ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា នៅថ្ងៃ២៨ ធ្នូនេះ បានផ្ញើសារក្រើនរំលឹកដល់អាណាព្យាបាល ឲ្យយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវសាធារណៈ ។
លោកបន្តថា ដោយធ្វើយ៉ាងណាកុំឲ្យកូនតូចៗរបស់ខ្លួនបើកបរនៅលើដងផ្លូវ ព្រោះនេះជាហានិភ័យអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយនៃការធ្វេសប្រហែសរបស់អាណាព្យាបាល ។
ការលើកឡើងរបស់លោក សំ វិច្ឆិកាបែបនេះ ក្រោយពីបានឃើញសកម្មភាពរបស់ក្មេងៗដែលមិនទាន់មានអាយុ១០ឆ្នាំ បានជិះកងនៅលើផ្លូវទៅសាលារៀន ។
បើយោងតាមអនុក្រឹត្យលេខ៣៩អនក្រ.បក និងមាត្រា៨ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ ៕