ព័ត៌មានជាតិ

អតីតពលករខ្មែរ អំពាវនាវឱ្យពលរដ្ឋកម្ពុជា គួរធ្វើចំណាកស្រុក ដោយស្របច្បាប់ និងមានក្រុមហ៊ុនណែនាំត្រឹមត្រូវ ដើម្បីចៀសវាង ហានិភ័យ

ភ្នំពេញ៖ អតីតពលករខ្មែរ មកពីប្រទេសជប៉ុន និង ថៃ អំពាវនាវឱ្យពលរដ្ឋកម្ពុជា ត្រូវទៅធ្វើការនៅបរទេស ដោយស្របច្បាប់ និងមានក្រុមហ៊ុនត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព និងកិច្ចគាំពារផ្នែកច្បាប់នានា អំឡុងពេល បម្រើការងារជាពលករ នៅក្រៅប្រទេស ចៀសជាងទៅដោយខុសច្បាប់ ដែលអាចបង្កបញ្ហា ដល់ខ្លួនឯង ។

លោក ឡុង គន្ធា អតីតពលករខ្មែរនៅប្រទេសជប៉ុន​ មានស្រុកកំណើតមកពីខេត្តពោធិ៍សាត់ បានបម្រើការងារផ្នែកកសិកម្មនៅប្រទេសជប៉ុន ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ហេីយបច្ចុប្បន្ននេះបានត្រលប់មកធ្វើអាជីវកម្មខ្លួនឯងនៅស្រុក បន្ទាប់ពីចប់អាណត្តិជាពលករ​បាន​លេីកឡេីងថា​ថា៖ «បងប្អូនពលរដ្ឋរបស់យើងដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស សូមទៅធ្វើដោយស្របច្បាប់ តាមរយៈក្រុមហ៊ុនត្រឹមត្រូវ ដើម្បីមានការគាំពារផ្នែកច្បាប់ៗ និងអត្ថប្រយោជន៍ផ្សេងៗទៀត ជៀសវាងទៅដោយខុសច្បាប់ដែលវាធ្វើឱ្យប៉ះពាល់ទៅខ្លួនយើងផ្ទាល់ » ។

លោកបន្ថែមថា រូបលោកទៅបម្រើការងារជាពលករផ្នែកកសិកម្មនៅប្រទេសជប៉ុនដោយស្របច្បាប់ មានក្រុមហ៊ុនត្រឹមត្រូវ ។ រូបលោកទទួលបានអត្ថប្រយោជន៍ជាច្រើនអំឡុងពេលធ្វើការនៅទីនោះ ទាំងការធានារ៉ាប់រងសុខភាព ប្រាក់ឧបត្ថម្ភ និងការយកចិត្តទុកដាក់ផ្សេងៗដូចពលរដ្ឋជប៉ុនដ៏ទែទៀតដែរ ជាពិសេសនោះគ្មានការរំលោភបំពានណាមួយមកលើរូបលោកនោះទេ។

លោកបន្ថែមថា ការទៅធ្វើការនៅប្រទេសជប៉ុនទទួលបានប្រាក់ខែខ្ពស់ ជួយគ្រួសារកែប្រែជីវភាពគ្រួសារ ជាពិសេសទទួលបានជំនាញ និងបទពិសោធន៍ល្អ អាចប្រកបអាជីវកម្មបានដោយខ្លួនឯងនៅពេលត្រលប់ពីប្រទេសជប៉ុនវិញ ។

លោកលើកឡើងថា ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានេះហើយទើបលោកអាចទៅធ្វើការនៅប្រទេសជប៉ុន បានទាំងបទពិសោធន៍ និងកែប្រែជីវភាពគ្រួសាររបស់លោក ជាពិសេសនោះលោកអាចមានសមត្ថភាពប្រកបអាជីវកម្មកសិកម្មដែលលោកបានធ្វើនៅប្រទេសជប៉ុន មកបន្តធ្វើនៅប្រទេសកម្ពុជាផងដែរ ។

លោកបន្ថែមថា​” ខ្ញុំអរគុណរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់បងប្អូនពលករនៅប្រទេសជប៉ុនបានយ៉ាងល្អប្រសើរហូតត្រលប់មកប្រទេសកម្ពុជាវិញ “។

អតីត​ពលករមកពីប្រទេសថៃម្នាក់ទៀត លោកស្រី ជា ស្រីលក្ខ ក៏បានលើកឡើងថា អំឡុងពេលធ្វើការរយៈពេលជាង៨ឆ្នាំនៅប្រទេសថៃលោកស្រីមិនដែលមានបញ្ហាអ្វីពីសំណាក់ថៅកែនោះទេ ពីព្រោះលោកស្រីជាពលករស្របច្បាប់ ។

លោកស្រីថា​ “នៅពេលខ្ញុំឈឺអំឡុងពេលនៅប្រទេសថៃ ខ្ញុំត្រូវបានយកចិត្តទុកដាក់ពីសំណាក់ថៅកែនៅប្រទេសថៃ ដោយព្យាបាលមិនអស់លុយនោះទេ ហើយខ្ញុំមានរបបសន្តិសុខសង្គមពីសំណាក់រដ្ឋាភិបាលថៃ ដែលបសសនេះខ្ញុំជាអ្នកបង់ប្រាក់ដោយខ្លួនឯង”។

លោកស្រីថា អំឡុងពេលធ្វើការនៅប្រទេសថៃ លោកស្រីមានការយកចិត្តទុកដាក់ពីសំណាក់ថៅកែដូចពលរដ្ឋថៃផ្សេងៗទៀតដូច្នេះដែរ ក៏ប៉ុន្តែលោកស្រីបញ្ជាក់ថាលោកស្រីធ្វើការនៅនោះគឺដោយស្របច្បាប់ ដូច្នេះហើយបានលក្ខខណ្ឌការងាររបស់លោកស្រីមានប្រសើ ។

លោកស្រីថា​”ជីវភាពរបស់គ្រួសារខ្ញុំផ្លាស់ប្តូ ខ្ញុំអាចជួយប្អូនៗរបស់ខ្ញុំរៀនចប់ ធ្វើផ្ទះសម្បែងថ្មីជូនឪពុកម្តាយ ជាពិសេសនោះនៅពេលត្រលប់ពីធ្វើការនៅប្រទេសថៃវិញ ខ្ញុំអាចមានដើមទុនធ្វើអាជីវកម្មនៅក្នុងស្រុកដោយខ្លួនឯងដោយមិនចាំបាច់ត្រលប់ទៅប្រទេសថៃវិញនោះទេ “។

លោកស្រីបន្ថែម” ខ្ញុំសូមឱ្យបងប្អូនយើងដែលចង់ទៅធ្វើការនៅក្រៅប្រទេស សូមជ្រើសរើសក្រុមហ៊ុនឱ្យបានត្រឹមត្រូវ ទៅធ្វើការដោយស្របច្បាប់ ជាពិសេសនោះត្រូវមានជំនាញខ្លួនឯងនៅពេលធ្វើការនៅក្រៅប្រទេស “៕

To Top