ភ្នំពេញ ៖ នៅក្នុងឱកាសសន្និបាតបូក សរុបលទ្ធផល ការងារឆ្នាំចាស់ ២០២៣ និងលើកទិសដៅ អនុវត្តឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី ប៊ែលធី គ្រុប បានសម្រេចដាក់ចេញ នូវផែនការយុទ្ធសាស្ត្រ ចំនួន១២ចំណុច ។

ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៤ ប៊ែលធី គ្រុប បានសម្រេចដាក់ចេញ នូវផែនការយុទ្ធសាស្ត្រ រួមមាន ៖
១-ពង្រឹងរចនាសម្ព័ន្ធ ដែលមានស្រាប់ និងយន្តការគ្រប់គ្រងឱ្យបាន កាន់តែល្អប្រសើរបន្ថែមទៀត
២-ថ្នាក់ដឹកនាំ និងបុគ្គលិក ត្រូវស្គាល់ខ្លួនឯង (Who am I?) និងស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ទៅតាមការចាត់តាំង របស់ថ្នាក់លើ
៣-ពង្រឹងការគោរពបទបញ្ជាផ្ទៃក្នុង និង ច្បាប់រដ្ឋជាធរមាន ឱ្យបានកាន់តែល្អប្រសើរ និងកែសម្រូលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្រប តាមការរីកចម្រើន របស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ

៤-ពង្រឹងវិន័យសិស្ស និស្សិតនៅគ្រប់កម្រិត និងបង្កើនទំនាក់ទំនងល្អ ជាមួយមាតាបិតា អាណាព្យាបាលសិស្ស និស្សិត
៥-បន្តអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង (Management System) គ្រប់ផ្នែកនៃប៊ែលធី គ្រុប ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត
៦-ពង្រឹងការងារគ្រប់គ្រងចំណូល -ចំណាយ ឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់

៧-ពង្រឹងយន្តការត្រួតពិនិត្យ តាមដានការអនុវត្តសេចក្តីសម្រេច សេចក្តីណែនាំ និងគោលការណ៍នានារបស់ប៊ែលធី គ្រុប ដែលបានដាក់ចុះ ឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់
៨-បើកវគ្គបំប៉នគរុកោសល្យបង្រៀន ជូនដល់សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូនៅគ្រប់កម្រិត និងគ្រប់ផ្នែក ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងថ្មី សម្រាប់ការបង្រៀន ឱ្យទាន់សម័យឌីជីថល

៩-អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក
១០-បើកថ្នាក់បំប៉នមុខវិជ្ជាសំខាន់ៗ ជូនសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងបាក់ឌុប និងធ្វើយ៉ាងណាឱ្យជាប់ចាប់ពី ៨៨%-៩៣% និងសិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ចាប់ពី ៨០% ឡើងទៅ

១១-ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ ដែលបានចុះអនុស្សារណយោគយល់ (MoU) រួចហើយទាំង ១៨ប្រទេស និង ៨០សាកលវិទ្យាល័យ នៅលើពិភពលោកឱ្យបានល្អប្រសើរ និងបន្តរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី (BELTEI International Collaboration Conference – BICC) លើកទី៨ នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ ដើម្បីផ្តល់ឱកាស ឱ្យសិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិត ទូទាំងប្រទេស ទៅសិក្សានៅក្រៅប្រទេស តាមរយៈប៊ែលធី ទំនាក់ទំនងអន្តរជាតិ

១២-អភិវឌ្ឍជាប្រចាំនូវបច្ចេកវិទ្យា ប្រព័ន្ធឌីជីថល និង Media ដែលមានស្រាប់ ជាពិសេស Mobile App របស់សាលា ប៊ែលធី អន្តរជាតិ (BELTEI IS App) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BELTEI IU App) វែបសាយ ហ្វេសប៊ុក ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីជាជំនួយក្នុងការសិក្សាបន្ថែម និងសម្រាប់អ្នកដែលចង់ឈ្វេងយល់អំពីប៊ែលធី គ្រុប ក៏ដូចជាអ្នកដែលចង់សិក្សាទាំងភាសាខ្មែរ និងអង់គ្លេសតាមកម្មវិធីក្រសួងអប់រំ ពីគ្រប់ទីកន្លែងទាំងក្នុងប្រទេស និងក្រៅប្រទេស ៕























