកជន ឬធួរកិច្ចនោះទេ” ។
ក្នុងនោះសម្តេចធិបតី បញ្ជាក់ថា “ចឹងអ្វីដែលខ្ញុំចង់បាន ហើយខ្ញុំបានលើកជាច្រើនវេទិកា គឺធ្វើយ៉ាងណា រៀបចំយន្តការបែបណា ដើម្បីឲ្យមានការចូលរួម របស់វិស័យឯកជន ក្នុងការកំណត់ពិភាក្សា រៀបចំគោលនយោបាយ និងការដឹកនាំអនុវត្ត” ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “ក្រសួងទេសចរណ៍ឆ្នាំនេះ យើងបានរៀបចំជាក្រុមប្រឹក្សា ទេសចរណ៍មួយ ដែលឲ្យវិស័យឯកជនចូលរួម នៅក្នុងការកំណត់ទិសដៅ ការពិភាក្សាក្របខណ្ឌគោលនយោបាយ ក៏ដូចជាចូលរួមនៅក្នុងការអនុវត្ត និងការទទួលខុសត្រូវ រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ហើយនេះគឺជាគោលការណ៍ ដែលយើងចង់បាន”៕