ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដី ជូនដំណឹងស្ដីអំពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះបានឱ្យដឹងថា ចន្លោះពីថ្ងៃទី២៤-២៦ ធ្នូ អាកាសធាតុបន្តចុះត្រជាក់ ក្នុងសីតុណ្ហភាពអប្បបរមាពី១៦-២២°C ទៅតំបន់វាលទំនាប និងខ្ពង់រាប។
ប្រព័ន្ធសម្ពាធខ្ពស់នៅលើប្រទេសចិននៅតែបន្តបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសបន្តចុះត្រជាក់នៅពេលព្រឹក៖
១/តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។ ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។
២/ តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៦-២៨°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។
៣/ តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៦-៨ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់ពី១,២៥-២,០០ម៉ែត្រ។
អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