ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងអង្គការអន្តរជាតិខាងការងារ នៅថ្ងៃទី២២ ខែធ្នូ ២០២៣នេះ បានបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ក្រោមមូលបទ“ជំរុញការធ្វើទេសន្តប្រវេសន៍ ការងារដោយស្របច្បាប់ តាមរយៈអភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការទទួលស្គាល់ជំនាញ សម្រាប់ទេសន្តរប្រវេសករកម្ពុជា” ។
ក្នុងនោះ លោករដ្ឋមន្រី្ត បានសង្កត់ធ្ងន់លើ៣ចំណុចសំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលករ និងការលើកកម្ពស់សមត្ថភាព និងសិទ្ធិសេរីភាពរបស់ពលករ ទេសន្តរប្រវេសន៍របស់កម្ពុជា ។
៣ចំណុចសំខាន់ ដែលរដ្ឋមន្ត្រីលើកឡើងនោះ រួមមានទី១ ការបង្កើនការយល់ដឹងអំពីការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបញ្ហាប្រឈម របស់ពលករ ការអភិវឌ្ឍ និងការទទួលស្គាល់ជំនាញ និងការផ្តល់ជំនួយផ្លូវច្បាប់ជូនដល់ទេសន្តរប្រវេសករ។ ទី២ ការសម្របសម្រួលកិច្ចសន្ទនា អំពីគោលនយោបាយ ប្រកបដោយអត្ថន័យ រវាងអ្នកបង្កើតគោលនយោបាយ អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធ ដើម្បីឆ្លើយតប ឱ្យកាន់តែប្រសើរឡើង អំពីតម្រូវការ និង ដំណោះស្រាយ ការអភិវឌ្ឍ និង ការទទួលស្គាល់ជំនាញ និងការផ្តល់ជំនួយផ្លូវច្បាប់ ដល់ទេសន្តរប្រវេសករ ។ និងទី៣ ការផ្តល់ព័ត៌មាន អំពីការធ្វើទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព និងស្របច្បាប់ដល់ប្រជាពលរដ្ឋ មុនពេលសម្រេចចិត្តធ្វើទេសន្តរប្រវេសន៍ ការងារទៅបរទេសដែលជាជម្រើសចុងក្រោយ ហើយត្រូវធ្វើទេសន្តរប្រវេសន៍ដោយស្របច្បាប់។
ក្នុងនោះលោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ទិវាទេសន្តរប្រវេសន៍អន្តរជាតិនេះ នឹងក្លាយជាឱកាសមួយដើម្បីលើកកម្ពស់ការសន្ទនាប្រកបដោយការយល់ដឹង តុល្យភាពស្តីពីការធ្វើទេសន្តរប្រវេសន៍ ការចែករំលែកបទពិសោធន៍ និងបំណងប្រាថ្នារបស់ពលករទេសន្តរប្រវេសក៍នៅក្នុងសហគមន៍។
ពលករទេសន្តរប្រវេសន៍របស់កម្ពុជាមានប្រមាណជាង១.៣លាននាក់ដែលនៅក្នុងនោះ នៅប្រទេសថៃ មានពលករខ្មែរ១.២លាននាក់ ក្រៅពីនោះ មាននៅ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបូរី កោះហុងកុង និងប្រទេសអារ៉ាប៊ីសាវអូឌីតជាដើម ។
គួរំលឹកដែរថា ក្នុង១ឆ្នាំៗ ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅបរទេស បានបញ្ជូនថវិកាប្រមាណជាង២ពាន់លានដុល្លារ អាមេរិកដែលស្មើប្រមាណ៤% នៃផលិតផលសរុបក្នុងស្រុក៕