មិនខុសពីរាល់ឆ្នាំ មជ្ឈមណ្ឌលព័ត៌មានអម្ពិល នឹងចូលខ្លួន មកសង្ខេបព្រឹត្តការណ៍ សំខាន់ៗប្រចាំឆ្នាំ ។
ព្រឹត្តការណ៍សំខាន់ៗប្រចាំឆ្នាំ២០២៣នេះ នាំមុខដោយរឿងរ៉ាវ នយោបាយនិងតាមពីក្រោយ ដោយព្រឹត្តការណ៍ស៊ីហ្គេមនិងប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តការណ៍នេះ លើកដំបូងបន្ទាប់ពី ខកខានជាង៦០ឆ្នាំ។ ក្រៅពីព្រឹត្តការណ៍សំខាន់ពីរ នេះនៅក្នុងឆ្នាំ២០២៣ កម្ពុជាស្គាល់វិបត្តិសេដ្ឋកិច្ច យ៉ាងដំណំ ដែលប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ច គ្រួសាររុញច្រាន បន្តដល់វិបត្តិបំណុលធនាគារ។
*នយោបាយ
នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាស្គាល់ការផ្លាស់ប្ដូរតំណែង នាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោត ជ្រើសតាងតំណាងរាស្ត្រ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សភាបោះឆ្នោតជ្រើសរើស សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ក្នុងថ្ងៃជាមួយគ្នានោះ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបានតែងតាំង ឧបនាយករដ្ឋមន្ត្រី ចំនួន១០រូប ទេសរដ្ឋមន្ត្រីចំនួន២១រូប និងតែងតាំង រដ្ឋមន្ត្រីចំនួន៣០រូប ឱ្យដឹកនាំនៅតាមក្រសួងស្ថាប័នរដ្ឋ។
ព្រះរាជក្រឹត្យ ត្រាស់បង្គាប់នោះ បានបង្ហាញថា លោក ស សុខា បានទៅកាន់តួនាទី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំនួសឱ្យឪពុកលោក គឺសម្ដេច ស ខេង លោក ទៀ សីហា កូនប្រុសសម្ដេច ទៀ បាញ់ បានក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ ចំណែកកូនស្រីរបស់លោក ចម ប្រសិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺអ្នកស្រី ចម និម្មល នឹងទៅកាន់តួនាទី ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងកូនៗរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មួយចំនួនទៀត នឹងឡើងជំនួស រដ្ឋមន្រ្តីចាស់ៗ ផ្សេងទៀតផងដែរ។
ក្រោយការផ្តល់សេចក្តីទុកចិត្ត របស់រដ្ឋសភាឱ្យធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអាណត្តិទី៧នេះ សម្ដេច ហ៊ុន ម៉ាណែត បានថ្លែងក្នុងសម័យប្រជុំសភា នោះថា ក្នុងនាមលោកដែលដឹកនាំ រដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលនេះជាចំណុចមួយ ក្នុងចំណោមការធានាទាំង៥ របស់រដ្ឋាភិបាលលើការអនុវត្តកម្មវិធីគោលនយោបាយ ដើម្បីប្រជាជន។
ក្រៅពីនេះ សម្ដេចធិបតីថ្លែងថា រដ្ឋាភិបាលអាណត្តីទី៧នេះ នឹងធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព ព្រមទាំងការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្សចីរកាល មិនឱ្យកម្លាំងណាមកបំពាន ឬបំផ្លាញបានឡើយ។
លើសពីនេះទៀត រដ្ឋាភិបាលថ្មី នឹងយកចិត្តទុកលើការពង្រីកសេវាថែទាំ សុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស កម្មវិធីជាតិជំនួយសង្គម ការជំរុញអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទានសំដៅលើកស្ទួយ ផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល និងការដាក់ពង្រាយ មន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំសង្កាត់ ជាដើម។
គួរបញ្ជាក់ជូនថា ក្នុងសម័យប្រជុំសភាលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា បានបោះឆ្នោតគាំទ្រ លោកស្រី ឃួន សុដារី ឱ្យធ្វើជាប្រធានរដ្ឋសភា លោក ជាម យៀប ធ្វើជាអនុប្រធានទី១ និង លោក វង សូត ធ្វើជាអនុប្រធានទី២ ដោយសំឡេងគាំទ្រ១២៣ លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល។
*ចំណែកសម្ដេច ហ៊ុន សែន ប្រែពីនាយករដ្ឋមន្ត្រី ត្រៀមឡើងកៅអី ប្រធានព្រឹទ្ធសភា
ការឡើងកាន់អំណាច របស់សម្ដេចធិបតី ដើម្បីបញ្ចប់ការគ្រប់គ្រងអំណាច របស់សម្ដេច ហ៊ុន សែន ដែលបានធ្វើជានាយករដ្ឋមន្ត្រី ចំនួន៣៨ឆ្នាំ។ ក្រោយពេលបញ្ចប់ សម័យប្រជុំរដ្ឋសភាលើកទី១ នេះ សម្ដេច ហ៊ុន សែន អះអាងថា លោកនឹងក្លាយជាប្រធានព្រឹទ្ធសភា នៅខែមីនា ឆ្នាំ២០២៤ នោះ បន្ទាប់ពីគោលបំណង របស់សម្ដេច ដែលចង់ឱ្យកូនប្រុស ធ្វើជានាយករដ្ឋមន្ត្រី បានក្លាយជាការណ៍ពិត។ សម្ដេច ហ៊ុន សែន បន្ថែមថា កូនប្រុសគាត់ និងអ្នកជំនាន់ថ្មី ពិតជាមានលទ្ធភាព ធ្វើកិច្ចការនានា និងបន្តរែកពន់កិច្ចការ ដែលនៅសេសសល់ ពីអ្នកដឹកនាំចាស់។
ប៉ុន្តែមុនក្លាយជា ប្រធានព្រឹទ្ធសភាសម្ដេច ហ៊ុន សែន ស្ថិតនៅក្នុងតំណែង ជាប្រធានគណបក្សប្រជាជនកម្ពុជាដដែល ហើយក៏ត្រូវបានព្រះមហាក្សត្រ តែងតាំងឱ្យធ្វើជា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រី។ ចំណែក សម្ដេច ហេង សំរិន ធ្វើជាប្រធានកិត្តិយស នៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី ខណៈសម្ដេច ស ខេង សម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ជាឧត្តមប្រឹក្សាក្រុមផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ចុះថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣។
*១០០ថ្ងៃ នៃឡើងកាន់ចង្កូត ដឹកនាំប្រទេស
ក្នុងរយៈពេល៣ខែ រាជរដ្ឋាភិបាល សម្រេចសមិទ្ធផលហួសការរំពឹងទុក ដើម្បីសម្រេចបានចក្ខុវិស័យ កម្ពុជា ជាប្រទេស មានសេដ្ឋកិច្ចជឿនលឿន នៅឆ្នាំ២០៥០។ នេះជាការលើកសសើរ របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងវេទិកាសារព័ត៌មាន ស្តីពី លទ្ធផលការងារក្នុងរយៈពេល៣ខែ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣។
បើតាមលោក ប៉ែន បូណា សមិទ្ធផលធំៗចំនួន៣ ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងរយៈពេល៣ខែនេះ រួមមាន៖ ការរក្សាបាននូវសន្តិភាព ស្ថិរភាពសង្គមនយោបាយ សេដ្ឋកិច្ច និងដំណើរការ ជាប្រប្រតី នៃរដ្ឋបាលសាធារណៈ រួមទាំងការអភិវឌ្ឍន៍, ការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ ដោយផ្តោតលើ នយោបាយអាទិភាពទាំង៦ ដែលផ្តល់ការយក ចិត្តទុកដាក់ខ្ពស់ ទៅលើសុខភាព ការងារយុវជន និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ, លើកកម្ពស់កម្មវិធីជាតិជំនួយសង្គម, និងការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធជាដើម។
ក៏មានដែរសមិទ្ធផល នៃការអនុវត្តន៍ នយោបាយ អាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល មមាន៖ ផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសាកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ, ពង្រឹងកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃ និងការពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្ម។
រាជរដ្ឋាភិបាល ក៏បានបង្កើតអាជ្ញាធរជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយ វិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយ ការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយ វិវាទឱ្យកាន់តែទៅកៀកនឹង ប្រជាពលរដ្ឋ នៅមូលដ្ឋាន និងធានាបាននូវ ភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។
សម្តេចធិបតី បានចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការីនី ហើយដាក់ចេញនូវកិច្ចអន្តរាគមន៍ ជាច្រើន ធានាការពារប្រយោជន៍ របស់កម្មករ និយោជិត។ ក្រៅពីនោះ ក៏បានជួបជាមួយ វិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីជួយដល់ផ្នែកឯកជន មានដូចជាវិស័យទេសចរណ៍, អចលនទ្រព្យ, ការដឹកជញ្ជូន និងការធ្វើធុរកិច្ចជាដើម។
បើតាមលោក ប៉ែន បូណា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា កុំនិយាយតែមាត់ កុំសរសេរតែលើក្រដាស់ តែត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង, បង្អង់ការពង្រីក តែយកចិត្តទុកដាក់លើការពង្រឹងគុណភាព និងប្រសិទ្ធភាព, កសាងមូលធនមនុស្ស ឱ្យមានចំណេះដឹង សមត្ថភាព សុខភាព និងសីលធម៌។
*នៅក្នុងរយៈពេលបីខែ នៃការដឹកនាំប្រទេស ភ្ជាប់ជាមួយបេសកម្មនៅក្រៅប្រទេសវិញ!
