ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដោយនាំយកឱកាសការងារជាង ២០០ កន្លែងពីក្រុមហ៊ុនធំៗមួយចំនួនដោយចូលរួមទទួលពាក្យ និងសម្ភាសការងារភ្លាមៗតែម្តង។

ក្រុមហ៊ុនទាំង ៣ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ក្រុមហ៊ុន តេលា ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ HOTEL KVL។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កញ្ញា ឃឿ មុនីរតនា ប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍សណ្ឋាគារ HOTEL KVL លើកឡើងថា នេះគឺជាលើកទី១ ហើយដែលខាងសណ្ឋាគារសហការជាមួយនឹង NEA។ កញ្ញាបន្ថែមថាតាមរយៈការសហការនេះ ខាងក្រុមហ៊ុនរំពឹងថា នឹងទទួលបានបុគ្គលិកតាម តម្រូវការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

កញ្ញាបញ្ជាក់បន្តថា ការសហការនេះផងដែរ ក៏គឺជាផ្នែកមួយក្នុងការជួយផ្តល់ឱកាសការងារ ដល់អ្នកកំពុងស្វែងរកការងារធ្វើផងដែរ។ ការចូលរួមជាមួយ NEA មិនត្រឹមតែជួយឱ្យយើងទទួលបាន បេក្ខជនល្អៗប៉ុណ្ណោះទេ តែថែមទាំងអាចជួយផ្សព្វផ្សាយពីសណ្ឋាគារយើង ដល់សាធារណជនទូទៅឱ្យបានស្គាល់ផងដែរ។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

