ព័ត៌មានជាតិ

រដ្ឋាភិបាល ផ្តល់ការ​បណ្ដុះបណ្ដាល ​ជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដល់ពលរដ្ឋ រស់នៅតំបន់រុនតាឯក និងពាក់ស្នែង

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ប្រកាសផ្តល់អាហារូបករណ៍ ដល់ពលរដ្ឋ ដែលរស់នៅតំបន់រុនតាឯក ដែលស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ដើម្បីឱ្យពួកគេមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ និងអាចមានការងារសមសម្យ ឆាប់រហ័សសម្រាប់លើកស្ទួយជីវភាព របស់ពួកគេនាពេលអនាគត។

ការផ្តល់នេះក្នុងអំឡុងពេលពិធី ជំនួបសំណេះសំណាល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយពលរដ្ឋដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។ វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋ ដែលរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ឱ្យបានរៀនជំនាញ បច្ចេកដោយឥតគិតថ្លៃ រៀនខ្លីៗ ៤ខែចប់ ឆាប់ចប់ ឆាប់មានជំនាញ និងមានការងារធ្វើ ហើយអ្វីដែលកាន់អស្ចារ្យ ជាងនោះទៅទៀត ប្រសិនជាបងប្អូនមានប័ណ្ណក្រីក្រ នឹងទទួលបានប្រាក់ឧបត្ថម្ភ ជារៀងរាល់ខែ២៨ម៉ឺនរៀលរហូតរៀនចប់។

បើតាមអាជ្ញាធរមូលដ្ឋាន ពលរដ្ឋនៅតំបន់រុនតាឯក បានចុះឈ្មោះចូលរៀនលើមុខជំនាញ ចំនួន១៨ មានដូចជា តបណ្តាញអគ្គិសនីក្នុងអគារ បរិក្ខារត្រជាក់ ថែទាំជួសជុលរថយន្ត ជួសជុលអគ្គិសនីរថយន្ត ការដំឡើងកាមេរ៉ាសុវត្ថិភាព តបណ្តាញទឹក ការងារកំបោរ ជាងម៉ូតូ កាត់ដេរ សាឡន ម្ហូបខ្មែរ ធ្វើនំ កាត់សក់បុរស ក្រាហ្វិកកុំព្យូទ័រ កុំព្យូទ័រ សំអាងកាយ ការងាររដ្ឋបាល និងឆុងកាហ្វេ ជាដើម ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top