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។ ជាដំណើរទស្សនកិច្ច លើកទី១ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំ គណៈប្រតិភូទស្សនកិច្ចក្រៅប្រទេស។ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាមេដឹកនាំក្មេងជាងគេ ក្នុងចំណោមមេដឹកនាំដែលចូលរួមប្រជុំ នៅហ្សាកាតា។ សម្ដេចធិបតី បានជួបពិភាក្សាទ្វេភាគី ជាមួយមេដឹកនាំប្រទេសធំៗ ជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។
កិច្ចប្រជុំអាស៊ាន នៅឆ្នាំនេះ មានមូលបទ«សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលកិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយ ដ៏សំខាន់ សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាព ស្ថាប័ន ក្នុងគោលដៅស្វែងរក ផលប្រយោជន៍ សម្រាប់ប្រជាជនរបស់ខ្លួន នៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់ លើការពូនជ្រុំ សហគមន៍អាស៊ាន ប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវ ផែនការអាស៊ានឆ្នាំ២០៤៥។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា។
ក្នុងសុន្ទរកថា គន្លឹះពេលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាល្ងាចថ្ងៃទី០៤ ខែកញ្ញា ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែតថា អាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវរួមគ្នាប្រឆាំងការប្រើកម្លាំងបាយប្រឆាំងរដ្ឋអធិបតេយ្យ។
ពាក់ព័ន្ធការធ្វើពាណិជ្ជកម្ម វិនិយោគ និងបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងលើពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញ បញ្ហាប្រឈម ដ៏គួរឱ្យព្រួយបារម្ភ របស់ពិភពលោក លើការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម និងឥទ្ធិពល របស់ប្រទេសមហាអំណាច។
សម្តេច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបញ្ហាទាំងនោះ កំពុងជះផលវិបាកលើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ។ ប្រឈមបញ្ហាទាំងអស់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ថា រាល់បញ្ហា ត្រូវតែប្រើកិច្ចសន្ទនា ដោយសន្តិវិធី ដើម្បីអាចដោះស្រាយបាន។
ក្នុងបរិបទពិភពលោក ដែលកំពុងផុយស្រួយ ដោយការប្រជែងឥទ្ធិពល របស់ប្រទេសមហាអំណាចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា អាស៊ាន និងសហគមន៍អន្តរជាតិ ត្រូវតែអនុវត្តភាពជាមេដឹកនាំ ដោយប្រឆាំងការប្រើប្រាស់ ឬការសម្លុតគំរាម ប្រើកម្លាំងបាយប្រឆាំងរដ្ឋអធិបតេយ្យមួយ ហើយត្រូវប្រមូលផ្ដុំ កិច្ចខិតប្រឹងប្រែងរួមគ្នា គឺជារឿងសំខាន់ ក្នុងការដោះស្រាយបញ្ហា ដោយមិនអាចខ្វះបាន នោះឡើយ។
បន្ថែមពីលើនេះ ប្រទេសជាសមាជិកអាស៊ានទាំងអស់ និងជាសមាជិក អង្គការសហប្រជាជាតិ ត្រូវតែប្រកាន់ខ្ជាប់ស្មារតីឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី សមភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង អ្នកដទៃ ដូចដែលមានចែង ក្នុងធម្មនុញ្ញអាស៊ាន និងUN។
បន្ទាប់ពីដំណើរ ទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី សម្ដេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ច នៅប្រទេសចិន។ សម្ដេច ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា ទៅចូលរួម «វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» ដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៣។
វេទិកានេះជាខួប១០ឆ្នាំ ក្រោយការបង្កើតគំនិតផ្តួចផ្តើម ខ្សែក្រវាត់ផ្លូវ ពាណិជ្ជកម្ម(Belt and Road Initiative ឬBRI) ដែលបង្កើតឡើង ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីឆ្នាំ២០១៣។ នៅក្នុងរយៈពេល១០ឆ្នាំ ចាប់តាំងពីការបង្កើត គំនិតផ្តួចផ្តើមខ្សែក្រវាត់ផ្លូវពាណិជ្ជកម្មBRIរបស់ចិនមក កម្ពុជាបានទទួលកម្ចីដ៏សម្បើមដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស រួមមានស្ពាន ថ្នល់ និងព្រលានយន្តហោះជាដើម។
រដ្ឋាភិបាលកម្ពុជាដែលកាន់តែស្និទ្ធនឹងប្រទេសចិន បានសរសើរគម្រោង BRIនេះ បើទោះមានភាពចម្រូងចម្រាសដែលលើកឡើងថា គម្រោងមួយនេះអាចត្រូវបានប្រើប្រាស់ជាអន្ទាក់បំណុល ហើយចិនអាចមានឥទ្ធិពលលើប្រទេសដែលខ្ចីបំណុលពីចិនច្រើនសន្ធឹកសន្ធាប់ ហើយមានការលំបាកក្នុងការសងត្រឡប់វិញ។
*លទ្ធផល ទៅចិន ចេញផ្លែផ្កា
លទ្ធផលនៃទស្សនកិច្ចទៅចិន ចេញផ្លែផ្កា អំឡុងពេល សម្ដេច ហ៊ុន ម៉ាណែត ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំងប្រទេសចិន ដោយឯកសារ ជាង២០ ត្រូវបានចុះហត្ថលេខា។
ទី១ អនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការរួមគ្នា សម្រាប់កិច្ចសហប្រតិបត្តិការ សមត្ថភាពផលិត និងការវិនិយោគ កម្ពុជា-ចិន។
ទី២ ការបង្កើតយន្តការ ការងារ សម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់ សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រ សតវត្សរ៍ទី២១។
ទី៣ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ លើការអភិវឌ្ឍន៍បៃតង និងកាបូនទាប។
ទី៤ កិច្ចព្រមព្រៀង ឥណទានសម្បទាន សម្រាប់ហិរញ្ញប្បទាន លើគម្រោងសាងសង់ ខ្សែបញ្ជូនអគ្គិសនីជនបទដំណាក់កាលទី៨។
ទី៥ លិខិតប្តូរសារ សម្រាប់ការសិក្សា សមិទ្ធិលទ្ធភាព គម្រោងជួសជុល ប្រាសាទព្រះវិហារ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិន។
ទី៦ កំណត់ហេតុ នៃកិច្ចប្រជុំស្តីពី ការសិក្សាសមិទ្ធិលទ្ធភាព នៅលើទីតាំងរបស់គម្រោងផ្លូវជនបទ ជំហានទី៣ នៅកម្ពុជា ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិន។
ទី៧ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតយន្តការ កិច្ចសហប្រតិបត្តិការផ្លូវរថភ្លើង កម្ពុជា-ចិន។
ទី៨ អនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រួមគា្ន ក្នុងការសាងសង់ សួនឧស្សាហកម្មចិន-កម្ពុជា រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ប្រទេសចិន។
គួរបញ្ជាក់ថា ឯកសារទាំង៨ បូកញ្ចូលជាមួយឯកសារ១៥ផ្សេងទៀត នៃដំណើរទស្សនកិច្ចពីរ លើករបស់សម្ដេចធិបតីទៅកាន់ប្រទេសចិន ក្នុងអំឡុងខែកញ្ញា ម្ដងនិងខែតុលាម្ដង។ ឯកសារទាំង១៥នោះ រួមមានផែនការសកម្មភាពនៃការកសាង សហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីរវាងកម្ពុជា-ចិន(២០២៤-២០២៨) និងកិច្ចសហប្រតិបត្តិការស្តីពីច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍបៃតង ការត្រួតពិនិត្យ និងចត្តាឡីស័ក ព្រៃឈើ និងសត្វព្រៃ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដើម។
ជាមួយគ្នានេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករក្នុងស្រុកបាទី ខេត្តតាកែវ បញ្ចប់ទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីអំឡុងខែតុលា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចាត់ទុកទំនាក់ទំនងរវាងរដ្ឋាភិបាលរបស់លោក និងចិនថា គឺជាការបង្កើន ការធ្វើពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍ជាតិ ហើយវាមិនមែនជាការធ្វើឱ្យបាត់បង់នូវ អធិបតេយ្យភាពជាតិ និងរហូតដល់កម្ពុជា ក្លាយជា«កូនជឹង»របស់ចិនឡើយ។
បើតាមសម្ដេចធិបតី កម្ពុជាត្រូវតែមានទំនាក់ទំនង ជាមួយបណ្តាប្រទេស ឱ្យបានច្រើន ដើម្បីបង្កើតទំនាក់ទំនងក្នុងការធ្វើពាណិជ្ជកម្ម ហើយវាប្រសើរជាងបង្កើតសត្រូវ។ លោកបន្ថែមថា ដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិន ដែលជាប្រទេសដំបូងគេ គឺលោកទៅពង្រឹងទំនាក់ទំនង ទ្វេភាគី បង្កើតទំនាក់ទំនង ក្នុងការធ្វើពាណិជ្ជកម្ម ហើយវាមិនធ្វើឱ្យកម្ពុជា បាត់បង់ឯករាជ្យភាពនោះឡើយ ព្រោះសូម្បីបណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ធ្វើពាណិជ្ជកម្ម ជាមួយចិនដែរ។ ប្រយោជន៍ពីការធ្វើពាណិជ្ជកម្ម ជាមួយចិន នេះ ទើបកម្ពុជា មានរោងចក្រដែលអាចបម្រើដល់ការនាំចេញផលិតផល របស់កម្ពុជាទៅទីផ្សារចិន។
ថ្លែងជាលើកដំបូង នៅចំពោះមុខ មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងក្រុងញូវយ៉ក នៅថ្ងៃទី២២កញ្ញាឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បន្តបញ្ជាក់ពីការប្រឆាំងដាច់ខាត ចំពោះការតាំងមូលដ្ឋានទ័ពបរទេស ក្នុងទឹកដីកម្ពុជា និងការលូកលាន់កិច្ចការផ្ទៃក្នុង របស់រដ្ឋឯករាជ្យ។
ក្នុងសម័យប្រជុំ លើកទី៧៨ នៃមហាសន្និបាត អង្គការសហប្រជាជាតិ នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាត ចំពោះការគំរាមប្រើប្រាស់ ឬការប្រើកម្លាំងក្នុងទំនាក់ទំនង អន្តរជាតិ ព្រមទាំងប្រឆាំងចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋ ឯករាជ្យណាមួយ។ កម្ពុជាក៏នឹងមិនអនុញ្ញាតឲ្យ ប្រទេសឬក្រុមណាមួយ ប្រើទឹកដីរបស់ខ្លួនប្រឆាំងនឹង ប្រទេសណាមួយផ្សេងទៀត នោះដែរ។ កម្ពុជានឹងបន្តដើរលើមាគ៌ានយោបាយការបរទេស បច្ចុប្បន្ន ដែលឯករាជ្យ អព្យាក្រឹត ដោយផ្អែកលើវិធានច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និង ប្រកាន់ខ្ជាប់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ចំពោះបញ្ហាពិភពលោក ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានបង្ហាញពីកង្វល់រួម ស្ដីពីបញ្ហាអស្ថិរភាពពិភពលោក នាពេលបច្ចុប្បន្ន និងការកើនឡើង នូវភាពតានតឹង ផ្នែកភូមិសាស្រ្តនយោបាយ ដែលរួមមានការអូសបន្លាយ នៃសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ ការបង្វែរធនធាន ប្រើប្រាស់ក្នុងគោលដៅពង្រីក សមត្ថភាព ផ្នែកសន្តិសុខ របស់ប្រទេសមហាអំណាច បាននាំឲ្យធនធានត្រូវការចាំបាច់ ក្នុងការដោះស្រាយវិបត្តិកូវីដ និងសម្រេចរបៀបវារៈ គោលដៅអភិវឌ្ឈន៍ ឆ្នាំ២០៣០ គឺកាន់តែខ្សត់ខ្សោយ។
