ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍នូវវិនិយោគិន ពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៣ ធ្នូនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់ វិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាព កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាព លើគ្រប់វិស័យ ដោយទំហំផលិតផល ក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២ ។
សម្ដេចបន្តថា សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ១០០។
សម្ដេចគូសបញ្ជាក់ថា លើសពីនេះ កម្ពុជាសម្បូរពោរពេញដោយ កម្លាំងពលកម្ម ដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់ នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ។ កម្ពុជាក៏បានធ្វើទំនើបកម្មហេដ្ឋារចនសម្ព័ន្ធរូបវន្ត បានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពល ដែលផ្តល់នូវកាលានុវត្តភាព ប្លែកពីគេសម្រាប់វិនិយោគ ។
សន្តិភាពដែលកម្ពុជារកបាន និងរក្សាបាន ក៏ក្លាយជាឱកាសបន្ថែមដល់ការបើកចំហរ ជើងមេឃលើមាគ៌ា សេដ្ឋកិច្ចទីផ្សារសេរី ដើម្បីជំរុញដល់វិស័យដទៃទៀត ដូចជា ថាមពលកកើតឡើងវិញ កម្មន្តសាល ព្រមទាំងវិស័យទេសចរណ៍ ដែលជាគន្លឹះសេដ្ឋកិច្ចដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតីបន្ថែមថា ចំណែកឯវិស័យកម្មន្តសាល កម្ពុជា បានរៀបចំរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីរក្សានូវថ្លៃដើមកម្លាំងពលកម្មសមរម្យ និងមានទីតាំងជាយុទ្ធសាស្ត្រ ដែលជាច្រកដ៏ល្អប្រសើរ សម្រាប់ការនាំចេញទំនិញទៅកាន់ប្រទេស ដទៃទៀតលើសកលលោក តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ក្នុងតំបន់អាស៊ាន និងទ្វេភាគីជាច្រើនទៀត ។ វិស័យដ៏មានសក្តានុពល ដែលកំពុងមានសន្ទុះខ្លាំងក្លានៅកម្ពុជា គឺវិស័យអចលនទ្រព្យ ដោយបច្ចុប្បន្ន វិនិយោគិននឹងអាចពើបប្រទះទៅដោយសំណង់អគារ និងគម្រោងអភិវឌ្ឍន៍ ជាច្រើនពាសពេញផ្ទៃប្រទេស។ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មី បន្ថែមលើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយ លូតលាស់ពេញស្រទាប់យុវជនវ័យ ក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍ បាននូវប្រព័ន្ធឌីជីថល សម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ។
សម្ដេចថ្លែងថា រដ្ឋាភិបាលកម្ពុជា ក៏ប្តេជ្ញាធ្វើកំណែទម្រង់សេដ្ឋកិច្ច និង ទស្សនទានច្បាស់លាស់ ក្នុងការសម្រេច បានជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ក្នុង២០៥០ ។ មិនតែប៉ុណ្ណោះ តាមរយៈការព្យាករណ៍ សេដ្ឋកិច្ចរបស់IMF ក៏បានបង្ហាញថា កម្ពុជាបានកើនឡើង នូវសេដ្ឋកិច្ចក្នុងរង្វង់ ៥.៦ភាគរយ ក្នុងឆ្នាំ២០២៣ ហើយនឹងកើនដល់ ៦.៦ភាគរយក្នុងឆ្នាំ២០២៤ ៕