ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល នាព្រឹកថ្ងៃទី២២ ធ្នូ បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត។
សាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនេះ នឹងរួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពនៃដំណើរការរបស់ក្រុមការងារបច្ចេកទេសសុខាភិបាល (TWGH) និងក្រុមការការងារបច្ចេកទេសសុខាភិបាលរាជធានី-ខេត្ត (Pro-TWGH) ដែលជាយន្តការសម្របសម្រួលរួមរវាងវិស័យសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ដើម្បីពិនិត្យ កំណត់អាទិភាព ធ្វើសុខដុមនីយកម្មសកម្មភាព ពិភាក្សា និងដោះស្រាយបញ្ហាបច្ចេកទេស ធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់កៀរគរធនធាន និងតាមដានចំពោះវឌ្ឍនភាពវិស័យសុខាភិបាល។
ឆ្លៀតក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មពីគ្រប់ភាគីទាំងអស់ ទាំងក្នុងក្របខណ្ឌសហប្រតិបត្តិការពហុភាគី និងទេ្វរភាគី ក្នុងបុព្វហេតុនៃការអភិវឌ្ឍ វិស័យសុខាភិបាលឱ្យកាន់តែមានភាពជឿនលឿនទៅមុខ ដើម្បីផ្តល់សេវាថែទាំសុខភាពមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
លោករដ្ឋមន្រ្តីថា កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអណត្តិទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គាធិការនៃក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ចំណែកឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ ចូលរួមតាមរយៈប្រព័ន្ធអនឡាញ៕