អំពីគោលនយោបាយ អភិវឌ្ឈន៍ប្រទេសវិញ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីសម្រេចបានជោគជ័យនៃយុទ្ធសាស្រ្តបញ្ចកោន កម្ពុជានឹងខិតខំពន្លឿន ការកែទម្រង់អភិបាលកិច្ច ដើម្បីធានាថា រដ្ឋបាលសាធារណៈ ដំណើរការប្រកបដោយ ប្រសិទ្ធិភាព និងមានសុចរិតភាពខ្ពស់។ ទន្ទឹមនឹងនេះ កម្ពុជា បន្តស្វាគមន៍ការគាំទ្រទាំងឡាយពីប្រទេសជាមិត្ត ទាំងផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីឈានទៅសម្រេចគោលដៅ ការអភិវឌ្ឈន៍ប្រកបដោយចីរភាព របស់ខ្លួន ខណៈជំរុញសមាហរណកម្ម ទៅក្នុងតំបន់ និងក្នុងពិភពលោក។
សូមបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ ឆ្នាំ២០២៣នេះ ប្រារព្ធធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។ ជាវេទិកាប្រចាំឆ្នាំដ៏សំខាន់មួយ ដែលមេដឹកនាំពិភពលោកយ៉ាងតិច១៤៥ប្រទេស មកប្រមូលផ្ដុំគ្នា ដើម្បីពិភាក្សាពីបញ្ហាសកលនានា។ ដោយឡែក មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។ តាមគម្រោង អំឡុងពេលស្នាក់នៅ ក្នុងទីក្រុងញូវយ៉ក លោកហ៊ុនម៉ាណែត ក៏មានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងឥស្សរជនបរទេស មួយចំនួនផងដែរ។
ចំណែកប្រទេស នៅក្នុងតំបន់វិញ វៀតណាម ក្លាយជាប្រទេសដំបូងគេ នៃដំណើរទស្សនកិច្ច របស់សម្ដេចធិបតី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញ របស់លោក ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម។
ប្រទេសវៀតណាម គឺជាប្រទេសទី២ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ច ជាផ្លូវការក្រោយឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី ហើយប្រទេសវៀតណាម គឺជាប្រទេសសមាជិកអាស៊ានទី១ ដែលសម្តេចធិបតី បានអញ្ជើញទស្សនកិច្ចផ្លូវការ។
ទស្សនកិច្ច នៅប្រទេសវៀតណាម មានគោលដៅចម្បង ក្នុងការពង្រឹងពង្រីក ចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលមានអាយុកាល៥៦ឆ្នាំហើយនោះ។ កាន់តែសំខាន់ទៀតនោះ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនាពេលនេះ គឺជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត គ្រាដែលទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបាន ១១ពាន់លានដុល្លារអាមេរិករួចហើយនោះ។
ដំណើរទស្សនកិច្ច របស់សម្តេចធិបតី ដ្បិតថាមានរយៈពេលត្រឹមតែពីរថ្ងៃ (១១-១២ ខែធ្នូ) តែមានជំនួប និងកម្មវិធីជាច្រើនជាមួយថ្នាក់ដឹកនាំកំពូល របស់វៀតណាម ប្រធានក្រុមហ៊ុនធំៗ របស់វៀតណាម រួមទាំងកម្មវិធី ពាក់ព័ន្ធការជំរុញពាណិជ្ជកម្ម និងវិនិយោគផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតី រួមគ្នាជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣។ វេទិកានេះ មានគោលដៅសំខាន់ ក្នុងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម ដែលបច្ចុប្បន្នប្រទេសទាំងពីរ មានទំហំពាណិជ្ជកម្ម ទ្វេភាគី រហូតដល់ទៅប្រមាណ ១១ពាន់លានដុល្លារ អាមេរិក។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីពាក់កណ្ដាលខែតុលាឆ្នាំ២០២៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍៥០ឆ្នាំនៃមិត្តភាពអាស៊ាន-ជប៉ុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា៖ «កិច្ចប្រជុំកំពូលនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និងជប៉ុន ដើម្បីសម្រេចបានគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-ជប៉ុន»។
នៅក្នុងទីក្រុងតូក្យូ រហូតដល់ថ្ងៃទី១៩ ខែធ្នូ សម្ដេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ៊្វូមីអូ (Kishida Fumio)នឹងមានជំនួបដាច់ដោយឡែក ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងជប៉ុន ដើម្បីផលប្រយោជន៍ ជាក់ស្តែង នៃប្រទេសទាំងពីរ ផងដែរ។
អំឡុងពេលស្នាក់នៅ ប្រទេសជប៉ុន ជួបជាមួយបណ្ដាអ្នកវិយោគ ជនជាតិជប៉ុន។ សម្ដេចធិបតី លើកទឹកចិត្តអ្នកវិនិយោគជប៉ុន ឱ្យបន្តវិនិយោគ និងធ្វើអាជីវកម្ម ព្រមទាំងពង្រីកអាជីវកម្ម ដែលមានស្រាប់នៅកម្ពុជា ពិសេសក្នុងវិស័យ ដែលមានសក្តានុពលខ្ពស់ របស់កម្ពុជាដូចជា កសិកម្ម កសិ-វប្បធម៌ កសិឧស្សាហកម្ម យានយន្ត អេឡិចត្រូនិក និងឧស្សាហកម្មឌីជីថល។
ការលើកឡើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញថ្លែងក្នុងសិក្ខាសាលាអំពីវិនិយោគនៅកម្ពុជាឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ប្រទេសជប៉ុនតែងតែ ធ្វើការវិនិយោគយ៉ាងច្រើន នៅកម្ពុជា បង្កើតឱកាសការងារ ជាច្រើន និងទូលំទូលាយ និងលើកកម្ពស់ជីវភាព រស់នៅ របស់ប្រជាជនកម្ពុជា ហើយភាពស្និទ្ធស្នាល និងភាពជឿជាក់ ដែលមិនអាចកាត់ថ្លៃបាន រវាងកម្ពុជា និងជប៉ុន បង្កើតបាននូវមូលដ្ឋានគ្រឹះ ដ៏រឹងមាំមួយ សម្រាប់ការបណ្តុះទំនុកចិត្ត ក្នុងចំណោមពាណិជ្ជករ និងអ្នកវិនិយោគ នៃប្រទេសទាំងពីរ ទាំងនេះបង្ហាញឱ្យឃើញពីការកើនឡើង នៃវត្តមាន របស់គម្រោង វិនិយោគជប៉ុនទាំងតូច និងធំ និងសហគ្រាសពាណិជ្ជកម្ម នៅកម្ពុជា។
សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា វិស័យទាំងនេះជាផ្នែក ដែលក្រុមហ៊ុន ជប៉ុនធំៗ បានបង្កើតវត្តមាន និងមានជំនាញនៅក្នុងតំបន់។ កម្ពុជាអាចធ្វើជាមូលដ្ឋាន ផលិតកម្មដ៏សំខាន់ សម្រាប់ខ្សែសង្វាក់ផលិតកម្ម ក្នុងតំបន់របស់ក្រុមហ៊ុន ជាមួយទីតាំងភូមិសាស្ត្រនយោបាយ អំណោយផលរបស់ខ្លួន នៅអាស៊ីកណ្តាល កម្លាំងពលកម្មវ័យក្មេង និងទេពកោសល្យ លទ្ធភាពទទួលបានអនុគ្រោះពន្ធលើទីផ្សារធំៗ សារពើពន្ធអំណោយផល និងការលើកទឹកចិត្តមិនមែនសារពើពន្ធនានា ហើយសំខាន់បំផុតគឺសន្តិភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
សម្ដេចធិបតី បានថ្លែងបន្ដថា ចំណែកទី២គឺក្រុមហ៊ុន Minebea Cambodia Co. Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi មិនតែប៉ុណ្ណោះ ក្រុមហ៊ុន នៅតែបន្តពង្រីកប្រតិបត្តិការរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើង ក្នុងឆ្នាំ២០១១ ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំ ក្រុមហ៊ុនបានសម្ពោធផែនការទីបីរបស់ខ្លួន ពង្រីកការផលិតម៉ូទ័រកង្ហារ គ្រឿងបន្លាស់ម៉ាស៊ីន និងផលិតផលហ្គេម ហើយគិតត្រឹមឆ្នាំ២០២២ ក្រុមហ៊ុនមានបុគ្គលិកសរុបចំនួន៦៦៣០នាក់ អង្គភាពអាជីវកម្ម ចំនួន១៤ និងទុនវិនិយោគចំនួន៦១៤លានដុល្លារអាមេរិក កើនឡើងពីការវិនិយោគដំបូងត្រឹមតែ២៣លានដុល្លារក្នុងឆ្នាំ ២០១១។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមអញ្ជើញ វិនិយោគិនជប៉ុនទាំងអស់ ដែលមិនទាន់បានមកទស្សនាប្រទេសកម្ពុជា មកស្វែងយល់ដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមអំពីឱកាស សក្តានុពលវិនិយោគនៅកម្ពុជា និងធ្វើការសម្រេចចិត្តវិនិយោគប្រកបដោយភាពឆ្លាតវៃ ដើម្បីបង្កើនអត្ថប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី យ៉ាងជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន នៅកម្ពុជាយើង មានពាក្យមួយឃ្លាថា ឮមួយពាន់ដង មិនស្មើឃើញម្ដង។ ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍អ្នក និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក៏ដូចជាការទទួល បដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ ចំពោះអ្នកក្នុងនាម ជាអ្នកវិនិយោគ និងអ្នកជំនួញ»។
សម្ដេចធិបតីបានបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជាយ៉ាងត្រឹមត្រូវ និងទាំងអស់ជាមួយដៃគូវិនិយោគក្នុងស្រុក។
គួរបញ្ជាក់ជូនថា វត្តមាននាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសជប៉ុន ធ្វើឡើងរវាងការស្វាគមន៍ និងបាតុកម្ម។
*និស្សិតខ្មែរម្នាក់ស្លាប់ ដោយការបាញ់គ្នា រវាងអ៊ីស្រាអែល និងហាម៉ាស
និស្សិតខ្មែរម្នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីម្សិលមិញ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្នគឺមាននិស្សិតខ្មែរ កំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល ចំនួន៤៥០នាក់។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានចេញសារ តាមតេឡេក្រាម ដោយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានធ្វើការងារពេញមួយយប់ ក្នុងការទំនាក់ទំនង ជាមួយនិស្សិតខ្មែរ នៅប្រទេសអ៊ីស្រាអែល។ ក្នុងនោះបានជួយនិស្សិតខ្មែរ៣នាក់ ចេញពីតំបន់«ប្រយុទ្ធគ្នា» គ្រាដែលនិស្សិតខ្មែរម្នាក់ បានស្លាប់។
បើតាម នាយករដ្ឋមន្ត្រីកម្ពុជា ពលរដ្ឋខ្មែរដែលនៅអ៊ីស្រាអែល គឺត្រូវស្តាប់ការណែនាំ របស់អាជ្ញាធរ ប្រទេសនេះ ខណៈរដ្ឋាភិបាលកម្ពុជា កំពុងសហការជាមួយ អាជ្ញាធរអ៊ីស្រាអែល ដើម្បីចាត់ចែងយកសព និស្សិតខ្មែរ មកកាន់កម្ពុជាដើម្បីរៀបចំ ធ្វើបុណ្យសព។ ការធ្វើបុណ្យសព គឺជាបន្ទុករបស់រដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានប្រកាសដាក់ប្រទេស ក្នុងស្ថានភាពសង្រ្គាម បន្ទាប់ពីត្រូវរងស្រោច ដោយគ្រាប់រ៉ូកែតរបស់ចលនា ហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា តាំងពីព្រឹកព្រលឹមថ្ងៃទី ៧ តុលា។ តាមតុល្យការបឋម របស់កងទ័ពអ៊ីស្រាអែល ការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើទឹកដីភាគខាងត្បូង អ៊ីស្រាអែល បានសម្លាប់មនុស្ស យ៉ាងតិច ២២នាក់ និងរបួសជាង ៥០០នាក់។
ពីចំណែកខ្លួន ក្រសួងការបទេសកម្ពុជា បានថ្កោលទោសគ្រប់ទម្រង់អំពើហិង្សា និងសកម្មភាពភេរវកម្ម ខណៈការប្រយុទ្ធគ្នានេះ ត្រូវបានគេអះអាងថា បានកើតឡើងដោយក្រុមប្រដាប់អាវុធរបស់ពួកហាម៉ាសជាអ្នកផ្តើមលួចវាយឆ្មក់ នៅថ្ងៃចុងក្រោយនៃបុណ្យជាតិអ៊ីស្រាអែល។
