ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ ណែនាំអគ្គស្នងការ នគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលប្រជាការពារ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអគ្គស្នងការនគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាល គ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ដល់កម្លាំងប្រជាការពារ ដែលកំពុងបំពេញការងារ នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា ក្រសួងមហាផ្ទៃ កំពុងបង្កើនការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពបំពេញការងារ របស់កម្លាំងប្រជាការពារនៅតាមមូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស។

នាឱកាសអញ្ជើញបិទសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង នាថ្ងៃទី២៦ ធ្នូ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានស្នើអគ្គស្នងការ នគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេ លើគ្រូបង្គោលនៅតាមស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ឱ្យបាន៤ទៅ៥រូប ដើម្បីបន្តចេញទៅបណ្ដុះ បណ្ដាលតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬទីកន្លែងត្រូវរៀបចំបណ្ដុះបណ្ដាលដល់ប្រជាការពារ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា គូសបញ្ជាក់ថា យើងរៀបចំយន្តការបណ្ដុះបណ្ដាលនេះ គឺដើម្បីឱ្យមានស្តង់ដាតែមួយ ប្រើភាសាតែមួយ ដូចជាការប្រើប្រាស់វិទ្យុទាក់ទង ការផ្ដល់ព័ត៌មាន មកឱ្យកងកម្លាំងសមត្ថកិច្ច ឬអ្វីគួរ អ្វីមិនគួរធ្វើជាដើម ដើម្បីបង្កើនភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ហើយពួកគាត់ក៏អាចបំពេញការងារ ប្រកបដោយភាពជឿជាក់ ក្នុងការសម្រាលបន្ទុកការងារ មួយចំនួន របស់សមត្ថកិច្ចនៅមូលដ្ឋាន ដូចជាការផ្ដល់ព័ត៌មាន ឱ្យសមត្ថកិច្ចចុះអនុវត្ត ច្បាប់លើករណីផ្សេងៗ និងជួយការងារមួយចំនួនទៀត តាមការចាត់តាំងរបស់អាជ្ញាធរឃុំ សង្កាត់។

កម្លាំងប្រជាការពារ មានប្រវត្តិចេញពីចលនាសន្តិសុខភូមិ តាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម។ ចលនានេះ ជាចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍ តាមភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ និងសម្របសម្រួលពីអាជ្ញាធរមាន សមត្ថកិច្ចនៅមូលដ្ឋាន។ នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣កន្លងទៅនេះ កម្លាំងប្រជាការពារ ក៏បានដើរតួនាទីរួម ចំណែកបំពេញការងារជាកម្លាំង សន្តិសុខបម្រើឱ្យការបោះឆ្នោត បានយ៉ាងល្អផងដែរ។

ក៏មិនខុសពី សម្ដេចក្រឡាហោម អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោក ស សុខា នៅនីតិកាលទី៧នេះ បានបន្តផ្ដល់សារៈសំខាន់ ចំពោះការចូលរួមដោយស្ម័គ្រចិត្ត ពីកម្លាំងប្រជាការពារ ពីព្រោះបច្ចុប្បន្ន ជាមធ្យមមន្រ្តី នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយរូប ត្រូវទទួលខុសត្រូវ លើប្រជាពលរដ្ឋប្រមាណ ពី១២០០នាក់ទៅ១៨០០នាក់ ក្នុងទំហំផ្ទៃដីជាមធ្យមជាង៣គីឡូម៉ែត្រការ៉េ ។ លោក ចាត់ទុកកម្លាំងប្រជាការពារជាភ្នែក និងជាច្រមុះ ក្នុងការប្រមូល និងផ្ដល់ព័ត៌មានឱ្យកម្លាំងនគរបាល និងរដ្ឋបាលឃុំ សង្កាត់ ៕

To Top