ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោម ប្រទេសមេគង្គ-ឡានឆាង» តាមប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព ។
យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី បានឲ្យដឹងថា កិច្ចប្រជុំនេះ មានគោលដៅចំបង និងមូលដ្ឋានគ្រឹះនៃទស្សនាទាន ការអភិវឌ្ឍរបស់កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី៖ ១/សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាព របស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍ នៃអនាគតរួមសន្តិភាព និងវិបុលភាព និង២/ តាមរយៈការធ្វើសមាហរណកម្ម ជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់និរន្តរភាពការអភិវឌ្ឍ៕