*ជំហរកម្ពុជា នៅចំពោះមុខសង្គ្រាម រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
កម្ពុជា បានបញ្ជាក់ពីជំហររបស់ខ្លួន នៅក្នុងកិច្ចប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាលេស្ទីន និងអ៊ីស្រាអែល នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំនេះ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ ដោយជំហរថា កម្ពុជាមិនចូលរួម ក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងមិនឈរ នៅខាងក្រុមណាមួយនោះទេ និងចាត់ទុកជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត។
យោងតាម សេចក្តីថ្លែងការណ៍របស់ លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាត អង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល លើកយកបទពិសោធន៍ ជាក់ស្ដែងរបស់ប្រទេសកម្ពុជា ក្នុងពេលអតីតកាល គឺកម្ពុជាគ្របដណ្ដប់ដោយភ្នក់ភ្លើងសង្គ្រាមរាប់ទសវត្សរ៍ និងវាលពិឃាតដែលផ្ដើមចេញ ពីការស្អប់ខ្ពើម ការសងសឹក និងភាពជ្រុលនិយម រហូតនាំទៅដល់ទង្វើឧក្រិដ្ឋកម្ម ដ៏សាហាវបំផុត ប្រឆាំងនឹងមនុស្សជាតិ។
ចំពោះវិបត្តិសង្គ្រាម រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន លោកស្រី អ៊ាត សោភា បានសម្តែងនូវមរណទុក្ខ ចំពោះការបាត់បង់ជីវិត ប្រជាជនស្លូតត្រង់ ជាច្រើន រួមទាំងជនជាតិខ្មែរម្នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមកដល់បច្ចុប្បន្ន និងមុនពេលនេះផងដែរ ទាំងនៅក្នុងរដ្ឋប៉ាលេស្ទីន និងរដ្ឋអ៉ីស្រាអែល។ ជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត ហេតុនេះកម្ពុជាសូមលើកឡើង នូវជំហរជាគោលការណ៍ របស់ខ្លួន លើបញ្ហានេះ ដោយមិនចូលរួម ក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ។
តំណាងឲ្យប្រទេសកម្ពុជា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិរូបនេះបន្តថា កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។
បន្ថែមលើតំណែង នាយករដ្ឋមន្ត្រី សម្ដេចធិបតី ក្លាយជាអនុប្រធានបក្ស តាមរយៈសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥។ បច្ចុប្បន្នចំនួន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានកើនដល់ចំនួន៥រូប ខណៈសម្ដេច ហ៊ុន សែន ជាប្រធានគណបក្ស សម្ដេច ហេង សំរិន ប្រធានកិត្តិយស សម្ដេច ស ខេង សម្ដេច សាយ ឈុំ សម្ដេច ទៀ បាញ់ សម្ដេច ម៉ែន សំអន និង សម្ដេច ហ៊ុន ម៉ាណែតគឺជាអនុប្រធានបក្ស។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវសមាជិកគណបក្សប្រជាជនកម្ពុជា បោះឆ្នោតឲ្យឡើង ជាអនុប្រធានគណបក្សកាន់អំណាចនេះ ខណៈសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សដដែល។ ការបោះឆ្នោត តែងតាំងកូនប្រុសច្បង របស់សម្ដេចតេជោ ឲ្យកាន់តំណែងធំ នៅក្នុងបក្ស បន្ទាប់ពីឪពុកនេះ គឺធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ខណៈគណបក្សប្រជាជនកម្ពុជា ដែលមានប្រតិភូ តំណាងជាង ៣២០០នាក់។
សូមបញ្ជាក់ថា សមាជិកគណៈអចិន្រ្តៃយ៍ នៃគណបក្សកាន់អំណាចចាស់វស្សានេះ គឺពីមុនមានសរុប៣៦រូប តែស្លាប់ម្នាក់ និងព្យូរតួនាទីម្នាក់ គឺនៅសល់៣៤រូប។ ប៉ុន្តែក្រោយបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមនៅពេលនេះ បានធ្វើឲ្យសមាសភាពដឹកនាំក្បាលម៉ាស៊ីនគណបក្សនេះកើនដល់៥៧រូប។ ចំណែក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានកើនដល់ ១.៣១២រូប បន្ទាប់ពីបោះឆ្នោតជ្រើសតាំងថ្មីចំនួន ៤៩៦ រូប នៅក្នុងសមាជវិសមញ្ញរយៈពេលពីរថ្ងៃនេះ។
ខុទ្ទកាល័យ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជន ដែលកំពុងកាន់អំណាច កាលពីថ្ងៃទី១៧ ខែធ្នូ បានប្រាប់ទៅថ្នាក់ដឹកនាំ គណបក្ស នៅតាមរាជធានី ខេត្ត ក្រសួង និងស្ថាប័ន ឲ្យប្រើប្រាស់ឡូហ្គោ ដែលមានរូបឥស្សរជនកំពូលទាំងបី ក្នុងនោះមានសម្ដេច ហ៊ុន ម៉ាណែត ផងដែរ សម្រាប់អបអរបុណ្យ៧មករាខាងមុខ។ ការរំលេចរូបសម្ដេច ហ៊ុន ម៉ាណែត នៅលើឡូហ្គោបុណ្យ៧មករា ត្រូវអ្នកវិភាគយល់ថាជាការបង្ហាញកាន់តែច្បាស់ពីយន្តការបន្តវេនទាំងនៅក្នុងបក្ស និងនៅក្នុងរដ្ឋាភិបាល។
នៅក្នុងសេចក្តីណែនាំខ្លី ដែលខុទ្ទកាល័យ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានប្រាប់ទៅប្រធានគណៈកម្មាធិការបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័ន នោះគឺសម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករាខាងមុខ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានសម្រេចឲ្យប្រើប្រាស់ ឡូហ្គោថ្មី ដែលមានរូបសម្តេចទាំងបី ដែលបានភ្ជាប់មក ជាមួយសេចក្តីបង្គាប់នេះ។
ឡូហ្គោថ្មី ដែលគណបក្សកាន់អំណាច តម្រូវឲ្យប្រើប្រាស់សម្រាប់ ថ្ងៃ៧ មករា ខាងមុខនេះ មានរំលេចរូបថតមេដឹកនាំកំពូល៣រូប គឺលោក សម្ដេច សំរិន ប្រធានកិត្តិយស សម្ដេច ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេច ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
ទោះយ៉ាងណា លិខិតដែលមានចុះហត្ថលេខា ដោយលោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណបក្សប្រជាជន បានបញ្ជាក់ថាឡូហ្គោ រូបសម្តេចទាំងបី ក៏ត្រូវបន្តប្រើប្រាស់ ទៅមុខទៀតសម្រាប់ការឃោសនា បោះឆ្នោត ទាំងសកល និងអសកលផងដែរ។
សូមរំលឹកថា កាលពីអតីតកាល ឡូហ្គោ ដើម្បីអបអរខួបអនុស្សាវរីយ៍ ថ្ងៃជ័យជម្នះ ៧មករា ត្រូវបានរំលេចដោយរូបភាពឥស្សរជនជាន់ខ្ពស់ គណបក្ស៣រូប គឺសម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន។ ក៏ប៉ុន្តែចាប់តាំងពីសម្ដេច ជា ស៊ីម ទទួលមរណភាពនៅឆ្នាំ២០១៥មក ឡូហ្គោបុណ្យ៧មករា និងឡូហ្គោសម្រាប់ឃោសនា គណបក្សគឺមានតែរូបភាព សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន ប៉ុណ្ណោះ។
ក្រឡេកទៅមើល ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺមានតែគណបក្សចំនួន២ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នៅរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា បានចំនួន ១២០ អាសនៈ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៥ អាសនៈ។ ដោយឡែកគណបក្សនយោបាយ ចំនួន ១៦ ផ្សេងទៀត ដែលបានចូលរួមការបោះឆ្នោតនេះ មិនទទួលបានអាសនៈ ឡើយ។ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ រក្សាបាននូវចំនួនអ្នក ទៅបោះឆ្នោត ៨៤,៥៩% ដដែល។
*អវត្តមាន គណបក្សភ្លើងទៀន ពីសង្វៀននយោបាយ ខណៈលោក កឹម សុខា លែងមានឱកាស ក្នុងឆាកនយោបាយ ក្នុងឆ្នាំ២០២៣
គណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ធំមួយ ក្នុងប្រទេសកម្ពុជា ត្រូវបានស្ថាប័នជាតិ រៀបចំការបោះឆ្នោតផាត់ចេញពីការបោះឆ្នោតជាតិ កាលពីខែកក្កដា កន្លងទៅ ដោយសារគ្មានឯកសារដើម បញ្ជាក់ពីការចុះបញ្ជីគណបក្ស នៅក្រសួងមហាផ្ទៃ សម្រាប់ចូលរួមប្រកួតប្រជែង ការបោះឆ្នោត។
គណបក្សភ្លើងទៀន តែងតែបញ្ជាក់ថា ឯកសារដើម ប្រកាសលេខ១៩៣ ដែលជាឯកសារចុះបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាំងពីឆ្នាំ១៩៩៨ គឺបានបាត់នៅអំឡុងឆ្នាំ២០១៧ នៅពេលដែលស្នាក់ការគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយ ហើយពេលនោះ សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ មិនអនុញ្ញាតឱ្យមន្ត្រីគណបក្សភ្លើងទៀន ចូលទៅយកឯកសារអ្វីទាំងអស់។
ជុំវិញសំណុំរឿង របស់គណបក្សភ្លើងទៀន នេះដែរ កាលពីចុងខែធ្នូ ឆ្នាំ២០២៣ នៅខាងមុខទីស្នាក់ការ គណបក្សភ្លើងទៀន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ សមាជិកគណបក្សភ្លើងទៀន ជាច្រើនរយនាក់ ពាក់មួកពណ៌ស ឡូហ្គោភ្លើងទៀន មកពីបណ្តាខេត្តនានា រួមទាំងភ្នំពេញ បាននាំគ្នាឈរកាន់បដាវែងៗ រំលេចដោយអក្សរស្នើឲ្យលោក ទាវ វណ្ណុល ប្រធានគណបក្ស និងលោក លី សុធារ៉ាយុទ្ធ អគ្គលេខាបក្ស ចុះចេញពីតំណែង ដោយឥតលក្ខខណ្ឌ។
តំណាងអ្នកតវ៉ា៥រូប ត្រូវបានអនុញ្ញាតឲ្យចូល ទៅក្នុងទីស្នាក់ការគណបក្ស ដើម្បីដាក់ញត្តិទាមទារ ឲ្យមេដឹកនាំបក្សទាំងពីររូប ចុះចេញពីតំណែង។ តែមិនមានការឆ្លើយតបភ្លាមៗទេ ខណៈសកម្មជនព្រមាន បង្កើនចំនួនអ្នកតវ៉ា និងបន្តការតវ៉ា ប្រសិនបើមិនមានដំណោះស្រាយ។
ក៏ប៉ុន្តែលោក គីមសួរ ភីរិទ្ធ អតីតអ្នកនាំពាក្យ គណបក្សភ្លើងទៀន និងជាបេក្ខជនតំណាង សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរថា ការតវ៉ារបស់សកម្មជនភ្លើងទៀន ជាសកម្មភាព ដែលមានការរៀបចំ ពីក្រោយ។ ក៏ប៉ុន្តែសមាជិកអ្នកតវ៉ា បានបដិសេធ ការលើកឡើងបែបនេះ។
តាមលោក គីមសួរ ភីរិទ្ធ ការស្នើសុំដកមេដឹកនាំ គណបក្សភ្លើងទៀន គឺជារឿងអត់ប្រយោជន៍ ដោយហេតុថាបើគណបក្សភ្លើងទៀន រលាយ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ជាប់ឆ្នោតតាមរយៈ គណបក្សភ្លើងទៀន ដែលជាអង្គបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នោះ ក៏មិនអាចមានសិទ្ធិ បោះឆ្នោតបានដែរ។
សូមបញ្ជាក់ថា គណបក្សភ្លើងទៀន មិនមានសិទ្ធិចូលរួមបោះឆ្នោត ព្រឹទ្ធសភា នៅខែកុម្ភៈឆ្នាំ២០២៤ទេ ដោយសារខ្វះឯកសារចុះបញ្ជីគណបក្សច្បាប់ដើម។ គណបក្សភ្លើងទៀន ដែលមានអង្គបោះឆ្នោត ជាង២ពាន់នាក់ បានចូលរួមបោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ តាមរយៈគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្ព័ន្ធ។
ក៏ប៉ុន្តែគណបក្សកម្លាំងជាតិ ដែលមេដឹកនាំ កំពូលគណបក្សនេះ បានបែកចេញពីគណបក្សភ្លើងទៀន ព្យាយាមទាក់ទាញក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតជាង ២ពាន់នាក់ របស់ភ្លើងទៀន ឲ្យទៅគាំទ្រគណបក្សកម្លាំងជាតិ នៅក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាខាងមុខ។
