ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ផ្ដាំ មន្ដ្រីត្រូវបម្រើពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល និង សាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង និងខេត្តមណ្ឌលគិរី លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំថា ក្នុងនាមមន្ដ្រីរាជការ ត្រូវបម្រើប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយ កម្ពុជា ជាប្រទេសដែលធ្លាប់ទទួលជំនួយ ទៅជាប្រទេសដែលផ្ដល់ជំនួយ ។

លោករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងខិតខំ បំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណា ឱ្យសម្រេចបាន នូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជន នៅតំបន់ជនបទ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។

បន្ថែមពីនោះ លោករដ្ឋមន្រ្ដី ក៏បានជម្រាបជូនអំពីយុទ្ធសាស្ត្រអាទិភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្ដី បានបន្តផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដូចខាងក្រោម៖

១/ ក្នុងនាមមន្ដ្រីរាជការ ត្រូវបម្រើប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយ កម្ពុជា ជាប្រទេសដែលធ្លាប់ទទួលជំនួយ ទៅជាប្រទេសដែលផ្ដល់ជំនួយ”
២/ ត្រូវបន្ដថែរក្សា សមិទ្ធផលនិងស្នាដៃ ដែលធ្លាប់មានកន្លងមក ជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មី បន្ថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបាន ចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជន មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ ក្នុងឆ្នាំ២០៥០ ។
៣/ មន្ទីរត្រូវខិតខំ បំពេញតួនាទីជាសេនាធិការ ឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងត្រូវមានសហការល្អ ជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែល្អប្រសើរឡើង ថែមទៀត ។
៤/ មន្ទីរត្រូវបង្កើតឱ្យមាន ក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផល របស់រាជរដ្ឋាភិបាលពីដើមអាណត្តិ ក៏ដូចជាសមិទ្ធផល របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយ ដល់ស្រទាប់មហាជន តាមរយៈបណ្ដាញសង្គម ។
៥/ ថ្នាក់ដឹកនាំមន្ទីរ ត្រូវយកចិត្តទុកដាក់ លើសុខទុក្ខរបស់មន្រ្ដី និងត្រូវលើកទឹកចិត្តដល់មន្ត្រីតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។
៦/ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការ មានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម ៕

To Top