ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ៖ និស្សិតកម្ពុជា សម័យសន្តិភាព ចេញទៅសិក្សានៅបរទេស ដោយមោទកភាព ខុសពីសម័យសង្រ្គាម

រូបភាពពីរដ្ឋសភា

ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា និស្សិតកម្ពុជាសម័យសន្តិភាពចេញទៅសិក្សានៅបរទេស ដោយមោទក ភាព ខុសពីសម័យសង្រ្គាម គ្មានឱកាសរៀនសូត្រនោះឡើយ។

ការលើកឡើងរបស់ប្រធានរដ្ឋសភា ក្នុងទទួលជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាល អូស្រ្តាលីក្រោយឧត្តមសិក្សា (Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នាព្រឹកថ្ងៃ២៦ ធ្នូ ។

សម្តេច ឃួន សុដារី បានលើកឡើងថា ការទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ នៅលើពិភពលោកនេះ មិនត្រឹមតែជាមោទកភាព សម្រាប់ខ្លួននិស្សិត និងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាពសម្រាប់សង្គមជាតិទំាងមូល។ សម្តេច ចាត់ទុកនិស្សិតដែលទទួលបានអាហារូប ករណ៍នាពេលនេះ ជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ ។

សម្តេចបានផ្តាំផ្ញើ និងលើកទឹកចិត្តនិស្សិតទំាងអស់ ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ មានវិន័យល្អក្នុងការរស់នៅនិងសិក្សា។ បន្ថែមពីនេះត្រូវចេះគោរពស្រឡាញ់គ្នា ចេះយកអាសារជួយទុក្ខធុរៈគ្នា ចេះលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមក ដូចពាក្យចាស់ថា “នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ” ។

ជាងនេះទៀត សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា និស្សិតទំាងអស់ ជាតំណាងឲ្យជាតិខ្មែរទំាងមូល ដើរតួនាទីជាអ្នកការទូត ចូលរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនង រវាងប្រជាជន បង្កើនមិត្តភាពជាមួយប្រទេសដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់បន្ថែមថា «ក្នុងនាមយើងជាតំណាងឲ្យខ្មែរ ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីជាតិ ជាពិសេសភ្ជាប់ទំនាក់ទំនង ជាមួយប្រជាជន បណ្តាប្រទេសនានា មិនថាតែប្រជាជនអូស្រ្តាលីនោះទេ គឺធ្វើយ៉ាងណា ដើម្បីឲ្យគេស្គាល់កម្ពុជាកាន់តែច្បាស់ យល់ដឹងពីសភាពការណ៍ពិត នៅក្នុងប្រទេស ដែលកំពុងមានសុខសន្តិភាព ស្ថិរភាពសង្គម ហើយកម្ពុជា បានកំពុងបើកប្រទេសស្វាគមន៍អ្នកទេសចរ និងអ្នកវិនិយោគម កពីគ្រប់ទិសទីនៃពិភពលោក»

សម្តេច ឃួន សុដារី សង្កត់ធ្ងន់ថា និស្សិត ដែលនឹងត្រូវចេញ ទៅសិក្សានៅប្រទេសអូស្រ្តាលី បានត្រៀមលក្ខណៈចាកចេញ ទៅសិក្សាដោយមោទកភាព ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ។ ក្នុងឱកាសនោះដែរសម្តេចបានរម្លឹកកាលពីអតីតកាល ពិសេសក្នុងសម័យសម្តេចនៅ ជាយុវជន សម្តេចក៏បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីដែរ ប៉ុន្តែដោយសារភ្លើងសង្រ្គាម ពុំបានចេញទៅសិក្សានៅអូស្រ្តាលី ក្នុងអំឡុង ឆ្នាំ១៩៧៥នោះទេ ។ ផ្ទុយទៅវិញ សម្តេចក៏ដូចជាប្រជាពលរដ្ឋដទៃក្នុងរបប ប៉ុល ពត ដែលត្រូវជាប់ឃុំក្នុងរបបនោះ គ្មានឱកាសបន្តការរៀនសូត្រ ដូចយុវជនក្នុងសម័យសន្តិភាពនេះទេ ៕

To Top