ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ព្រមានបណ្ដេញចេញ ពីក្របខណ្ឌ បើមន្រ្តីក្រោមឱវាទ បង្កគ្រោះថ្នាក់បុកគេស្លាប់ ហើយរត់គេចមិនមកសារភាព

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងប្រកាសថា បើមន្រ្តីក្រោមឱវាទរូបណា បង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ហើយ រត់គេចមិនចូលមកសារភាពនោះ គឺមិនទុកក្របខណ្ឌឡើយ។

នាឱកាសអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៨ ដែលបានរៀបចំឡើង នៅទីលានតេជោ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ដ្រី ស សុខា មានប្រសាសន៍ថា «អ្នកបុក ជារឿងមួយ ប៉ុន្ដែបុករត់ ខ្ញុំ សូមប្រកាសថា បើខ្លួនជាមន្ដ្រីរាជការ ក្រោមឱវាទ បើអត់មកសារភាពទេ ក្របខណ្ឌ ខ្ញុំគិតថា មិនគួរទុកទេ» ។

លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ ត្រូវតែផ្តល់នូវភាពគំរូ សម្រាប់ឲ្យគេរៀនសូត្រតាម ។ លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្កឱ្យមានពិការភាព ការបាត់បង់អាយុជីវិត បានក្លាយជាជំងឺរ៉ាំរ៉ៃបន្ថែមលើបន្ទុក ដ៏លំបាកជាច្រើនដល់សង្គមជាតិ។

សូមរំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងសរុប ចំនួន ១ ៥៤៨លើក ក្នុងនោះគ្រោះថ្នាក់នៅពេលយប់ ៥៤% បណ្តាលឱ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួសស្រាល ២ ០៧២នាក់ ក្នុងនោះរបួសធ្ងន់ធ្ងរ ១ ៣៣២នាក់ ៕

To Top