ភ្នំពេញ៖ លោក Dato Ahmad Azam Bin Abrahman បេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអះអាងប្រាប់សម្ដេចតេជោ ហ៊ុន សែន ថាម៉ាឡេស៊ីមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយម យកទឹកដីម៉ាឡេស៊ីប្រើប្រាស់ ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ។
ការអះអាងរបស់បេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បែបនេះធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។
លោកបេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងកោតសរសើរ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ សាសនា ជាពិសេសអ្នកកាន់សាសនាបូស្លីមនៅកម្ពុជា និងបានផ្ដល់ឱកាសជាច្រើនដល់សហគមន៍ខ្មែរឥស្លាម នៅកម្ពុជា។
លោកបេសកជនពិសេសបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្នុងរយៈពេលកន្លងមកនេះ និងបានប្រែក្លាយពីប្រទេសកម្ពុជាពីចំណុចសូន្យ មកជាប្រទេសមានការរីកចម្រើនរស់រវើក ជាពិសេសទីក្រុងភ្នំពេញមានការរីកចម្រើន គួរជាទីមោទនៈនិងក្លាយជាទីក្រុងដល់ទំនើប។
លោកបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងម៉ាឡេស៊ី ត្រូវបានពង្រឹងនិងពង្រីកកាន់តែរឹងមាំថែមទៀត ហើយប្រទេសម៉ាឡេស៊ីបានអះអាងថា មិនអនុញ្ញាតឱ្យក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា យកទឹកដីម៉ាឡេស៊ីប្រើប្រាស់ ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជានោះឡើយ» ។
ជាកិច្ចឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនអំពីសភាពការណ៍ថ្មីៗ និងបទពិសោធន៍នៃដំណើរស្វែងរកសន្តិភាពរបស់កម្ពុជា ជូនចំពោះបេសកជនពិសេសនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរវាងប្រទេសម៉ាឡេស៊ី និងកម្ពុជា។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការប្ដេជ្ញាចិត្តមិនអនុញ្ញាតឲ្យ ក្រុមជ្រុលនិយម ប្រើប្រាស់ទឹកដីដើម្បីប្រឆាំងនឹង រាជរដ្ឋាភិបាលកម្ពុជា៕