ហេតុដូច្នេះហើយ សមាជិកគណបក្សភ្លើងទៀន នៅតាមមូលដ្ឋាន ដែលទៅចូលរួម ជាមួយគណបក្សកម្លាំងជាតិ ត្រូវមេដឹកនាំគណបក្សភ្លើងទៀន បញ្ចប់តួនាទី ពីសមាជិកភាពគណបក្ស ដែលក្នុងនោះពួកគេ មានតំណែងជាជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅតាមមូលដ្ឋាននានា៕
រីឯលោក កឹម សុខា លែងមានឱកាស ក្នុងឆាកនយោបាយ ក្នុងឆ្នាំ២០២៣
ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែមីនាឆ្នាំ២០២៣ បានសម្រេចផ្តន្ទាទោស លោក កឹម សុខា អតីតមេដឹកនាំ គណបក្សសង្រ្គោះជាតិ ឲ្យជាប់ពន្ធនាគារ រយៈពេល ២៧ ឆ្នាំ ពីបទ «ក្បត់ជាតិ»។ លោក អាង ឧត្តម មេធាវីរបស់លោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានថា លោក កឹម សុខា ក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ និងមិនត្រូវបានអនុញ្ញាតឲ្យជួប ជនបរទេសឡើយ លើកលែងតែ មានការអនុញ្ញាត ពីតុលាការ។
លោក កឹម សុខា បានរងការចោទប្រកាន់ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិ។ លោកត្រូវបានដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្រោយជាប់ពន្ធនាគារ រយៈពេលជាងមួយឆ្នាំ។ ប៉ុន្តែលោក ត្រូវបានដាក់ឲ្យស្ថិត នៅក្រោមការតាមដាន របស់តុលាការ និងរងបម្រាមមិនឲ្យ ធ្វើនយោបាយផងដែរ។ លោក កឹម សុខា បានជួបជាមួយតំណាងអង្គទូតបរទេសនានា ជាបន្តបន្ទាប់ ក្នុងពេលលោកប្រឈមនឹង ការចោទប្រកាន់។
ស្ថិតនៅក្នុងសំណុំរឿង នយោបាយដែរ គឺករណីកញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង
កញ្ញា សេង ធារី មេធាវីខ្មែរអាមេរិកាំង ត្រូវបានបញ្ជូន ទៅមណ្ឌលឃុំឃាំងវិញ ក្នុងរាជធានីភ្នំពេញ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដោយសារកូដកម្មបង្អត់អាហារ។ ចង្វាក់បេះដូងកញ្ញានៅខ្សោយនៅឡើយ ដោយសារការធ្វើកូដកម្មបង្អត់អាហារអស់រយៈពេលជិត ១០ ថ្ងៃ។ បើតាមសេចក្តីថ្លែងការណ៍របស់មេធាវីកញ្ញា សេង ធារី កូដកម្មបង្អត់អាហារនេះ ធ្វើឡើងដើម្បីទាមទារ សិទ្ធិនៃការអនុវត្តច្បាប់ ឱ្យមានភាពយុត្តិធម៌ របស់កញ្ញាត្រូវបាន គោរពនៅក្នុងដំណើរការ នីតិវិធី នៅសាលាឧទ្ធរណ៍ និងដើម្បីអំពាវនាវ ឱ្យទម្លាក់ចោលការចោទប្រកាន់ទាំងអស់ ប្រឆាំងនឹងកញ្ញា និងអ្នកនយោបាយ ផ្សេងទៀត។
នេះជាកូដកម្មបង្អត់អាហារ លើកទី ២ ដែលលើកទី ១ ធ្វើឡើងកាលពីខែកក្កដា ក្នុងឆ្នាំនេះ។ ការបង្អត់អាហារក្នុងពន្ធនាគារព្រៃសនេះ ធ្វើឡើងនៅមុនសវនាការ ជំនុំជម្រះនៅសាលាឧទ្ធរណ៍ ដែលគ្រោងធ្វើឡើង កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣។ ប៉ុន្តែសវនាការនេះ ត្រូវបានពន្យាពេល ដោយសារស្ថានភាព សុខភាព របស់កញ្ញា សេង ធារី។
កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស កញ្ញា សេង ធារី ដាក់ពន្ធនាគាររយៈពេល ៦ ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់ ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ទាក់ទងនឹងផែនការ មាតុភូមិនិវត្តន៍ មិនជោគជ័យរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ ២០១៩។
ករណីកញ្ញា សេង ធារី ធ្លាប់ត្រូវបានថ្នាក់ដឹកនាំ អាមេរិក លើកទៅកាន់មេដឹកនាំកម្ពុជា ក្នុងការទាមទារឱ្យដោះលែងកញ្ញា ក្នុងនោះក៏មានប្រធានាធិបតី អាមេរិក លោក Joe Biden ផងដែរ។
កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ សមាជិកព្រឹទ្ធសភានិងតំណាងរាស្រ្តសហរដ្ឋអាមេរិកមួយចំនួនបានដាក់លិខិតស្នើទៅក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ រួមទាំងកញ្ញា សេង ធារី ផងដែរ៕
គណបក្សប្រជាជនកម្ពុជា បានចងសម្ពន្ធភាព ជាមួយគណបក្សនយោបាយចំនួន២៧ នៅថ្ងៃទី២៥តុលាឆ្នាំ២០២៣។ មូលហេតុ ដែលឈានដល់ការបង្កើត សម្ពន្ធភាពនេះ ផ្តើមចេញពីគំនិតផ្តួចផ្តើម របស់គណបក្ស១៨ រហូតដល់មានការចុះហត្ថលេខា រវាងគណបក្សចំនួន២៨។ សម្ដេច ហ៊ុន សែន ប្រធានគណបក្សកម្ពុជា អះអាងថា សម្ពន្ធភាពនេះធ្វើឡើងដើម្បីបង្កើតមិត្ត។ បើតាមសម្ដេច ហ៊ុន សែន កិច្ចសហប្រតិបត្តិការ និងការចងសម្ពន្ធភាពនេះ គឺជាការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យកាន់តែរឹងមាំ។
ក្នុង ពិធីចុះហត្ថលេខា ចងសម្ពន្ធភាព នៅវិមាន៧មករា ដែលជាទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា សម្ដេច ហ៊ុន សែន បានឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មានថា ការចងសម្ពន្ធភាពនេះ មិនមែនធ្វើឡើងដើម្បីទាញយកប្រជាប្រិយភាព សម្រាប់គណបក្សកាន់អំណាច នោះឡើយ។ សម្ដេចបន្ថែមថា គណបក្សប្រជាជនកម្ពុជា អាចដើរតែម្នាក់ឯង ក៏បានដែរ ប៉ុន្តែអ្វីដែលឈានដល់ការចងសម្ពន្ធភាពនេះ គឺដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់គណបក្សនយោបាយទាំងនោះ និងដើម្បីបង្កើត«មិត្ត»។ សម្ដេចបញ្ជាក់ថា គណបក្សចងសម្ពន្ធភាព ទាំងអស់នេះ គឺជាដៃគូស្មើភាព និងស្មើសិទ្ធិ។
គណបក្សដែលចងសម្ពន្ធ ជាមួយគណបក្សកាន់អំណាច មានដូចជាគណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សសញ្ជាតិខ្មែរ គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សខ្មែរក្រោក គណបក្សខ្មែរសាធារណរដ្ឋ និងគណបក្សម៉ូលីណាកាជាដើម។
បើតាមកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងសម្ពន្ធរវាងបណ្តាគណបក្សនយោបាយ នៅកម្ពុជា ដែលមានចុះហត្ថលេខារបស់ប្រធានគណបក្ស ទាំង២៨ គណបក្សទាំងអស់ បានព្រមព្រៀងគ្នា ចំនួន ៨ចំណុច ដោយក្នុងនោះ រួមមានការពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ការប្តេជ្ញាគោរពប្រតិបត្តិ និងការពាររដ្ឋធម្មនុញ្ញ កម្ពុជា និងការពាររបបរាជានិយម និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ យុត្តិធម៌សង្គម និងពង្រឹងក្រុមសាមគ្គីជាតិ ការប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្ស និងការពារសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងមូល។
ក្រៅពីនោះ គណបក្សទាំង២៨ សម្រេចថាសហការគ្នា ដើម្បីទប់ស្កាត់ និងកម្ចាត់នយោបាយជ្រុលនិយម ប្រឆាំងដាច់ខាតចំពោះឧបាកល និងសកម្មភាព ដែលព្យាយាមបំផ្លាញឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន និងប្តេជ្ញាមិនធ្វើការប្រឆាំងរវាងគណបក្សចងសម្ពន្ធដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំងគ្នាក្នុងយុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ពន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណា ដែលប្រឆាំងនឹងសម្ពន្ធភាពរបស់ខ្លួន។
បន្ថែមពីនេះ សម្ដេច ហ៊ុន សែន បញ្ជាក់ថា គណបក្សទាំងអស់នឹងកសាង និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ហើយ«ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឱ្យជួបពិភាក្សា រួមគ្នាដោះស្រាយដោយសន្តិវិធី» និងបើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូលរួមសហប្រតិបត្តិការ ក្នុងសម្ពន្ធភាពនេះ។
ការចងសម្ពន្ ធរបស់គណបក្សទាំង២៨នេះ ធ្វើឡើងក្រោយពេលគណបក្សប្រឆាំង ចំនួន៤ ក្នុងនោះមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានចងសម្ពន្ធភាព ដើម្បីត្រៀមកម្លាំង ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតនានា ជាមួយគណបក្សកាន់អំណាច ទាំងការបោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាឆ្នាំ២០២៤ និងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៨។ គួរបញ្ជាក់ថា ក្រោយការចងសម្ពន្ធភាពរួចរាល់ គណបក្សភ្លើងទៀនបានប្រកាសថា នឹងចូលរួមការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងជ្រើសរើសយកគណបក្សមួយ ដែលបានចងសម្ពន្ធភាពទៅប្រកួតប្រជែង។
*ទាក់ទង បញ្ហាសេដ្ឋកិច្ច វិញ
កម្ពុជា មានបំណុលសាធារណៈ សរុប១០,២៧ពាន់លានដុល្លារ។ ទំហំបំណុលនេះ គឺគិតមកទល់ត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះ កម្ពុជាជំពាក់បំណុលបរទេស មានដល់ ១០,២៣ពាន់លានដុល្លារ ខណៈបំណុលក្នុងប្រទេសមានត្រឹម ៤២,៤៥លានដុល្លារ។ នេះបើយោងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងចំណោមបំណុល ដែលកម្ពុជាជំពាក់បរទេស ទាំង១០,២៣ពាន់លានដុល្លារ នេះ មាន៦៨៦៤.៣៥លានដុល្លារ ស្មើនឹង៦៧ភាគរយ គឺជាបំណុលទ្វេភាគី ខណៈ៣៣ភាគរយទៀត គឺជាបំណុលពហុភាគី។ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា បន្តរៀបរាប់យ៉ាងលម្អិតថា កម្ពុជាជំពាក់ប្រទេសចិនច្រើនជាងគេដែលមានដល់ ៣ ៩៦២.៥០លានដុល្លារនៃបំណុលបរទេសសរុប។ បន្ទាប់មកប្រទេសជប៉ុន គឺមាន ១ ១៨៦.៩៥លានដុល្លារ, កូរ៉េខាងត្បូងមាន៥២០.១២លានដុល្លារ ខណៈកម្ពុជាក៏ជំពាក់បារាំង ៤៩៥.៤១លានដុល្លារ ផងដែរ។ ជាមួយនេះ កម្ពុជាមានបំណុលមរតក ចំនួន៦២០លានដុល្លារ។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា បំណុលមរតក សំដៅដល់បំណុលដែលបន្សល់ទុក ដោយរដ្ឋាភិបាលជំនាន់មុន។ ក្នុងបរិការណ៍កម្ពុជា បំណុលមរតក គឺជាបំណុលដែល បានកើតឡើង មុនឆ្នាំ១៩៩៣។ ភាគច្រើននៃបំណុលទាំងនេះ ត្រូវបានចរចាដោះស្រាយ ជាមួយដៃគូរួចរាល់ ក្នុងនោះមួយចំនួន ត្រូវបានទូទាត់ជាស្ថាពរ និងមួយចំនួនទៀត កំពុងត្រូវបានទូទាត់តាមនីតិវិធីសងក្នុងកិច្ចព្រមព្រៀង។ ដោយឡែកចំពោះបំណុលមរតក ដែលនៅសេសសល់ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងខិតខំ បន្តដោះស្រាយ ជាមួយដៃគូ ឱ្យបានជ្រៈស្រឡះ។
ងាកទៅមើល បំណុលពហុភាគីវិញ កម្ពុជា បានជំពាក់ធនាគារអភិវឌ្ឍអាស៊ី(ADB)ប្រមាណ ២ ១១១.០៣លានដុល្លារ, ធនាគារពិភពលោក(WB) ៩៧៥លានដុល្លារ និងពហុភាគីផ្សេងៗ មានក្នុងរង្វង់ ២៨០លានដុល្លារ ផងដែរ។
