ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធនទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយពីខ្លឹមសារ នៃសេចក្តីសម្រេចមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ នៅវិមាន៧មករា ។
សូមជម្រាបថា កិច្ចប្រជុំផ្សព្វផ្សាយ បានធ្វើឡើងនៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកពញាឮ ដោយមាន ការចូលរួមពី លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកពញាឮ លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការ គណបក្សស្រុក ឃុំ និង លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សស្រុក ឃុំ ព្រមទាំងសមាជិក សមាជិកា គណបក្សសរុបចំនួន ២៥៥ នាក់ ។
លោករដ្ឋមន្ត្រី អនុប្រធានក្រុមការងារ គណបក្សខេត្ត បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយខ្លឹមសារមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងមានតំណាង សមាជិក សមាជិកាគណបក្សចូលរួមសរុបចំនួន ៣៦០០រូប ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី អនុប្រធានក្រុមការងារ គណបក្សខេត្តបានឱ្យដឹងថា គណបក្ស ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា សម្រេចបាននូវសមិទ្ធផលធំធេង ជាបន្តបន្ទាប់ និងធ្វើឱ្យសង្គមជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី អនុប្រធានក្រុមការងារ គណបក្សខេត្ត បានលើកឡើងអំពីខ្លឹមសារសេចក្តីសម្រេចចិត្តសំខាន់ៗ ចំនួន ៩ចំណុច របស់មហាសន្និបាត តំណាងទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជា និង មានប្រសាសន៍លើកឡើង ប្រាប់ដល់កិច្ចប្រជុំថា មហាសន្និបាត បានបោះឆ្នោតជ្រើសតាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធាន គណបក្ស ព្រមទាំងបោះឆ្នោតជ្រើសតាំង បន្ថែមសមាជិកគណៈកម្មាធិការ កណ្តាលចំនួន ៤៩៦រូប ដែលធ្វើឱ្យសមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជាសរុបមានចំនួន ១៣១២រូប ។
ក្នុងនោះដែរ ក៏មានការបោះឆ្នោតជ្រើស តាំងបំពេញបន្ថែម សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលចំនួន២៣រូប និងបោះឆ្នោតជ្រើស តាំងប្រធាន និងសមាជិកគណៈកម្មាធិការ ហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាល ចំនួន ៧រូបផងដែរ ។
លោករដ្ឋមន្ត្រី អនុប្រធានក្រុមការងារ គណបក្សខេត្តបានបន្តថា អង្គមហាសន្និបាត បានពិភាក្សា និងអនុម័តរបាយការណ៍ស្តីពី «សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២៣ និងទិសដៅភារកិច្ច ឆ្នាំ២០២៤»។ មហាសន្និបាត បានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ កម្ពុជាបានសម្រេច សមិទ្ធផលធំៗ ជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ១៩ និងបញ្ហាប្រឈម មួយចំនួនទៀត ក៏ដោយ ។ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមក រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ ដែលបង្កលក្ខណៈឱ្យជីវភាព សង្គមលើគ្រប់វិស័យ មានដំណើរការប្រកបដោយភាពវិជ្ជមាន។
ជាចុងក្រោយ លោករដ្ឋមន្ត្រី អនុប្រធានក្រុមការងារ គណបក្សខេត្ត បានលើកឡើងពីសេចក្តីណែនាំ របស់មហាសន្និបាត ដល់គណៈកម្មាធិការ នៃគណបក្សគ្រប់ថ្នាក់ឱ្យយកចិត្ត ទុកដាក់ខ្ពស់ដល់ការកសាង និងពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ និងស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខ្ពស់ ផ្សារភ្ជាប់ ជាមួយប្រជាជន និងបានផ្តាំផ្ញើដល់ក្រុមការងារ បក្សទាំងអស់ ត្រូវខិតខំអនុវត្តឱ្យបានល្អ នូវសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ការដឹកនាំរបស់គណបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានឧបត្ថម្ភសិស្សនិទ្ទេស A ទូទាំងស្រុកពញាឮចំនួន ៥នាក់ ក្នុងម្នាក់ម៉ូតូ ១គ្រឿង និងវិទ្យាល័យសិស្សទទួលនិទ្ទេស A ចំនួន៣វិទ្យាល័យ ចំនួន ១០លានរៀល និងអ្នកចូលរួម ២០២នាក់ក្នុងម្នាក់ៗ ៥ម៉ឺនរៀល ៕