ព័ត៌មានជាតិ

ជនបង្កបេីករថយន្ដ​ Jeep​ បុកបុរសម្នាក់ស្លាប់​ នៅខណ្ឌទួលគោកចូលសារភាពកំហុស

ភ្នំពេញ​ ៖​ នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ​ ជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា​ ជាអ្នកបើករថយន្ដទំនើបម៉ាក Jeep បុកបុរសម្នាក់ស្លាប់ភ្លាមៗ​ នៅកន្លែងកើតហេតុ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ​ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រវាងរថយន្ត Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2CB-9963 និងម៉ូតូ ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នកបើករថយន្ដគេចខ្លួនបាត់។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នាថ្ងៃទី២៣​ ធ្នូ​ នេះ​ បានឱ្យដឹងថា​ “ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្ដ Jeep បុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ អាណាព្យាបាលបាននាំកូនដែលជាជនសង្ស័យ ចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន”។

ចំពោះមុខវត្តមាន លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែល​លោកបានសួរនាំជុំវិញរឿងរ៉ាវមួយចំនួន ពាក់ព័ន្ធហេតុការណ៍បង្កគ្រោះថ្នាក់ចរាចរណ៍កន្លងទៅនៅខណ្ឌទួលគោក កិច្ចការងារនេះសមត្ថកិច្ចជំនាញកំពុងសាកសួរជនសង្ស័យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

នេះជាការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចជំនាញ និងការដាក់ចេញនូវវិធានការច្បាស់លាស់ រួមនឹងដីកាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាពិសេស​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឱ្យសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ឱ្យនាំជនសង្ស័យមកសារភាព និងទទួលស្គាល់កំហុស ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យអ្នកដទៃស្លាប់។

សូមរំលឹកថា​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឱ្យមានការបញ្ចេញមតិយោបល់ផ្សេងៗគ្នា នៅតាមបណ្ដាញសង្គម​ គ្រាដែលអ្នកបើកបររថយន្ដបង្ក បានព្យាយាមគេចខ្លួនក្រោយកើតហេតុ ហើយគំរាមក្រុមគ្រួសាររបស់ជនរងគ្រោះមិនឲ្យដាក់ពាក្យបណ្ដឹង ជាថ្នូរជាមួយលុយ១០០០ដុល្លារដើម្បីបញ្ចប់រឿង៕

To Top