ស្ថានភាពបំណុល សាធារណៈ របស់កម្ពុជា នាបច្ចុប្បន្ន ត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជាប្រធាន គណៈកម្មធិការគ្រប់គ្រងបំណុល សាធារណៈ វាយតម្លៃថា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន«ចីរភាព» និង «ហានិភ័យទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ ពីការរាលដាល នៃវិបត្តិកូវីដ-១៩ និងពីកត្តាខាងក្រៅ ផ្សេងទៀតក្តី។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់នៅក្នុងអារម្ភកថា នៃព្រឹត្តិបត្រស្ថិតិបំណុល សាធារណៈកម្ពុជា ថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ រួមមាន៖ ក្របខ័ណ្ឌគតិយុត្ត, គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និងប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង់ប្រតិបត្តិការ និងទុកទិន្នន័យ ដើម្បីជាមូលដ្ឋាន នៃការវិភាគ និងតាមដានហានិភ័យបំណុល ជាដើម។
បើតាមលោករដ្ឋមន្ត្រីសេដ្ឋកិច្ច បច្ចុប្បន្នរដ្ឋាភិបាល កំពុងអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវវិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពីគ្រប់គ្រងបំណុលសាធារណៈ២០១៩-២០២៣ ជាពិសេស គោលការណ៍គន្លឹះទាំង៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ និងទាំងការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងការគ្របគ្រងការវិនិយោគសាធារណៈ ផងដែរ។
គោលការណ៍គន្លឹះទាំង៥ នោះរួមមាន ១៖ ខ្ចីឥណទាន ក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រំទ្របាន, ២៖ ខ្ចីតែឥណទាន ដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់, ៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, ៤៖ ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពស័ក្តិសិទ្ធភាពខ្ពស់បំផុត។
រីឯគន្លឹះសំខាន់ទី៥៖ គឺការប្រើប្រាស់ ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវស្តង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍ នៃការគ្រប់គ្រងការវិនិយោគ សាធារណៈ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍនៅក្នុង ដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់នឹងការប្រែប្រួល អាកាសធាតុ។
របាយការណ៍ថ្មី អំពីបំណុលនៅកម្ពុជា៖ អ្នកខ្ចីប្រាក់ភាគច្រើន ជាប់ជំពាក់បំណុលច្រើន លើសលប់
របាយការណ៍ថ្មីមួយ ដែលសិក្សាដោយ អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា បានរកឃើញថា អ្នកខ្ចីប្រាក់ភាគច្រើនគឺ«ជាប់ជំពាក់បំណុល ច្រើនលើសលប់» ហើយក៏មានករណីលក់ដី ដើម្បីសងបំណុល ផងដែរ។
របាយការណ៍ ដែលចេញផ្សាយ មានចំណងជើងថា ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវ បែបបរិមាណ នៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ។ របាយការណ៍នេះ ស្ទង់មតិទៅលើ ប្រជាពលរដ្ឋ ចំនួន៧១៧ខ្នង ផ្ទះនៅក្នុងខេត្តកំពង់ស្ពឺ កាលពីដើមឆ្នាំ២០២២។
បើតាមរបាយការណ៍នេះ អ្នកខ្ចីប្រាក់ជាង២/៣«យល់ស្របទាំងស្រុង» ឬ«យល់ស្រប»ថា គ្រួសាររបស់ពួកគេជំពាក់បំណុលច្រើនពេក។ អ្នកខ្ចីជាង២៧%កំពុងចំណាយប្រាក់ចំណូលរបស់ពួកគេជាង៧០%លើការបង់សងបំណុល ជារៀងរាល់ខែ។
របាយការណ៍នេះ បានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋខ្មែរជាង១៦៧.០០០នាក់ នៅទូទាំងប្រទេស បានលក់ដី ដោយសារភាពជាប់ជំពាក់បំណុល ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការទាំងពីរ ចេញផ្សាយ នាថ្ងៃអង្គារ ការសិក្សាស្រាវជ្រាវនេះ បង្ហាញថា ការរីករាលដាល នៃភាពជំពាក់បំណុលច្រើនលើសលប់ បាននាំឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាច្រើន រួមមានភាពអត់ឃ្លាន ពលកម្មកុមារ និងការលក់ដីដោយបង្ខំ ជាដើម នៅទូទាំងខេត្តកំពង់ស្ពឺ។
សេចក្តីប្រកាសព័ត៌មាន បន្ថែមថា៖ «អ្នកខ្ចីប្រាក់កំពុងធ្វើការលះបង់ ដោយមិនសមស្រប ជាច្រើន ដើម្បីបង់សងកម្ចីដែលតម្រូវឱ្យដាក់ធានា នូវបណ្ណកម្មសិទ្ធិដីធ្លី ដ៏ច្រើនលើសលប់ ហើយជារឿយៗ វាតែងតែលើសពី ប្រាក់ចំណូលនិងសមត្ថភាព របស់អ្នកខ្ចី ក្នុងការបង់សង»។
អ្នកស្រី ពីឡូក ណាលី នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ការស្រាវជ្រាវនេះផ្ដល់នូវភស្តុតាងបន្ថែមទៀតថា ការរំលោភសិទ្ធិមនុស្សគឺកំពុងកើតឡើងជាញឹកញាប់និងជាលក្ខណៈប្រព័ន្ធនៅក្នុងវិស័យឥណទានខ្នាតតូចនៅកម្ពុជា»។
អ្នកស្រីបន្ថែមថា ប្រជាពលរដ្ ឋអ្នកខ្ចីប្រាក់ មិនមានពេលវេលា សម្រាប់ការពន្យារពេល ទៀតនោះទេ ហើយពួកគេត្រូវការការអនុគ្រោះបំណុលបន្ទាន់ សម្រាប់អ្នកជាប់ជំពាក់បំណុលច្រើនលើសលប់ ជាងគេ ដើម្បីទប់ស្កាត់វិបត្តិសិទ្ធិមនុស្សនេះ កុំឱ្យធ្ងន់ធ្ងរ បន្ថែមទៀត។
បើតាមរបាយការណ៍ ប្រជាពលរដ្ឋតាមខ្នងផ្ទះ ជាង៩២% ត្រូវបានតម្រូវឱ្យ ដាក់បណ្ណកម្មសិទ្ធិដីធ្លី យ៉ាងតិចមួយដើម្បីវាយតម្លៃ ពីកម្ចីឥណទាន ខ្នាតតូចមួយ។ របាយការណ៍បន្ថែមថា ប្រជាពលរដ្ឋ តាមខ្នងផ្ទះ៦,១% នៃចំនួនខ្នងផ្ទះសរុបជាង៧០០ ដែលត្រូវបានសម្ភាស បានលក់ដី ដើម្បីសងបំណុល។
ពលកម្មកុមារ និងកុមារបោះបង់ ការសិក្សាដោយសារបំណុល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ គឺកើតឡើងញឹកញាប់ខ្លាំង។ ប្រមាណជា៣% នៃប្រជាពលរដ្ឋតាមខ្នងផ្ទះ បានឱ្យកូនបោះបង់ ការសិក្សា ដោយសារតែកម្ចី មីក្រូហិរញ្ញវត្ថុ ឬធនាគារ ដោយកុមារជាច្រើន ត្រូវទៅធ្វើការជួយរកប្រាក់ ដើម្បីបង់សងកម្ចី ទាំងនោះវិញ។ នេះបើតាមរបាយការណ៍។ អ្នកផ្ដល់បទសម្ភាសន៍ ជិត១/៥ (១៨,៣%) បរិភោគអាហារតិចជាង មុនក្រោយពេលយកកម្ចី ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
ប្រជាពលរដ្ឋ កំពុងបង្កើនការយកកម្ចីថ្មី ដើម្បីទៅសងកម្ចីចាស់។ បើតាមរបាយការណ៍នេះ អ្នកខ្ចីភាគច្រើន មិនបានយល់ដឹងពីដំណើរការផ្លូវច្បាប់ ក្នុងករណីខកខានការបង់សងកម្ចី ឬមិនជឿថា មានការប្រើប្រាស់ដំណើរការផ្លូវច្បាប់។
អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជាបានជំរុញដល់ វិនិយោគិន អាជ្ញាធរនិងតួអង្គអភិវឌ្ឍន៍ នានា ត្រូវចាត់វិធានការបន្ទាន់ ដើម្បីផ្ដល់ដំណោះស្រាយ សម្រាប់អ្នកខ្ចីប្រាក់និងធានាថា ការអនុវត្តបែបកេងប្រវ័ញ្ច ទាំងនេះនឹងត្រូវបញ្ឈប់ព្រមទាំង ដាក់ចេញនូវវិធានការច្បាប់ ការពារអ្នកប្រើប្រាស់ដើម្បីអាចឱ្យយើងធានាបានថាសិទ្ធិមនុស្សជាមូលដ្ឋានរបស់អ្នកខ្ចីប្រាក់ ត្រូវបានគោរព។ គួរបញ្ជាក់ថា ទំហំកម្ចីឥណទានខ្នាតតូចជាមធ្យមនៅកម្ពុជាមានចំនួនជាង៤ពាន់ដុល្លារ ដែលជាចំនួនច្រើន ជាងគេ នៅក្នុងពិភពលោក។
*អាណត្តិរដ្ឋាភិបាលថ្មី វះកាត់សាច់ស្អុយ
អាជ្ញាធរប្រឆាំងបទល្មើសគ្រឿងញៀន ពាក់ផ្កាយ២ លោក វ៉ាន់ កុសល ត្រូវបាននាយកដ្ឋានប្រឆាំងចារកម្ម ឃាត់ខ្លួនរួមជាមួយបក្ខពួក ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣។ ជាការកត់សម្គាល់ ការចាប់ឃាត់ខ្លួនមន្រ្តី អនុវត្តច្បាប់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន បានធ្វើឡើងជាបន្តបន្ទាប់ក្រោយការបន្ថែមទម្ងន់ក្បាលម៉ាស៊ីន ដឹកនាំអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ទន្ទឹមនឹងនេះ អ្នកតាមដានបានស្នើឲ្យអនុវត្តចំណាត់ការនេះ ឲ្យបានចីរភាព និងឲ្យដល់ឬសគល់។
កាលពីអំឡុង ខែតុលា ឆ្នាំ២០២៣ដែរ មាននាយទាហានចំនួន៣រូបហើយ ដែលត្រូវបានក្រសួងការពារជាតិ សម្រេចលុបឈ្មោះចេញពីក្របខណ្ឌ ក្រោយរកឃើញថា ទាហានទាំង៣រូបនោះមានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ នេះជាចំណាត់ការ ធ្វើឡើងភ្លាមៗ ក្រោមការដឹកនាំ របស់រដ្ឋមន្ត្រីការពារជាតិថ្មី ដែលបានអះអាងកន្លងទៅនេះថា ខ្លួននឹងមិនអត់ឱន ឲ្យមន្ត្រីទាហានណា ដែលមានពាក់ព័ន្ធ នឹងគ្រឿងញៀនជាដាច់ខាត។
កាលពីខែវិច្ឆិកាឆ្នាំ២០២៣ ស្នងការនគរបាលខេត្តព្រៃវែង បានប្រកាសរកឃើញមន្ត្រីនគរបាលប្រើប្រាស់គ្រឿងញៀនសរុបចំនួន ១១នាក់ នៅក្នុងយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុញៀនទូទាំងខេត្តក្នុងរយៈពេលជិត១ខែមកនេះ។ បើតាមសេចក្តីប្រកាស ស្នងការនគលបាលខេត្តបានបញ្ជូនមន្ត្រីនគលបាលទាំងនោះទៅកាន់មណ្ឌលបន្សាបគ្រឿងញៀនក្នុងខេត្តកណ្តាល ខណៈការអនុវត្តវិន័យយ៉ាងណានោះ គេនៅមិនទាន់ដឹងនៅឡើយ។
គួរបញ្ជាក់វិធានការទាំងនេះកើតមានបន្ទាប់ពីការដាក់ចេញបញ្ជាជាបន្តបន្ទាប់។ នៅក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីក្នុងខេត្តកំពង់ស្ពឺកាលពីខែតុលាឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលសម្រេចកែសម្រួលក្បាលម៉ាស៊ីនដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបញ្ហានេះត្រូវដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចំនួន៤រូប។
សម្ដេចថា បញ្ហាគ្រឿងញៀន ដែលការសម្រេចដំបូងដឹកនាំដោយទេសរដ្ឋមន្ត្រីមួយរូបគឺមិនគ្រប់គីឡូទេ ក្នុងការកាត់បន្ថយ និងលុបបំបាត់ឲ្យអស់គ្រឿងញៀនពីកម្ពុជា។ តាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល០៨ខែ ឆ្នាំ២០២៣ សមត្ថកិច្ចធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង ៥ ១០០ ករណី ឃាត់ខ្លួនជនល្មើសចំនួនជាង ១២ ០០០នាក់ ចាប់យកសារធាតុញៀនបានចំនួនជាង២ពាន់គីឡូក្រាម សារធាតុគីមីផ្សំជិត១ពាន់គីឡូក្រាម រួមនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានព្រមានបណ្ដេញចេញពីក្របខណ្ឌ ចំពោះកងកម្លាំងប្រដាប់អាវុធណា ដែលរកឃើញថាពាក់ព័ន្ធនឹងការប្រើប្រាស់និងការជួញដូរគ្រឿងញៀន ព្រមទាំងបានដាក់គោលដៅកាត់បន្ថយបទល្មើសនេះឲ្យបានចន្លោះពី២០%ទៅ៣០%នៅក្នុងអាណ្ណត្តិនេះ។
