ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការ យុទ្ធសាស្រ្តសុខភាពផ្លូវចិត្តឆ្នាំ២០២៣-២០៣២ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់ សម្រាប់សុខភាពទាំងអស់គ្នា ហើយក៏ជាការទទួលខុសត្រូវ សម្រាប់មនុស្សគ្រប់គ្នា ។
លោកសាស្ត្រាចារ្យបន្តថា សុខភាពផ្លូវចិត្តនេះ ក៏ជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាឲ្យធនធានមនុស្ស មានគុណភាពផងដែរ។
ក្នុងការអភិវឌ្ឍប្រទេសជាតិ មួយត្រូវការប្រជាជន ដែលមានសុខភាពល្អ រួមបញ្ចូលសុខភាព ផ្លូវចិត្តល្អផងដែរ ដែលការលើកកម្ពស់សុខភាពផ្លូវចិត្ត ពិតជាបានរួមចំណែកក្នុង ការកសាងកំណើនសេដ្ឋកិច្ចរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើង នូវប្រវត្តិនៃសោកនាដកម្ម ដោយសារសង្គ្រាម ដែលបានធ្វើឱ្យប្រជាជនទូទៅ ទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត និងឱ្យមានការប៉ះពាល់ដល់មនុស្ស តជំនាន់ ដោយត្រូវយកចិត្តទុកដាក់ផ្នែក សុខភាពផ្លូវចិត្តថែមទៀត។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ការដែលមានគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត នៅមិនគ្រប់គ្រាន់ទេ បើសិនជាមិនបានប្រែក្លាយឲ្យ ទៅជាសកម្មភាពជាក់ស្តែង មានន័យថាសកម្មភាពសំដៅឆ្លុះបញ្ចាំងជាមួយចក្ខុវិស័យច្បាស់លាស់ និងវាស់វែងបាន និងចូលរួមដោយដៃគូអភិវឌ្ឍន៍ ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រធនធាន មធ្យោបាយបន្ថែមទៀត ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ស្នើឲ្យថ្នាក់ដឹកនាំ និងប្រតិបត្តិករ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ផែនទីចង្អុលផ្លូវនេះ ដើម្បីកៀរគរថវិកា ឲ្យមានភាពសមធម៌ ដើម្បីអនុវត្តផែនការរំកិល៣ឆ្នាំ ផែនការប្រតិបត្តិប្រចាំឆ្នាំ និងអនុវត្តផែនការឲ្យមានប្រសិទ្ធភាព ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល។
នាឱកាសនោះ សាស្រ្តាចារ្យក៏ផ្តល់អនុសាសន៍មួយចំនួនបន្ថែមផងដែរ ដូចជា លើកទឹកចិត្តឲ្យមានកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្ការជំងឺផ្លូវចិត្ត , គ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាល ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលឯកទេសជំងឺផ្លូវចិត្ត ជំនាញវេជ្ជសាស្រ្តសុខភាពផ្លូវចិត្ត និងវិទ្យាសាស្រ្តនៃឥរិយាបថថ្មីៗ ថែមទៀតដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ព្រមទាំងត្រូវដាក់បញ្ចូលផ្នែកសុខភាពផ្លូវចិត្តសាធារណៈ ទៅក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធនិងសុខភាពសាធារណៈ ដើម្បីបង្កើនចំណេះដឹង ស្តីពីសុខភាពសាធារណៈឱ្យបានគ្រប់ជ្រុងជ្រោយ។
ក្នុងនោះសេវាសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រីកសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត ទាំងសេវាពិគ្រោះជំងឺផ្លូវចិត្ត និងសេវាព្យាបាលជំងឺ ផ្លូវចិត្តសម្រាកពេទ្យ ឲ្យកាន់តែទូលំទូលាយ និងមានជម្រើសច្រើនយ៉ាងសម្រាប់ប្រជាជន ដើម្បីឈានទៅកាន់ការ គ្របដណ្តប់សុខភាពជាសកល , គ្រប់អង្គភាពសុខាភិបាលគួររៀបចំឲ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្តសម្រាប់បុគ្គលិក ដើម្បីលើកកម្ពស់គុណភាពនៃការងារ និងត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងសេវាឯកជន ឬអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់ការថែទាំ ព្យាបាលជំងឺផ្លូវចិត្ត ដោយមិនប្រើឱសថ។
ជាចុងបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណដល់អង្គការ សុខភាពពិភពលោក ដែលបានខិតខំកៀរគរធនធានថវិកា និងបច្ចេកទេស ដើម្បីគាំទ្រដល់ការកសាង ផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត ២០២៣-២០៣២នេះឲ្យបានចេញជាផ្លែផ្កា ៕