ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ជារឿងធម្មតា ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារកាន់តែល្អប្រសើរថែមទៀត ។
ការលើកឡើងរបស់លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលាខណ្ឌមានជ័យ។
ក្នុងនោះ លោក ឃួង ស្រេង បានលើកឡើងថា អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយ បើមិនមានការចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យ លើកិច្ចការងារបម្រើរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឡើយ ដូច្នេះត្រូវតែសហការជាមួយគ្នា ឱ្យបានខ្លាំងក្លាទើបសម្រេចបានលទ្ធផលល្អប្រសើរ។
លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “ធ្វើមេកើយរបស់គេ ដាច់ខាតមិនត្រូវមានគំនិតគុំគួននោះទេ ។ កុំយកតាមពាក្យស្លោកមួយថា ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ឱ្យសោះ ព្រោះកើតជាមនុស្ស នរណាក៏មានកំហុសឆ្គងដែរ”។
ក្នុងនោះលោកក៏បានគូសបញ្ជាក់ថា “ការតែងតាំងនេះ គឺធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការ ស៊ីវិល ជាក់ស្ដែងការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំង ជាអភិបាលរងខេត្តព្រះសីហនុ នេះជារឿងធម្មតា ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរថែមទៀត។
ជាមួយគ្នានេះ លោកក៏បានជំរុញជំរុញឲ្យលោក សេង គន្ធ ដែលជាអភិបាលខណ្ឌមានជ័យថ្មី ត្រូវយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំខណ្ឌមានជ័យ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។ពិ សេសគឺអនុវត្តតាមអាទិភាពទាំង៦ និងគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានប្តេជ្ញាថា ដើម្បីបន្តនិរន្តរភាពការងារ និងដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកនឹងបំពេញការងារឲ្យខ្លាំងក្លាទ្វេរដង ដើម្បីបំពេញការងារជូនរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ដោយប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ សារាចរ ប្រកាស ដីការ សេចក្តីសម្រេច បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការពារសន្តិភាព ស្ថេរភាពនយោបាយ៕