បន្ថែមលើនេះកាលពីអំឡុងខែធ្នូឆ្នាំ២០២៣ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា បើមន្ត្រីនគរបាល ឬកងកម្លាំងប្រដាប់អាវុធណាតេស្តរកឃើញសារធាតុញៀន នឹងត្រូវដកចេញពីក្របខណ្ឌតែម្តង។ លោកបន្តថា នេះជារបៀបដែលលោកបោសសម្អាតផ្ទះឱ្យស្អាត។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃក៏អះអាងថា ក្រសួងមហាផ្ទៃកំពុងអនុវត្តវិធានការនេះជាដំណាក់ៗកាលដោយរំពឹងនូវលទ្ធផលខ្ពស់។ តែអ្នកវិភាគ និងក្រុមអង្គការសង្គមស៊ីវិលព្រួយបារម្ភពីការអនុវត្តមិនបានគ្រប់ជ្រុងជ្រោយ។ មិនគ្រប់ជ្រុងជ្រោយត្រង់ថា ការស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាល ឬកងកម្លាំងប្រដាប់អាវុធធ្វើឡើងតែមួយឆាវ និងខ្វះតម្លាភាព។
កាលពីឆ្នាំ២០២២ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរឹបអូសបានគ្រឿងញៀនជាង ១៦តោន និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀនជាង ១ម៉ឺន ៤ពាន់នាក់ (១៤.៧៨៤)។ អាជ្ញាធរនេះទទួលស្គាល់ថា ការចុះបង្ក្រាបពីសំណាក់មន្ត្រីជំនាញនាពេលកន្លងមក នៅមានចន្លោះប្រហោង ដែលបណ្តាលឱ្យឧកិ្រដ្ឋជនអាចនាំចូលសារធាតុគីមីផ្សំ ឬគ្រឿងញៀនចូលមកកម្ពុជា។ ក៏ប៉ុន្តែនៅទន្ទឹម នឹងភាពខ្វះចន្លោះនេះ អាជ្ញាធរជំនាញអះអាងថា នឹងពង្រឹងការអនុវត្តច្បាប់បន្ថែម ខណៈការបង្ក្រាប និងរឹបអូសគ្រឿងញៀន នាពេលកន្លងមក គឺមានចំនួនកើនឡើង។
លោក គឹម ជាតិ បានរបូតតំណែង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តាមរយៈ ព្រះរាជក្រឹត្យ ចុះថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣។ ការបញ្ចប់មុខតំណែង របស់លោក គឹម ជាតិ ធ្វើឡើងទន្ទឹម នឹងសំណុំរឿង របស់លោក ស្ថិតនៅក្នុងដៃអគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ ១០ម៉ឺនដុល្លារ អំឡុងពេលចុះត្រួតពិនិត្យ ឃ្លាំងស្រាមួយកន្លែង កាលពីខែវិច្ឆិកា ជាថ្នូរមិនបិទផ្អាក អាជីវកម្ម។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បើទោះបីជាលោក គឹម ជាតិ ត្រូវបានបញ្ចប់មុខតំណែងជាអនុរដ្ឋលេខាធិការ ក៏ដោយ ដំណើរការស៊ើបអង្កេត សំណុំរឿង ព្រហ្មទណ្ឌរបស់លោក គឹម ជាតិ នៅតែដំណើរការ។ បើតាមលោក ទូច សុខៈ សំណុំរឿងលោក គឹម ជាតិ ត្រូវការពេលវេលាក្នុងការស៊ើបអង្កេតឲ្យបានដិតដល់ជាមួយនឹង ការប្រមូលព័ត៌មាន ឲ្យបានគ្រប់ជ្រុងជ្រោយ ឲ្យស្របតាមនីតិវិធីច្បាប់ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅតុលាការ។
ប៉ុន្តែយ៉ាងណាមិញ អ្នកនាំពាក្យរងរូបនេះ សន្និដ្ឋានថា ការបញ្ចប់មុខតំណែងលោក គឹម ជាតិ អាចដោយសារគេរកឃើញបុគ្គលរូបនេះ បានប្រព្រឹត្តកំហុស ផ្នែករដ្ឋបាលដូចជាៈ ការរំលោភអំណាច បំពេញការងារមិនតាមឋានានុក្រមដែលមិនស្របទៅតាម គោលការណ៍ របស់ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រឆាំង ផលិតផលក្លែងក្លាយ។ ម្ល៉ោះហើយទើបមានសំណើស្នើសុំ បញ្ចប់មុខតំណែង លោក គឹម ជាតិ ទៅកាន់ព្រះមហាក្សក្សត្រ។
គួរជម្រាបជូនថា លោក គឹម ជាតិ អនុប្រធានគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ត្រូវមេធាវីតំណាងម្ចាស់អាជីវកម្មប្ដឹងក្នុងសំណុំរឿងទារប្រាក់១០ម៉ឺនដុល្លារជាថ្នូរមិនបិទផ្អាកអាជីវកម្ម ក្នុងពេលចុះត្រួតពិនិត្យក្រុមហ៊ុនស្រា។ ក្នុងពាក្យបណ្ដឹងមេធាវីក៏បានចោទក្រុមលោកគឹម ជាតិ ពីការដកហូតស្រាចំនួន៤៨ដបយកទៅត្រួតពិនិត្យផងដែរ។
ជុំវិញការបញ្ចប់មុខតំណែងរបស់លោក គឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបណ្ដាលមកពី កំហុសអំឡុងពេលបំពេញ ការងារទទួលបាន ការស្វាគមន៍ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ជាមួយនឹងសំណូមពរយ៉ាងទទូចបើកការស៊ើបអង្កេតសំណូកសូកប៉ាន់ ករណីផ្សេងទៀត ដែលវាក្លាយជាទម្លាប់ របស់មន្ត្រីអនុវត្តច្បាប់ មួយចំនួន។ ជាក់ស្ដែងករណីនាំចូលសាច់បង្កក ដល់កណ្ដាលក្រុង នាពេលថ្មីៗនេះជាដើម។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មនុស្សប្រមាណ២០នាក់ បានជួបជុំផឹកស៊ី ក្នុងពិធីខួបកំណើតមួយ នៅត្រង់ចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលទីតាំងនោះស្ថិតនៅលើខ្នងភ្នំគិរីរម្យ ដោយនៅពេលផឹកស៊ីនោះ ពួកគេបានដុតផាវ បាញ់កាំជ្រួច និងផ្ទុះអាវុធចំនួន២០៣គ្រាប់ ដោយប្រើប្រាស់កំាភ្លើងខ្លី កំាំភ្លើងប្រភេទM16និងកាំភ្លើងប្រភេទAK47។ ក្រោយការបាញ់បោះ ដើម្បីកំដរការសប្បាយ ក្នុងពិធីខួបកំណើតនោះមក ជនដែលបង្កការបាញ់បោះ បានរត់គេចខ្លួន។ នេះបើតាម សេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងហេតុការណ៍ បាញ់បោះសេរីលើខ្នងភ្នំគិរីរម្យ នោះ បុរស៤នាក់ ក្នុងចំណោមប្រមាណ២០នាក់ បានចូលសារភាព រួចត្រូវបានតុលាការ ខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ«ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត» តាមមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ អ្នកទាំង៤នោះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីច្បាប់។ ចំណែក ជនបង្កដែលកំពុងរត់គេចខ្លួន គឺអាជ្ញាធរ និងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នឹងស្វែងរក ដើម្បីយកមកផ្តន្ទាទោស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។
ក្រោយហេតុការណ៍បាញ់បោះ នៅលើខ្នងភ្នំគិរីរម្យ ដែលជាតំបន់ទេសចរណ៍ សំខាន់មួយរបស់ប្រទេសនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ក៏បានបញ្ចេញប្រតិកម្ម និងបានឱ្យដឹងពីវិធានការទៅលើជន៤រូបដែលចូលមកសារភាព។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា មនុស្ស៤នាក់ ដែលបាញ់បោះសេរីលើភ្នំគិរីរម្យនោះ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ។
ព្រឹត្តការណ៍សំខាន់ ប្រចាំឆ្នាំមួយទៀត ពាក់ព័ន្ធនឹងព្រឹត្តការណ៍ ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម
ក្នុងឆ្នាំ២០២៣នេះ ដែលកម្ពុជាបានចាយលុយ ប្រមាណ ១១៨ លានដុល្លារអាមេរិក ដើម្បីរៀបចំកីឡាស៊ីហ្គេមនេះ។ គួរបញ្ជាក់ថា កីឡាស៊ីហ្គេមដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង ចាប់ផ្តើមបើកជាផ្លូវការក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។ ពិធីបើកនិងបិទជាផ្លូវការ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិ«មរតកតេជោ» ដែលត្រូវបានសាងសង់ ក្រោមជំនួយឥតសំណងរបស់ចិន។
ស៊ីហ្គេម ២០២៣ កម្ពុជាឈរលេខ៤សម្រាប់មេដាយមាស និងឈរលេខ៣ សម្រាប់មេដាយច្រើនជាងគេ ។ តាមរយៈការប្រកួតប្រជែង ជាង៣០ប្រភេទកីឡា អស់រយៈពេលកន្លះខែ កន្លងទៅ កម្ពុជាបានឈ្នះមេដាយសរុបជាង២០០មេដាយ ហើយឈរនៅលំដាប់ ថ្នាក់លេខ៤ បន្ទាប់ពីវៀតណាម ថៃ និងឥណ្ឌូនេស៊ី។ ព្រឹត្តិការណ៍នេះ ត្រូវគេវាយតម្លៃថាកម្ពុជា មានសមត្ថភាពពេញលេញ ទាំងការរៀបចំ និងការចូលរួមប្រកួត ដែលទទួលបានលទ្ធផលដ៏ល្អមិនធ្លាប់មានចាប់តាំង ពីជាង៦០ឆ្នាំកន្លងទៅ។
ទីបំផុតកម្ពុជា ឈរនៅលំដាប់ថ្នាក់ទី៤ បន្ទាប់ពីវៀតណាម ថៃ និងឥណ្ឌូនេស៊ី នៅក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កម្ពុជាបានឈ្នះមេដាយ សរុបចំនួន២៨២ ក្នុងនោះមេដាយមាស៨១ ប្រាក់៧៤ និងសំរឹទ្ធ១២៦។ តែបើគិតពីចំនួនមេដាយច្រើនកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣នៃប្រជាជាតិអាស៊ាន១១ប្រទេស។
រីឯប្រទេស ដែលឈរនៅចំណាត់ថ្នាក់លេខ១ កំពូលតារាងគឺវៀតណាម ដោយវៀតណាម បានឈ្នះមេដាយសរុបចំនួន៣៥៥ ក្នុងនោះមាស១៣៦ ប្រាក់១០៥ និងសំរឹទ្ធ១១៤។ ចំណាត់ថ្នាក់លេខ២ គឺថៃ ទទួលបានមេដាយសរុបចំនួន៣១៣ ក្នុងនោះមាស១០៨ ប្រាក់៩៦ និងសំរឹទ្ធ១០៩។ រីឯចំណាត់ថ្នាក់លេខ៣លើកម្ពុជាគឺឥណ្ឌូនេស៊ី ដោយឥណ្ឌូនេស៊ីទទួលបានមេដាយសរុប២៧៦ ក្នុងនោះមាស៨៧ ប្រាក់៨០ និងសំរឹទ្ធ១០៩។
ដោយឡែកប្រទេសអាស៊ាន ផ្សេងទៀត ដែលគេចាត់ទុកថា មានសក្តានុពលខាងកីឡាដែរនោះ ដូចជាហ្វីលីពីន សិង្ហបុរី និងម៉ាឡេស៊ី ត្រូវគេមើលឃើញថា ជាលើកដំបូង ហើយ នៃប្រវត្តិសាស្ត្រ ការប្រកួតកីឡាស៊ីហ្គេម ដែលប្រទេសទាំងអស់នេះនៅក្រោមកម្ពុជា ដោយហ្វីលីពីន ឈ្នះមេដាយ សរុបចំនួន២៦២ សិង្ហបុរីមានមេដាយសរុប ១៥៧ និងម៉ាឡេស៊ី បានមេដាយសរុប១៧៥។
សម្រាប់ ប្រទេសអាស៊ាន៤ ផ្សេងទៀត រួមមានភូមា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត សុទ្ធសឹងជាប្រទេសដែលស្ថិតនៅបាតតារាង ដោយមានគម្លាតមេដាយ យ៉ាងច្រើនពីកម្ពុជា។ ជារួមលទ្ធផលដែលកម្ពុជាទទួលបាននៅស៊ីហ្គេមឆ្នាំ២០២៣នេះ គឺជាលទ្ធផលដ៏ល្អ ហួសពីការរំពឹងទុក ដែលកម្ពុជារំពឹងថា នឹងឈ្នះមេដាយមាសពី៥០ ទៅ៦០មេដាយប៉ុណ្ណោះ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC)។ ជាការពិត សមត្ថភាពកីឡារបស់កម្ពុជា ត្រូវបានវាយតម្លៃ ថាមានការកើនឡើង មិនត្រឹមតែប្រភេទកីឡាប្រពៃណី និងកីឡាតំបន់ប៉ុណ្ណោះទេ តែកម្ពុជាមានការរីកចម្រើន ប្រភេទកីឡាអូឡាំពិក និងសកលផងដែរ។
សូមបញ្ជាក់ដែរថា ប្រទេសកម្ពុជាបានរៀបចំ ការប្រកួតកីឡាស៊ីហ្គេម ជាលើកដំបូង ចាប់តាំងពីជាង៦០ឆ្នាំ ដោយស៊ីហ្គេមលើកទី៣២នេះ កម្ពុជាបានចំណាយ ថវិកាជាង ១០០លានដុល្លារ មិនយកថ្លៃពីការស្នាក់នៅ និងអាហារសម្រាប់ប្រតិភូកីឡាបរទេស ជាង១ម៉ឺននាក់ មិនលក់សំបុត្រ និងមិនគិតកម្រៃ ពីសិទ្ធិផ្សាយបន្តផ្ទាល់ជាដើម។
ជាទូទៅការរៀបចំ របស់កម្ពុជា ក្រៅពីជោគជ័យដ៏ធំធេង ក៏មានចំណុចអវិជ្ជមាន មួយចំនួនដែរ តែអ្នកវិភាគកីឡានានា និងមន្ត្រីកីឡាផ្លូវការ វាយតម្លៃថាចំណុចអវិជ្ជមាន តិចតួចមិនអាចលុប លើកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់កម្ពុជា ឆ្នាំ២០២៣នេះបានទេ។ ជាមួយគ្នានេះ កម្ពុជា តាមរយៈអ្នកគ្រប់គ្រងកីឡា បានប្តេជ្ញាថានឹងបន្តយន្តការ និងការប្រឹងប្រែងនេះសម្រាប់ ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ជាបន្តទៀត។
*អាជ្ញាធរ បរាជ័យទប់ស្កាត់ ការហូរចូលសាច់បង្កក?
កាលពីដើមខែធ្នូកន្លងទៅ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានរកឃើញសាច់បង្កកខុសច្បាប់ជិត៤០០តោនដែលនាំចូលពីក្រៅប្រទេសស្តុកក្នុងឃ្លាំទំនិញមួយកន្លែងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាច់បង្កកទាំងនោះរួមមានសាច់មាន់ គ្រឿងក្នុងមាន់ សាច់ជ្រូក និងសាច់ក្របីជាដើម។ ប៉ុន្តែសាច់ទាំងនេះមិនត្រូវបានបញ្ជាក់ពីប្រភពនាំចូលនោះទេ៕
ដោយមើលឃើញការនាំចូលសាច់បង្កកពីក្រៅប្រទេសមានបរិមាណច្រើន ហើយខ្លះខូចគុណភាព និងខុសច្បាប់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រេចកំណត់វិធានការមួយចំនួនដើម្បីពង្រឹងលើការនាំចូលសាច់បង្កកពីក្រៅប្រទេស។
វិធានការទាំងនោះ គយតម្រូវឱ្យក្រុមហ៊ុន នាំចូលត្រូវមានលិខិតអនុញ្ញាត ពីក្រសួងកសិកម្ មចំពោះមុខទំនិញសាច់សត្វគ្រប់ប្រភេទ។ ហើយក្រុមហ៊ុនទាំងនោះ ក៏ត្រូវមានកម្មវត្ថុអាជីវកម្មច្បាស់លាស់ មានឃ្លាំងត្រជាក់សម្រាប់រក្សាសាច់បង្កកហើយត្រូវមានកិច្ចសន្យាជួលឃ្លាំងត្រជាក់ជាដើម។ បន្ថែមពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានកំណត់មាត់ច្រកសម្រាប់ការនាំចូលមុខទំនិញសាច់បង្កកផងដែរ។
លោក គុណ ញឹមគូសបញ្ជាក់ទៀតថា កន្លងមកការនាំចូលសាច់បង្កមិនសូវមានភាពតឹងរឹង ដោយតម្រូវត្រឹមតែលិខិតបញ្ជាក់សុខភាពសាច់សត្វពីប្រទេសដែលនាំចូល។ ចំណែកក្រុមហ៊ុននាំចូលវិញគ្រាន់តែបង់ពន្ធអាករ និងមានឯកសារគ្រប់គ្រាន់គឺអាចនាំចូលបាន ដែលកត្តាទាំងនេះធ្វើឱ្យការនាំចូលសាច់បង្កកមកទីផ្សារក្នុងស្រុកមានចំនួនច្រើន ហើយបង្កឱ្យខូចគុណភាព។
នៅចំពោះមុខបញ្ហានេះ លោក គុណ ញឹមសង្កត់ធ្ងន់ថា គយនឹងបន្តបង្ក្រាបរាល់ការនាំចូលសាច់បង្កកដែលខូចគុណភាព និងខុសច្បាប់។ ទន្ទឹមនឹងនេះ គយក៏នឹងជំរុញនីតិវិធីបំពេញបែបគយឱ្យបានលឿនដើម្បីជៀសវាងការខាតបង់លើផ្នែកចំណាយជារួមដូចជាថ្លៃភ្លើង ថ្លៃផែ និងការចំណាយផ្សេងៗទៀតៗ។
ទោះបីមានការបេ្តជ្ញាបង្ក្រាបរាល់ការនាំចូលសាច់បង្កកខូចគុណភាព និងខុសច្បាប់ពីមេគយក្តី។ ប៉ុន្តែការបិទមិនឱ្យនាំចូលសាច់បង្កកពីបរទេសទាំងស្រុងលោក គុណ ញឹមថាមិនអាចទៅរួចឡើយ។ មិនអាចទៅរួចដោយសារនេះជាទីផ្សារសេរី ហើយការនាំចូលពីក្រៅប្រទេស គឺដើម្បីរក្សាតុល្យភាពនៃការផ្គត់ផ្គង់សាច់នៅលើទីផ្សារ និងការពារអតិផរណាថ្លៃសាច់ជាដើម។
យើងសុំបិទបញ្ចប់ព្រឹត្តការណ៍សំខាន់ប្រចាំឆ្នាំមួយនឹងកំណើនគ្រោះថ្នាក់ចរាចរណ៍
គួរកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៣នេះជាពិសេសពេលវេលាជិតដាច់ឆ្នាំនេះតែម្ដងគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្សែខ្នងនិងបក្ខពួកកើតឡើងសន្ធឹក។ ជនសង្ស័យដែលជាអ្នកបើករថយន្តJeep ត្រូវបានតំណាងអយ្យការចេញដីកាសន្និដ្ឋានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយស្ដីពីការបើកបរធ្វេសប្រហែសបណ្ដាលឲ្យស្លាប់មនុស្សស្លាប់។ ជាការចោទប្រកាន់ដោយតំណាងអយ្យការដែលសំអាងលើមាត្រាទី៨៥នៃច្បាប់ចរាចរណ៍ផ្លូវគោក។ នេះបើតាមការបញ្ជាក់ប្រាប់សារព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉េង ម៉េងគ័ង នៅថ្ងៃទី២៤ខែធ្នូនេះ។
គួរបញ្ជាក់ថា នេះជាករណីបុកមនុស្សស្លាប់ហើយគេចវេសមិនទទួលខុសត្រូវមួយ ដែលត្រូវបានមហាជនតាមដានយ៉ាងយកចិត្តទុកដាក់ជាមួយនឹងក្ដីអំពាវនាវឲ្យមានការផ្ដន្ទោទោសយ៉ាងតឹងរឹងទៅលើជនសង្ស័យរូបនេះ។ ប្រតិកម្មរបស់មហាជនយ៉ាងដូច្នេះបានក៏ញ៉ាំងឡើង ក្រោយភរិយារបស់សពជនរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះJuppy អះអាងថាពីទទួលបានការគំរាមឲ្យដកពាក្យបណ្ដឹងជាថ្នូរនឹងទឹកប្រាក់១០០០ដុល្លារជាដើម។
ក្រៅពីនេះ ភរិយារបស់សពរងគ្រោះ ក៏បានបង្ហាញពីទុក្ខសោក ក្ដីឈឺចាប់របស់ខ្លួនយ៉ាងហូរហែ អំឡុងពេលដែលជនបង្កមិនទាន់ចូលខ្លួនមកសារភាពកំហុសផងដែរ។ គួររម្លឹកថា ជនរងគ្រោះដែលបានបាត់បង់ជីវិត ក្រោមចង្កូតឡានរបស់ជនបង្ក ព្រហ្ម វិចិត្រសុសក្ដា មានឈ្មោះថា សៀង គីមហុង ដែលជាកីឡាករជម្រើសជាតិវាយសីមួយរូប។
យោងតាមមាត្រាទី៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឱ្យអ្នកដ៍ទៃស្លាប់និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ដល់ ១៥លានរៀល ព្រមទាំងអាចផ្តន្ទាទោសបន្ថែមថ្មីមួយឬច្រើនទៀត។
រថយន្តមួយគ្រឿងសង្ស័យម៉ាក Hammer បានបើកបុកជនរងគ្រោះ៣នាក់ឪពុកម្តាយ និងកូនប្រុសអាយុ២ឆ្នាំ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់នៅខណ្ឌដូនពេញ រួចបើករត់គេច។ ជាមួយគ្នានេះ ឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាឲ្យតាមចាប់រថយន្តបង្កឲ្យបាន។
គួរបញ្ជាក់ជូនថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាលម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង។
ក្នុងហេតុការណ៍នេះ បណ្ដាលប្រពន្ធឈ្មោះ គ្រួច សាមិត្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនអាយុ២ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែក រថយន្ដបង្កបានបើកគេចខ្លួនបាត់ស្រមោល។
សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីសប្ដាហ៍កន្លងទៅនេះ ទើបតែបានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវចាប់វាយខ្នោះភ្លាមៗចំពោះអ្នកបើកបរទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរហូតបាត់បង់ជីវិត ដោយមិនចាំបាច់សុំគោលការណ៍ពីថ្នាក់ដឹកនាំនោះទេ។ សម្ដេចអះអាងថា មន្ដ្រីនគរបាលដែលអនុវត្តត្រឹមត្រូវតាមច្បាប់បែបនេះ សម្ដេចនឹងតម្លើងឋានន្ដរស័ក្ដិជូនទៀតផង។
ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយរត់គេចមិនចូល មកសារភាព បើជាសមត្ថកិច្ចត្រូវ បណ្ដេញចេញ
លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថា ប្រសិនបើអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចវេសមិនចូលមកសារភាពកំហុស បើជននោះជាសមត្ថកិច្ច គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធទិវាអន្ដរជាតិ រំលឹកដល់ជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានចាត់ទុកថា ការអនុវត្តបែបនេះចំពោះមន្ដ្រីមានសមត្ថកិច្ច គឺដើម្បីធ្វើជាគំរូ ដល់ប្រជាពលរដ្ឋទូទៅ សំដៅឲ្យហ៊ានទទួលខុសត្រូវ ចំពោះសកម្មភាព ដែលខ្លួនបានបង្ក។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានកត់សម្គាល់ថា ករណីអ្នកប្រើប្រាស់គ្រឿងស្រវឹង ហើយបើកបរនៅពេលយប់ថ្វីបើនៅមានកម្រិតក៏ពិតមែន ប៉ុន្ដែនៅពេលមានគ្រោះថ្នាក់ម្ដងៗ តែងតែបង្កឲ្យមានមនុស្សស្លាប់ ដូច្នេះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវសិក្សាស្វែងយល់ទាំងអស់គ្នា អំពីបញ្ហាដែលបានកើត មានឡើង។
គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ ហាក់មានការកើនឡើងគួរឲ្យព្រួយបារម្ភ ពិសេសនៅពេលរាត្រី ដែលភាគច្រើននៃការគ្រោះថ្នាក់ គឺមានស្ថានភាពធ្ងន់ធ្ងរ ខណៈជនបង្កតែងតែព្យាយាម គេចវេស មិនទទួលខុសត្រូវ ចំពោះមុខច្បាប់៕